ខ្មែរក្រហម
ជាតិ
CCHR ស្នើឲ្យរដ្ឋាភិបាលគោរពឯករាជ្យភាពរបស់សាលាក្ដីខ្មែរក្រហម 16, Jul 2013 , 4:17 pm
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាCCHR បានរំលឹកដល់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិឲ្យបង្កើននូវកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនដើម្បីការពារ និងលើកកម្ពស់ឯករាជ្យភាព នៃសាលាក្ដីខ្មែរក្រហម។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់CCHR ដែលបានចេញផ្សាយនៅថ្ងៃនេះ។
ការចេញផ្សាយនូវសេចក្ដីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងស្របពេលជាមួយនឹង ការប្រារព្ធទិវាយុត្តិធម៌អន្តរជាតិ ថ្ងៃទី១៧ ខែកក្កដាស្អែកនេះ។ ក្រៅពីការស្នើឲ្យមានការគោរពនូវឯករាជ្យ របស់តុលាការកូនកាត់មួយនេះ CCHRក៏បានស្នើឲ្យមាន ការចាត់វិធានការជាក់ស្ដែង ដើម្បីធានានូវកេរ្តិ៍ដំណែលជាវិជ្ជមានរបស់តុលាការនេះ ដើម្បីឲ្យតុលាការជាតិយកគំរូតាមផងដែរ។
សេចក្ដីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយសារតែមានការ ចោទប្រកាន់ជាបន្តបន្ទាប់ លើការជ្រៀតជ្រែកផ្នែកនយោបាយ ពីសំណាក់រាជរដ្ឋាភិបាល នៅក្នុងនីតិវីធីរបស់ អ.វ.ត.ក ជាពិសេសចំពោះករណីស៊ើបអង្កេត នៅក្នុងសំណុំរឿង០០៣ និង ០០៤ ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ប៉ះពាល់ដល់កេរ្តិ៍ដំណែលរបស់ អ.វ.ត.ក និងជាការរាំងស្ទះដល់ការរកយុត្តិធម៌ជូនជនរងគ្រោះ ក្នុងរបបខ្មែរក្រហមទៀតផង។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា៖«ទិវាយុត្តិធម៌អន្តរជាតិ គឺជាឱកាសមួយ សម្រាប់ពលរដ្ឋនៅជុំវិញពិភពលោក ធ្វើការក្រើនរំលឹកដល់រដ្ឋាភិបាលរបស់ខ្លួន ក្នុងការទទួលខុសត្រូវដោយនាំជនល្មើស នៃករណីរំលោភបំពាន ផ្នែកសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរមកកាត់ទោស ដោយមិនគិតពីដែនកំណត់ ឬរបៀបវារៈនយោបាយឡើយ»។
លោកបន្តថា៖«អ.វ.ត.ក ត្រូវបានបង្កើតឡើងដើម្បីរកយុត្តិធម៌ ជូនជនរងគ្រោះ និងអ្នករស់រានមានជីវិតនៅក្រោយរបបក្មែរក្រហម ប៉ុន្តែជាអកុសលរដ្ឋាភិបាល បានបន្តរារាំងដោយមិនឲ្យធ្វើការស៊ើបអង្កេត បន្ថែមទៅលើជនជាប់សង្ស័យផ្សេងៗទៀតឡើយ»។
គួរបញ្ជាក់ផងដែរថា ទិវាយុត្តិធម៌អន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅរៀងរាល់ខែកក្កដា ដើម្បីរំលឹកដល់ការអនុម័តលក្ខន្តិកៈ ទីក្រុងរ៉ូម ស្ដីពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៨ និងដើម្បីលើកកម្ពស់យុត្តិធម៌ ក្នុងឧក្រិដ្ឋកម្មអន្តរជាតិផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com