ម្ចាស់ក្លិប Leicester City លោក Vichai Srivaddhanaprabha បានទទួលមរណភាពក្នុងចំណោមមនុស្ស៥នាក់ផ្សេងទៀតក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រក្បែរកីឡដ្ឋាន King Power Stadium ក្រោយជំនួបទល់នឹង West Ham នៃក្របខណ្ឌ Premier League កាលពីល្ងាចថ្ងៃសៅរ៍។
លោក Vichai Srivaddhanaprabha ដែលមានឈ្មោះដើម Vichai Raksriaksorn ជាអ្នកជំនួញ និងជាមហាសេដ្ឋីលំដាប់ទី៥នៅក្នុងប្រទេសថៃ បានក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ក្លិប Leicester City ក្នុងឆ្នាំ២០១០។
លោក Vichai មានវ័យ៦០ឆ្នាំ បានកើតក្នុងទីក្រុងបាងកក នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥៨។ បើតាមទស្សនាវដ្តី Forbes លោកមានទ្រព្យសម្បត្តិរហូតដល់ ៤,៩ពាន់លានដុល្លារអាមេរិក ដោយប្រាក់ទាំងនេះរកបានពីការបើកក្រុមហ៊ុនលក់ទំនិញដំបូង និងធំជាងគេនៅតាមបណ្តាប្រលានយន្តយោះក្នុងប្រទេថៃចាប់តាំងពីឆ្នាំ១៩៨៩ ដែលមានស្លាកយីហោ King Power ដែលបច្ចុប្បន្នគ្រប់គ្រងដោយ King Power International Group ។
ទំនាក់ទំនងរបស់លោក Vichai ជាមួយក្លិប Leicester បានចាប់ផ្តើមដំបូងតាមរយៈកិច្ចព្រមព្រៀងឧបត្ថម្ភនៅលើអាវ មុនពេលឈានដល់កិច្ចព្រមព្រៀងទិញយកភាគហ៊ុនធំរបស់ក្លិបនេះពីលោក Milan Mandaric ក្នុងតម្លៃ ៣៩ លានផោន (៥០លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០១០។
ក្រោមការកាន់កាប់របស់ក្រុមហ៊ុន King Power រយៈពេល៤ឆ្នាំ ក្លិបរហស្សនាមកញ្ជ្រោងអាចឈានឡើងទៅកាន់ក្របខណ្ឌលីគកំពូលអង់គ្លេស បន្ទាប់ពីឈ្នះជើងឯង Championship ក្នុងរដូវកាល ២០១៣-២០១៤។ ក្នុងរដូវកាល ២០១៥-២០១៦ ពួកគេបានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយអាចក្លាយជាម្ចាស់ពាន Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបទៀតផង។
ដើម្បីជាការអបអរក្រោយជួយក្រុមឈ្នះពានក្នុងស្រុកជាលើកដំបូងក្រោមការដឹកនាំរបស់លោក Claudio Ranieri នោះ មហាសេដ្ឋីរូបនេះបានផ្តល់កាដូជារថយន្ត BMW i8s ម្នាក់១គ្រឿង សរុបអស់ចំនួន ១៩ គ្រឿង ដែលក្នុងមួយគ្រឿងតម្លៃ ជាង១២៨០០០ដុល្លារអាមេរិក។ លោកក៏តែងតែបរិច្ចាគ និងបង្កើតកម្មវីធីសប្បុរសធម៌ជាច្រើន។
ក្រៅពីនេះ លោក Vichai ក៏ជាម្ចាស់ក្លិប Oud-Heverlee Leuven ដែលនៅក្របខណ្ឌ Belgian First Division B របស់បែលហ្ស៊ិក ផងដែរ។
លោក Vichai មានភរិយាឈ្មោះ Aimon និងមានកូន៤នាក់ Voramas, Apicht, Arunroong និង Aiyawatt។ លោក Aiyawatt ត្រូវបានគេស្គាល់ថា ជាអនុប្រធានក្លិប Leicester ចាប់តាំងពីឆ្នាំ២០១១មក។
លោក Vichai Srivaddhanaprabha ដែលមានឈ្មោះដើម Vichai Raksriaksorn ត្រូវបានអតីតមហាក្សត្រថៃ Bhumibol ប្តូរនាមត្រកូល Srivaddhanaprabha ឲ្យវិញដែលមានន័យថា «ពន្លឺនៃភាពរុងរឿង និងរីកចម្រើន» នៅក្នុងឆ្នាំ២០១៣។ លោកបានបង្កើតការងារក៏ដូចជាការគិតគូលើ ការអប់រំ បញ្ហាសុខភាពកុមារ និងជាពិសេសកម្មវិធីកីឡានៅក្នុងប្រទេសកំណើតរបស់លោក។
ជាអកុសល លោក Vichai ត្រូវបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រក្បែរកីឡដ្ឋាន King Power Stadium ជាមួយមនុស្ស៤នាក់ផ្សេងទៀតដែលសុទ្ធតែជាមនុស្សជំនិតរបស់លោក ដែលរួមមាន ឈ្មោះ Nursara Suknamai និង Kaveporn Punpare ជាបុគ្គលិកផ្ទាល់ ពីឡុតម្នាក់ឈ្មោះ Eric Swaffer និង អ្នកអមដំណើរម្នាក់ជនជាតិប៉ូឡូញ Izabela Roza Lechowicz៕