ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ភ្ជុំបិណ្ឌ៖ការលក់នំអន្សមឆ្នាំនេះធ្លាក់ចុះ 10, Oct 2018 , 8:59 am
× ភ្នំពេញ៖ នំអន្សមជ្រូក និងអន្សមចេក ដែលធ្លាប់តែពេញនិយមខ្លាំងពីអតិថិជនទិញទៅវត្តអារាម ឬទុកពិសាក្នុងរដូវភ្ជុំបិណ្ឌ បែរជាមិនសូវមានអ្នកទិញទៅវិញ នៅរដូវភ្នំឆ្នាំនេះ។ អ្នកលក់នំអន្សមនៅតាមផ្សារនានាក្នុងក្រុងភ្នំពេញ លើកឡើងដូច្នេះ។ ពួកគាត់ថាឆ្នាំនេះ ការលក់នំអន្សមមិនសូវដាច់ខ្លាំងដូចឆ្នាំកន្លងទៅទេ ហើយអតិថិជនក៏មិនទិញអន្សមក្នុងចំនួនច្រើននោះដែរ បើធៀបទៅនឹងឆ្នាំមុនៗ។
អ្នកនាង អុក សុផៃ ជាអ្នកលក់នំអន្សមចេក និងអន្សមជ្រូកក្នុងរដូវភ្ជុំបិណ្ឌ នៅផ្សារដើមគរ អស់រយៈពេល៥ឆ្នាំមកហើយ។ ជារៀងរាល់ឆ្នាំ អ្នកនាង អុក សុផៃ តែងតែយកនំអន្សមមកលក់ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ១ ដល់បិណ្ឌ១៣ ដោយលក់អស់ៗមិនដែលសល់ឡើយ។ អ្នកនាងអុក សុផៃ បាននិយាយប្រាប់សារព័ត៌មានថ្មីៗថា នំអន្សមឆ្នាំនេះ គាត់យកតែនំ១០០គូលក់សាងល្បង តែលក់មិនសូវជាដាច់ដូចឆ្នាំកន្លងទៅទេ ព្រោះស្ងាត់អ្នកទិញ ដោយមិនមានអតិថិជនចូលទិញនំអន្សមច្រើនដូចមុន។
មិនមែននំអន្សមលក់មិនដាច់សោះនោះទេ មានអ្នកទិញ តែទិញចំនួនតិចជាងពាក់កណ្តាលបើធៀបទៅនឹងឆ្នាំមុនៗ។ នេះជាបញ្ជាក់របស់អ្នកនាង អុក សុផៃ ដែលមកពីខេត្តកណ្តាលរូបនេះរំឮកទៀតថា៖«នំអន្សមក្នុងរដូវភ្ជុំបិណ្ឌឆ្នាំនេះ គឺចប់តែម្តង។ លក់អត់ដាច់! បើធៀបទៅនឹងឆ្នាំមុន ខ្ញុំលក់អន្សមអស់២០០នំ ក្នុងមួយថ្ងៃ។ ចំនួននំទាំងនោះឲ្យតែម៉ោង៦ ឬម៉ោង៧ព្រឹក គឺលក់អស់ហើយ»។
មិនខុសគ្នាប៉ុន្មានទេ អ្នកស្រី ផាន់ណា ដែលជាអ្នកវេចនំអន្សមចេក អន្សមជ្រូក និងអន្សមផ្អែមលក់នៅក្នុងផ្សារបឹងត្របែក ក៏អះអាងដូច្នេះដែរ។ អ្នកស្រី ផាន់ណា បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា រដូវភ្ជុំបិណ្ឌ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ការលក់នំអន្សមរបស់គាត់ មិនសូវជាដាច់ខ្លាំង ដូចកាលពីឆ្នាំ២០១៦នោះទេ។
ជាអ្នកវេច និងលក់នំអន្សមជាង២០ឆ្នាំមកហើយនោះ អ្នកស្រី ផាន់ណា បានលើកឡើងយ៉ាងនេះថា៖«ឆ្នាំកន្លងៗទៅ អ្នកគេមកទិញច្រើនណាស់។ ខ្លះគេទិញយកទៅវត្ត ឯអ្នកខ្លះទិញយកទៅពិសា តែរដូវកាន់បិណ្ឌឆ្នាំនេះ មិនមានសន្ទះខ្លាំងដូចឆ្នាំរាល់ដង។ លក់ដាច់មួយៗ»។
ចំណែកឯ អ្នកស្រី ស្រីពៅ ដែលជាអ្នកទទួលទិញនំអន្សមពីកន្លែងដទៃ យកមកលក់នៅមុខផ្សារអូឡាំពិក ក៏ជួបបញ្ហាលក់នំអន្សមមិនសូវដាច់ ក្នុងរដូវភ្ជុំបិណ្ឌឆ្នាំនេះដែរ។ អ្នកស្រី ស្រី ពៅ បញ្ជាក់ថា៖«ការលក់នំអន្សមក្នុងរដូវភ្ជុំបិណ្ឌឆ្នាំនេះ ខុសគ្នាឆ្ងាយណាស់ពីឆ្នាំទៅ។ ឆ្នាំនេះ ខ្ញុំអាចលក់នំបានត្រឹម៦ ទៅ៧គូប៉ុណ្ណោះក្នុងមួយថ្ងៃ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ខ្ញុំលក់នំបាន២០គូ»៕
Tag:
នំអន្សម
ភ្ជុំបិណ្ឌ
កាន់បិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com