ភ្នំពេញ៖ បញ្ហាសុខភាព និងការចងចាំរបស់កុមារ គឺជាក្តីកង្វល់របស់ឪពុកម្ដាយគ្រប់រូប ក្នុងការបីបាច់ថែរក្សាកូន ។វាជារឿងសំខាន់មួយ ដែលទាមទារឲ្យឪពុកម្ដាយទាំងអស់ យកចិត្តទុកដាក់លើបញ្ហានេះ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកឯកទេសព្យាបាលកុមារ បានប្រាប់ឲ្យម្ដាយគ្រប់ត្រូវបង្រៀនកូនតាំងពីនៅក្នុងផ្ទៃ និងប្រើប្រាស់សម្ដីទន់ភ្លន់ជាមួយកូន ដើម្បីឲ្យកុមារមានសុខភាពរឹងមាំ និងខួរក្បាលលូតលាស់ល្អ។
កុមារតូចៗអាចនឹងប្រឈមជំងឺជាច្រើន ដែលបណ្តាលឲ្យពួកគេមានការលូតលាស់មិនល្អ ដូចជាការចងចាំខ្សោយជាដើម ។ នេះជាបញ្ហាដែលសិក្ខាកាមជាង៤០០នាក់ចង់ដឹង និងរកដំណោះស្រាយ ក្នុងសិក្ខាសាលាស្តីពី «សុខភាព និងការអភិវឌ្ឍខួរក្បាលកុមារ» ដើម្បីទទួលបានចំណេះដឹង ពីវាគ្មិនដែលជាអ្នកជំនាញផ្នែកសុខភាព និងផ្នែកអប់រំ ការអភិវឌ្ឃខួរក្បាលកុមារ។
អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា បាននិយាយថា កុមារតូចៗពិតជាត្រូវការមើលថែពីឱពុកម្តាយ ដើម្បីឲ្យពួកគេមានសុខភាពល្អ និងមានសមត្ថភាពលូតលាស់បានលឿន។ ក្នុងនាមជាឪពុកម្តាយ ត្រូវចេះប្រើភាសាទន់ភ្លន់ទៅកាន់កូនឲ្យបានច្រើន។ អ្នកស្រី សរ ម៉ុន្ថា បញ្ជាក់ថា៖ «មុនពេលកូនចូលគេងខ្ញុំតែងតែប្រើពាក្យទន់ភ្លន់ និងប្រើពាក្យដែលមិនប៉ះពាល់ដល់អារម្មណ៍កូន នៅពេលដែលយើងបង្រៀនពីរបៀបរស់នៅល្អសម្រាប់កូនហើយ ធំឡើងវានឹងមានគ្រឹះដ៏រឹងមាំ។ នេះជាវិធីល្អបំផុតដែលធ្វើឲ្យកូនមានភាពកក់ក្តៅ និងបង្កើនភាពឆ្លាតវៃរបស់គេផងដែរ»។
ផ្អែកតាមទ្រឹស្តីព្រះពុទ្ធសាសនា ដើម្បីអប់រំកូនឲ្យមានសុខភាពល្អ និងមានការអភិវឌ្ឍខួរក្បាលល្អ ព្រះតេជគុណ សុខ ធារី សាស្ត្រាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានពុទ្ធដីកាថា ឪពុកម្តាយគួរតែអប់រំកូនតាមទ្រឹស្តីព្រះពុទ្ធសាសនា ដូចជាការធ្វើសមាធិដើម្បីឲ្យកូនមានភាពស្ងប់។ ភាពស្ងប់នេះ អាចធ្វើឲ្យកុមារបង្កើនការចងចាំ និងរាងកាយឆាប់លូតលាស់ផងដែរ។
ព្រះតេជគុណ សុខ ធារី មានពុទ្ធដីកាបន្ថែមថា៖ «ម្តាយមានតួនាទីសំខាន់ក្នុងការចិញ្ចឹមបីបាច់កូនតាំងពីពពោះរហូតដល់កូនបានចាប់កំណើត ដូច្នេះក្នុងនាមជាម្តាយ ត្រូវតែធ្វើអ្វីឲ្យឲ្យប្រុងប្រយ័ត្ន ដោយម្តាយមិនគួរមានអារម្មណ៍ឆេវឆាវ ខឹងច្រឡោត រន្ធត់ និងមានអារម្មណ៍ស្មុគស្មាញឡើយ។ ទាំងនេះហើយដែលម្តាយគ្រប់រូបគួរតែជៀសវាង ដើម្បីកុំឲ្យកូនទទួលនូវអារម្មណ៍ទាំងនោះក្នុងដំណាក់កាលកំពុងលូតលាស់នៅក្នុងផ្ទៃម្តាយ»។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សេង សាម៉ន វេជ្ជបណ្ឌិតនៃមន្ទីរសម្រាកព្យាបាលកុមារផ្កាឈូក បាននិយាយថា កុមារតូចៗមួយចំនួនអាចប្រឈមនឹងជំងឺ អូធីសឹម (Autism) ដែលឲ្យកុមារមានការលូតលាស់មិនបានល្អដូចជា រាងកាយ និងការចងចាំខ្សោយជាដើម។ ជំងឺនេះបណ្តាលមកពីម្តាយផ្ទាល់ដែលមានបញ្ហាផ្លូវចិត្ត ឬការប្រើអំពើហិង្សាក្នុងគ្រួសារ ខ្វះអាហារូបត្ថម្ភ និងខ្វះការមើលថែពីឱពុកម្តាយ។
អ្នកឯកទេសព្យាបាលកុមាររូបនេះ បញ្ជាក់ថា៖ «ដើម្បីឲ្យកុមារមានសុខភាពល្អ ទាំងផ្លូវកាយ និងការលូតលាស់ល្អនៃខួរក្បាល ឱពុកម្តាយគួរតែយល់ដឹងពីរបៀបចិញ្ចឹមកូន ដូចជា បង្រៀនកូនតាំងពីនៅក្នុងផ្ទៃ ត្រូវតាមដានពីការលូតលាស់របស់កូន ឱពុកម្តាយត្រូវមានភាពវ័យឆ្លាតក្នុងការជ្រើសរើសសាលារៀនដែលជាកន្លែងអប់រំកូន ហើយឱពុកម្តាយត្រូវមានអាកប្បកិរិយាល្អដើម្បីឲ្យកូនមានសុជីវធម៌ក្នុងការរស់នៅ»។
កុមារនៅកម្ពុជាមានប្រមាណជិត៥លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិក(CIA) ដែលគិតចាប់ពីដើមឆ្នាំ២០១៨៕