កីឡាអន្តរជាតិ
អន្តរជាតិ
Honda មិន​ខ្វល់​ពី​លទ្ធផល​ឈ្នះ​ចាញ់ តែ​សង្ឃឹម​កម្ពុជា​រក្សា​ទម្រង់​លេង​ដូច​ប៉ះ​ឡាវ​
21, Nov 2018 , 7:39 pm        
រូបភាព
រូបភាពពី FFC
រូបភាពពី FFC
​ចាន់ វឌ្ឍនាកា ប្រាក់ មុនី​ឧ​ត្ត​ម និង​កែវ សុខ​ផេង ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​យកឈ្នះ​ឡាវ ៣-១ នា​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup 2018 ក្នុង​ពូ​ល A នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ លទ្ធផល​នេះ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​គោព្រៃ​កម្ពុជា​ថា​មិនមែនជា​រឿង​សំខាន់​សម្រាប់​លោក​ឡើយ តែ​ការរីកចម្រើន​របស់​ក្រុម​ទើប​ជា​អ្វីដែល​លោក​មាន​មោទនភាព និង​ជា​ក្តីសង្ឃឹម​ពិតប្រាកដ​ទៅ​អា​នាគ​ត​។​

 
​ដោយ​មិន​គិតពី​លទ្ធផល​នៃ​ការប្រកួត​នៅ​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា Honda ពិតជា​បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់​កម្ពុជា​រួចទៅហើយ​ចាប់តាំងពី​លោក​បានសម្រេច​ចូលខ្លួន​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​។ ​ក្នុង​ជ័យជម្នះ ៣-១ លើ​ក្រុម​ឡាវ ជាមួយនឹង​ការបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​កូនក្រុម អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ជប៉ុន និង AC Milan រូបនេះ​ធានាថា​ក្រុម Angkor Warriors អាច​សម្លឹង​មើលទៅ​អា​នាគ​ត​ដោយ​ក្តីសង្ឃឹម​ដ៏​ពិតប្រាកដ​បាន​។​


រូបភាពពី FFC
 
«​ខ្ញុំ​មាន​មោទនភាព​ចំពោះ​កីឡាករ ប៉ុន្តែ​ខ្ញុំ​មិន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត ឬ​សោកស្តាយ​ដោយ​ផ្អែក​តែ​លើ​លទ្ធផល​ឈ្នះ​ចាញ់​នោះទេ​។ ខ្ញុំ​ចង់​រក្សា​ទំនាក់​ទំនងជា​ក្រុម​ដែល​កំពុងមាន​ភាពល្អ​ប្រើ​សើរ​នេះ ព្រោះ​ខ្ញុំ​គិតថា​យើង​លេង​បានល្អ​នៅក្នុង​ការប្រកួត​ពីរលើក​មុន បើទោះជា​យើង​មិន​ឈ្នះ​ក៏ដោយ​»​។ Honda លើកឡើង​ដូច្នេះ​ទៅកាន់​អ្នកកាសែត​នៅក្រោយ​បញ្ចប់​ការប្រកួត​។​
 
​កម្ពុជា​អាច​រក​ជ័យជម្នះ​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup ក្នុង​រយៈពេល​១៦​ឆ្នាំក្រោយ ពោលគឺ​តាំងពី​ឆ្នាំ​២០០២​មក​ម្លេះ ហើយ​នេះ​ក៏​ជា​ជ័យជម្នះ​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក Honda ផងដែរ​។​


 
​ខ្សែបម្រើ​វ័យ​៣២​ឆ្នាំ​រូបនេះ​នឹងត្រូវ​វិលត្រឡប់​ទៅកាន់​ប្រទេស​អូស្ត្រាលី​វិញ​ដើម្បី​បំពេញ​តួនាទី​របស់ខ្លួន​ក្នុងនាម​ជា​សមាជិក​ក្រុម Melbourne Victory នៅ​មុនពេល​កម្ពុជា​ត្រូវ​ដំណើរ​ទៅ​ជួប​វៀត​សម្រាប់​ការប្រកួត​ចុងក្រោយ​នៃ​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ី​ដែល​រៀបចំ​រាល់​ពីរ​ឆ្នាំ​ម្តង​។ កម្ពុជា​អស់​សិទ្ធ​ទៅ​វគ្គ​បន្ត​សម្រាប់​ពូ​ល A នេះហើយ បន្ទាប់ពី​ប្រកួត​៣​លើក​មានតែ​៣​ពិន្ទុ តាម​ពីក្រោយ​ម៉ាឡេស៊ី​ដែល​ឈរ​នៅ​លេខ​៣​មាន​៦​ពិន្ទុ ខណៈ​មី​យ៉ាន់​ម៉ា និង​វៀតណាម​មាន​៧​ពិន្ទុ​។ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​វៀតណាម នឹងត្រូវ​កាត់សេចក្តី​នៅ​ប្រកួត​ចុងក្រោយ​ដើម្បី​រក​ពីរ​ក្រុម​ទៅ​វគ្គ​បន្ត​។​
 
​បើទោះជា​អស់​សិទ្ធ​ដោយ​ស្វ័យប្រវត្តិ Honda នៅតែ​ផ្តែផ្តាំ​កូនក្រុម​ថា​៖«​ខ្ញុំ​បាន​ប្រាប់​ពួកគេ​បន្ទាប់ពី​ការប្រកួត​ថា​វា​ជា​ដំណើរការ​មួយ​ដូច្នេះ​ចូរ​បន្តទៅ​ជំហាន​បន្ទាប់​ឲ្យ​បានល្អ​សម្រាប់​ជំនួប​ប្រកួត​សំខាន់​ជាមួយ​វៀតណាម​។ ពួកគេ​មាន​ជំនាញ​និង​សមត្ថភាព​ជាង​យើង ដូច្នេះ​យើង​ត្រូវ​រៀបចំ​ឲ្យ​បានល្អ​»​។​
 
​បើ​ទោះ​គ្មាន​វត្តមាន Honda ដឹកនាំ​ផ្ទាល់​ក្តី ប​ន្តែ​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​លោក Felix Dalmas នឹង​ទ​ទួ​បន្ទុក​មើល​ការខុសត្រូវ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដូច​សព្វដង​ដដែល​៕
 

Tag:
 បាល់ទាត់​
  Keisuke Honda
  AFF Suzuki Cup
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com