កីឡាអន្តរជាតិ
អន្តរជាតិ
កាតា បង្ហាញ​កីឡដ្ឋាន​ដ៏​អស្ចារ្យ​របស់ខ្លួន​សម្រាប់​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup
18, Dec 2018 , 9:19 pm        
រូបភាព
​អ្នករៀបចំ​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០២២ នៅ​កាតា បានបង្ហាញ​ការ​រចនា​កីឡដ្ឋាន​ដ៏​អស្ចារ្យ​មួយ​របស់ខ្លួន​ដែល​នឹងត្រូវ​យកមកប្រើ​ប្រាស់​ស​ម្រា​ប់​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយ​នេះ​។​
 
​កីឡដ្ឋាន​មានឈ្មោះ​ថា Lusail ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ដល់​ទៅ ៨០០០០​នាក់ នឹង​ក្លាយជា​ទីលាន​ធំ​បំផុត​សម្រាប់​ព្រឹត្តិ​កាណ៍​នេះ និង​ជា​កីឡដ្ឋាន​ធំ​ទី​១​ក្នុង​ពិភព​អារ៉ាប់​។​

 
 
​មាន​ចម្ងាយ ១៥ គីឡូម៉ែត្រ​ពី​ទីក្រុង​ដូ​ហា កីឡដ្ឋាន​ដែល​រចនា​ឡើង​ដោយ​ក្រុម​ហ៊ុ​នរបស់​ចក្រភព​អង់គ្លេស Foster + Partners នេះ​ក៏​នឹងត្រូវ​ប្រើ​សម្រាប់​ការប្រកួត​បើកឆាក World Cup ផងដែរ​។​


 
​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​លំដាប់​ទី​១​ពិភពលោក​នៅ​កាតា​នេះ គឺជា​លើកទីមួយ​ដែល​ត្រូវធ្វើ​នៅ​រដូវរងារ​ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ តទៅ​។ ការប្រកួតប្រជែង​នេះ​អាច​នឹងមាន​ការចូលរួម​រហូតដល់​៤៨​ក្រុម​ជា​លើកដំបូង​តែម្តង តែ​ត្រូវ​រង់ចាំ​ការសម្រេច​ចុងក្រោយ​របស់ FIFA នៅ​ខែមីនា ឆ្នាំ​២០១៩​។​
 
​កាតា បានឈ្នះ​សិទ្ធិ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍ World Cup 2022 រយៈពេល​៤​ឆ្នាំ​មកហើយ​ពោលគឺ​តាំងពី​ឆ្នាំ​២០១៤ ដែល​ត្រូវ​ប្រកាស​នៅ​ប្រេ​ស៊ីល​។ តែបើ​គិត​មកទល់ពេលនេះ ពួកគេ​នៅសល់​ពេល​តែ​៤​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ទីលាន​ប្រកួត​។​


 
​ដំណើរការ​សាងសង់ Lusail Stadium បច្ចុប្បន្ន​រួចរាល់​បាន​៨០​ភាគរយ​ហើយ និង​រំពឹងថា​រួចរាល់​នៅ​ឆ្នាំ​២០២០​។ លោក Al-Thawadi អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាន់ខ្ពស់​របស់​កាតា និយាយថា​ការចំណាយ​សរុប​នៃ​ការសាងសង់​កីឡាដ្ឋាន​ទាំងអស់ គឺ​ប្រហែល ៧ ពាន់​លាន​ដុល្លារ​អាមេរិក​៕
 
 

Tag:
 បាល់ទាត់​
  FIFA World Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com