ជាតិ
បុណ្យភ្ជុំបិណ្ឌ
ផ្កាឈូក និងផ្កាកុលាប មានតម្លៃក្នុងពិធីបុណ្យផ្សេងគ្នា 10, Oct 2018 , 2:29 pm
× ភ្នំពេញ៖ គ្រប់ផ្កាទាំងអស់ សុទ្ធតែមានសារសំខាន់ និងគុណតម្លៃរបស់វា គ្រាន់តែថា វាមានតម្លៃតិច ឬច្រើន ទៅតាមកម្មវិធីណាមួយតែប៉ុណ្ណោះ។ ភាគច្រើន គេយកផ្កាឈូកសម្រាប់ជាគ្រឿងសក្ការៈបូជាក្នុងសាសនាព្រះពុទ្ធ និងពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ចំណែកផ្កាកុលាប គេច្រើនយកជាអំណោយជូននរណាម្នាក់ ឬក្នុងពិធីជប់លៀងជាដើម។
ផ្កាមានច្រើនប្រភេទ តែយើងសូមលើកយកតែផ្កាមួយចំនួន ដែលគេឧស្សាហ៍ប្រើជាងគេមកបង្ហាញតែប៉ុណ្ណោះ។
ជាធម្មតានៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំប្រពៃណីខ្មែរ បុណ្យអុំទូក បុណ្យកឋិន បុណ្យផ្កា បុណ្យចម្រើនជន្មាយុ ពិធីឡើងផ្ទះ និងពិធីតាមបែបសាសនា និងប្រពៃណីខ្មែរជាច្រើនទៀត គេច្រើនឃើញវត្តមានផ្កាឈូក និងផ្កាម្លិះ មិនដែលខានឡើយ។ ក្នុងគម្ពីព្រះពុទ្ធសាសនា បានសម្ដែងថា ផ្កាឈូក ជាផ្កាបរិសុទ្ធមិនមានជាប់មន្ទិលសៅហ្មងផ្សេងៗឡើយ។ ផ្កាឈូក ក៏អាចតាំងលំអបានដែរ។
ចំណែកផ្កាកុលាប ឬផ្កាលីលី និងផ្កាមួយចំនួនទៀត គេច្រើនឃើញវត្តមានរបស់វា នៅក្នុងពិធីជប់លៀង ពិធីមង្គលការ ឬក្នុងពិធីបែបបស្ចិមលោក។ ពពួកផ្កាទាំងនេះ គេច្រើនប្រើវាក្នុងន័យជូនជាអំណោយ ឬសម្រាប់លំអក្នុងរោងពិធីផ្សេងៗ។
និយាយជារួមទៅ គេមិនអាចវាយតម្លៃថា ផ្កាឈូកមានតម្លៃខ្លាំង ឬផ្កាកុលាបសំខាន់តិចឬច្រើនបាននោះទេ ព្រោះប្រភេទផ្កានីមួយៗ ត្រូវបានគេយកទៅប្រើក្នុងពិធីផ្សេងៗគ្នា និងមានគុណតម្លៃទីទៃពីគ្នាដែរ។
នៅក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនា ផ្កាឈូកត្រូវបានគេប្រើប្រាស់ច្រើន ប៉ុន្តែប្រទេសដែលមិនកាន់ព្រះពុទ្ធសាសនា ឬបស្ចិមប្រទេសវិញ គេនិយមផ្កាកុលាប ឬផ្កាផ្សេងៗទៀត៕
Tag:
ភ្ជុំបិណ្ឌ
ផ្កាឈូក
ផ្កាកុលាប
© រក្សាសិទ្ធិដោយ thmeythmey.com