បណ្តាញព័ត៌មាន BBC បានបង្ហាញបញ្ជីឈ្មោះកីឡាករ៥រូប ដែលត្រូវប្រជែងយកពាន BBC African Footballer of the Year ប្រចាំឆ្នាំ២០១៨ ហើយតម្រូវឲ្យមានការចូលរួមការបោះឆ្នោតពីសំណាក់ក្រុមអ្នកគាំទ្រ រហូតដល់ថ្ងៃទី២ ខែធ្នូ។
កីឡាករទាំង៥រូបនោះ រួមមាន Medhi Benatia (ម៉ារ៉ុក), Kalidou Koulibaly (សេណេហ្គាល់), Sadio Mane (សេណេហ្គាល់), Thomas Partey (ហ្គាណា) និង Mohamed Salah (អេហ្ស៊ីប)។ ពួកគេត្រូវបានជ្រើសរើសក្រុមអ្នកជំនាញបាល់ទាត់នៅអាហ្វ្រិក។ លទ្ធផលជ័យលាភីនឹងត្រូវប្រកាសនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។
Medhi Benatia ខ្សែការពារកណ្តាលក្លិប Juventus ជាកីឡាករដែលបានឈ្នះពានក្របខណ្ឌក្នុងស្រុក៤រដូវកាលជាប់ៗគ្នា។ គេបានឈ្នះពាន២លើកជាមួយ Bayern Munich ហើយបន្តឈ្នះ២លើកទៀតជាមួយ Juventus។ នៅ World Cup គេជាប្រធានក្រុមជម្រើសជាតិម៉ារ៉ុក។
Kalidou Koulibaly ខ្សែការពារ Napoli ជាចំណែកមួយដ៏ធំដែលជួយឲ្យក្រុមឡើងទៅប្រកៀកជាមួយ Juventus សម្រាប់ពាន Serie A។ នៅ World Cup គេបានលេងចំនួន២៧០នាទីសម្រាប់ក្រុមជម្រើសជាតិសេណេហ្គាល់។
Sadio Mane បានលេងឲ្យសេណេហ្គាល់គ្រប់ការប្រកួតនៅ World Cup ហើយបានស៊ុតបាល់បញ្ចូលទីលើក្រុមជម្រើសជាតិជប៉ុន។ ជាមួយគ្នានេះ Mane បានស៊ុតបាល់បញ្ចូលទីរហូតដល់ទៅ១០គ្រាប់ក្នុងពានរង្វាន់ Champions League ក្នុងនោះ១គ្រាប់ ខណៈ Liverpool ចាញ់ Real Madrid ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ។
Thomas Partey បានព្យាយាមរហូតក្លាយជាខ្សែបម្រើស្ថិតក្នុងជម្រើសដំបូងរបស់លោក Diego Simeone ហើយក៏បានចូលលេងក្នុងនាមជាកីឡាករបម្រុង នាពេល Atletico Madrid ឈ្នះ Marseille នៅវគ្គផ្តាច់ព្រ័ត្រ Europa League ផងដែរ។ ក្នុងក្រុមជម្រើសជាតិហ្គាណា Partey បានស៊ុតបាល់បញ្ចូលទីក្នុងជំនួបមិត្តភាពជាមួយជប៉ុន និងអ៊ីស្លង់។
Mohamed Salah ជាម្ចាស់ពានកាលពីឆ្នាំមុន បន្ទាប់ពី Jay-Jay Okocha, Michael Essien, Didier Drogba, Yaya Toure និង Riyad Mahrez។ ខ្សែប្រយុទ្ធ Liverpool បានឈ្នះស្បែកជើងមាសក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុនដោយស៊ុតបាល់បញ្ចូលទី៣២គ្រាប់ ហើយនៅក្នុងក្រុមជម្រើសជាតិអេហ្ស៊ីប គេតែងតែរកបានគ្រាប់បាល់បញ្ចូលទីផងដែរ៕