ជាតិ
ភ្ជុំបិណ្ឌ៖អាជ្ញាធរក្រុងសៀមរាប ត្រៀមកម្លាំងរួចរាល់ការពារសន្តិសុខតាមវត្តអារាម និងទីសក្ការ 07, Oct 2018 , 10:19 pm
× សៀមរាប៖ អាជ្ញាធរក្រុងសៀមរាប បានរៀបចំផែនការការពារសន្ដិសុខសណ្ដាប់ធ្នាប់រួចហើយ នៅតាមគោលដៅសំខាន់ៗដែលមានសកម្មភាពមមាញឹក ក្នុងអំឡុងនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ។ គោលដៅសំខាន់ៗសម្រាប់ការការពារ មានទីវត្តអារាម និងតំបន់ទីសក្ការបូជានានា ដូចជាព្រះអង្គចេក ព្រះអង្គចម ដែលប្រជាជនជាច្រើនមានជំនឿ និងគោរពបូជា។
អភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង បានឱ្យដឹងថា ក្រុមការងាររបស់លោកបានរៀបចំផែនការ ការពារសណ្ដាប់ធ្នាប់ក្នុងក្រុងរួចហើយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ លោកបន្តថា គោលដៅសម្រាប់ការការពារភាគច្រើនគឺផ្តោតនៅតាមវត្តអារាម ទីសក្ការបូជា មានព្រះអង្គចេកព្រះអង្គចម និងរមណីយដ្ឋានជុំវិញក្រុង។
លោកអភិបាលបញ្ជាក់បន្ថែមថា ទោះក្នុងឱកាសបុណ្យភ្ជុំនេះមិនសូវមមាញឹក ដោយសារពលរដ្ឋខ្មែរភាគច្រើន ធ្វើដំណើរទៅតាមខេត្ត និងស្រុកកំណើតយ៉ាងណាក្ដី តែកម្លាំងរបស់លោកនៅតែដាក់ពង្រាយ និងយាមកាម ការពារសុវត្ថិភាពដល់ពលរដ្ឋ ពិសេសភ្ញៀវទេសចរ ដែលធ្វើដំណើរមកកម្សាន្តខេត្តសៀមរាម ក្នុងអំឡុងរដូវភ្ជុំបិណ្ឌនេះ៕
Tag:
ភ្ជុំបិណ្ឌ
សូរ ប្លាតុង
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com