កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
វៀតណាមជារដ្ឋអាស៊ានទីបីដែលនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត F1 12, Nov 2018 , 8:39 pm
ក្រុងហាណូយ ប្រទេសវៀតណាម នឹងក្លាយជាទីលាន Formula One នៅឆ្នាំ២០២០។ រូបថត AFP
× Hanoi Grand Prix ឬ Vietnamese Grand Prix នឹងស្ថិតក្នុងចំណោមព្រឹត្តិការណ៍ប្រណាំងរថយន្តពិភពលោកFormula One ដែលគ្រោងរៀបចំឡើងចាប់ពីខែមេសា ឆ្នាំ២០២០។ នេះ បើតាមការបញ្ជាក់របស់លោក Chase Carey ប្រធានក្រុមហ៊ុន F1 និងត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មាន AFP។
បន្ទាប់ពីម៉ាឡេស៊ី និងសិង្ហបុរី ក្រុងហាណូយ ប្រទេសវៀតណាម នឹងក្លាយជាទីលានទីបីប្រចាំតំបន់អាស៊ី-អាគេ្នយ៍ ដែលរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក F1 ឬការប្រណាំងកាំជ្រួចលើវាលរាប។
ម៉ាឡេស៊ី រៀបចំព្រឹត្តិការណ៍ Malaysia Grand Prix លើកដំបូង ចាប់តាំងពីឆ្នាំ១៩៦២មក ដោយកីឡាករហុងកុង John MacDonald និងកីឡាករអាល្លឺម៉ង់ Sebastian Vettel ឈ្នះជើងឯកច្រើនជាងគេ ដែលមាន៤លើករៀងៗខ្លួន ខណៈ ក្រុមហ៊ុនយានយន្តអ៊ីតាលី Ferrari ឈ្នះជើងឯករហូតដល់ទៅ៧លើក។
រីឯសម្រាប់ព្រឹត្តិការណ៍ Singapore Grand Prix ដែលចាប់កំណើតតាំងពីឆ្នាំ១៩៦៦មកនោះ Sebastian Vettel នៅតែមានកំណត់ត្រាឈ្នះដល់ទៅ៤លើក ស្មើកីឡាករអង់គ្លេស Lewis Hamilton ខណៈក្រុម Mercedes របស់អាល្លឺម៉ង់ ឈ្នះជើងឯក៤លើកផងដែរ។
ទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍នៅហាណូយ ចាប់ពីខែមេសា ឆ្នាំ២០២០ លោក Carey បានបញ្ជាក់ថា៖ «យើងមានមោទនភាពខ្លាំងណាស់ដែលបានប្រកាសការប្រណាំងនេះនៅឆ្នាំ ២០២០ខាងមុខ» ។
ការសម្រេចចិត្តដើម្បីរៀបចំការប្រណាំងនៅហាណូយនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Formula One ដើម្បីផ្លាស់ប្តូរទៅកាន់ទីផ្សារថ្មី ដែលខ្លួនសង្ឃឹមថានឹងទទួលបានអ្នកគាំទ្រជំនាន់ក្រោយថ្មីៗច្រើនទៀត និងបង្កើនប្រាក់ចំណូលផងដែរ។
ប្រធាន F1 សញ្ជាតិអាមេរិករូបនេះ លើកសរសើរពីវៀតណាមយ៉ាងខ្លាំង និងមានគម្រោងរយៈពេលយូរអង្វែងជាមួយនឹងប្រទេសនេះថែមទៀត។ «ការប្រណាំងនេះគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់យើងក្នុងការបង្កើនវិស័យកីឡានេះនៅអាស៊ី ហើយជាក់ស្ដែងវៀតណាមគឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កំណើននៅអាស៊ីនេះ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រជាជនក្រុងហាណូយ ថាកិច្ចសន្យាដែលបានចុះហត្ថលេខានោះមានរយៈពេលរហូលដល់១០ឆ្នាំ ហើយផ្លូវប្រវែង ៥,៦ គីឡូម៉ែត្រ ដោយរួមបញ្ចូលទាំងផ្លូវថ្នល់ដែលមានស្រាប់ និងត្រូវសាងសង់ធ្វើជាទីលានប្រណាំងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com