កីឡាអន្តរជាតិ
អន្តរជាតិ
Leicester៖ Swaffer ជាវីរបុរស ព្រោះលោកប្រឹងបញ្ជាចង្កូតឲ្យផុតពីហ្វូងមនុស្ស 31, Oct 2018 , 9:25 am
× គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅក្បែរកីឡដ្ឋាន King Power មិនមានជនរងគ្រោះផ្សេងទៀត ក្រៅពីមនុស្ស៥នាក់នោះឡើយ។ សាក្សីនានា រួមទាំងអ្នកសារព័ត៌មាន Sky Sports ផងដែរនោះ បានអះអាងថា អ្នកបើកបរឧទ្ធម្ភាគចក្រ លោក Eric Swaffer ប្រៀបបីដូចជាវីរបុរស ដោយលោកបានព្យាយាមបញ្ជាចង្កូតចេញឲ្យផុតពីហ្វូងមនុស្ស។
លោក Eric Swaffer ជនជាតិអង់គ្លេស ដែលមានបទពិសោធន៍ជាង១៥ឆ្នាំ លើការបើកបរឧទ្ធម្ភាគចក្រ ត្រូវបានចាត់ទុកជាវីរបុរស ដោយលោកបានប្រឹងបញ្ជាឧទ្ធម្ភាគចក្រគេចឲ្យផុតពីហ្វូងមនុស្ស ពីព្រោះក្រោយបញ្ចប់ការប្រកួតជាមួយ West Ham មនុស្សជាច្រើននៅតែបន្តធ្វើដំណើរចេញពីកីឡដ្ឋាននៅឡើយ។
CNN បានផ្សាយថា ក្រុមអ្នកស៊ើបអង្កេតមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់នៃឧបទ្ទវហេតុនេះទេ ខណៈឧទ្ធម្ភាគចក្របានហោះឡើងកម្ពស់ ៦១ ម៉ែត្រពីដីទៅហើយ។ ប៉ូលិសនៅក្រុង Leicester ក៏បានបញ្ជាក់ដែលថា គ្មាននរណាម្នាក់រងរបួសនៅកន្លែងកើតហេតុនោះទេ ហើយការស៊ើបអង្កេតក៏កំពុងបន្តយ៉ាងខ្លាំងក្លាដែរ។
លោក Dan Cox អ្នកថតវីដេអូប្រចាំសារព័ត៌មាន Sky Sports បានអះអាង លោកបានឃើញឧទ្ធម្ភាចក្រស្ថិតក្នុងស្ថានភាពមិនប្រក្រតី។ «ខ្ញុំមិនដឹងថា គាត់ [លោក Swaffer] ធ្វើយ៉ាងណានោះឡើយ ប៉ុន្តែគាត់ហាក់ដូចជាព្យាយាម បន្ថយល្បឿនឧទ្ធម្ភាគចក្រ ហើយដាក់គោលដៅឲ្យវាធ្លាក់នៅជ្រុងមួយនៃចំណតរថយន្តក្នុងកីឡដ្ឋាន»។ នេះជាការកត់សម្គាល់របស់លោក Dan Cox។
អ្នកស្លាប់ទាំង៥នាក់នោះរួមមានម្ចាស់ក្លិប Leicester លោក Vichai Srivaddhanaprabha ជំនួយការពីរនាក់ដែលរួមមាន អតីតបវរកញ្ញា Miss Universe លេខ២ថៃនាង Nursara Suknamai និង លោក Kaveporn Punpare អ្នកបើកយន្តហោះ Eric Swaffer និងនាង Izabela Roza Lechowicz ដែលជាមិត្តស្រីជនជាតិប៉ួឡូញរបស់លោក Swaffer។
អ្នកបានឃើញសកម្មភាពនៃការធ្លាក់ឧទ្ធម្ភាគចក្រនោះ ដែលរួមមានទាំងអ្នកចាំទី Kasper Schmeichel របស់ Leicester បានរត់ឆ្ពោះទៅកន្លែងធ្លាក់ និងឈរមើលភ្លើងឆាបឆេះក្រោយការផ្ទុះយន្តហោះនោះទៀតផង។ «ខ្ញុំមិនជឿអ្វីដែលខ្ញុំបានឃើញទាល់តែសោះ។ វាហាក់ដូចជាមិនមែនជាការពិត»។
តារាបាល់ទាត់ល្បីៗនៅ Premier League រួមទាំងអ្នកគាំទ្រកីឡាបាល់ទាត់នៅជុំវិញពិភពលោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំង នៅក្រោយពេលធ្លាក់ឧទ្ធម្ភាគចក្រនៅរាត្រីថ្ងៃសៅរ៍កន្លងទៅនេះ៕
Tag:
បាល់ទាត់
Leicester
Vichai Srivaddhanaprabha
© រក្សាសិទ្ធិដោយ thmeythmey.com