កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho លា​សណ្ឋាគារ​មួយ​យប់​១០០០​ដុល្លារ ក្រោយ Man Utd បញ្ចប់​តំណែង​
19, Dec 2018 , 7:39 pm        
រូបភាព
​លោក Jose Mourinho លើកដៃ​លា​សណ្ឋាគារ Lowry ជាទី​ដែល​លោក​បាន​ស្នាក់នៅ​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ បន្ទាប់ពី​លោក​ត្រូវបាន​ក្លិប Manchester United បញ្ចប់​ពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ នៅ​ថ្ងៃទី​១៨ ខែធ្នូ​។​

 
​អ្នកចាត់ការ​រហស្សនាម Special One បាន​ចំណាយពេល ៨៩៥​ថ្ងៃ​ក្នុងការ​រស់នៅក្នុង​សណ្ឋាគារ​ដ៏​ប្រណីត​នៅ​កណ្តាល​ទីក្រុង Manchester ប្រទេស​អង់គ្លេស ដែល​លោក​បានចាត់ទុក​វា​ជា​ផ្ទះ​ទៅហើយ​ចាប់តាំងពី​ឡើង​ដឹក​នាំនៅ​ទឹកដី Old Trafford តាំងពី​ឆ្នាំ ២០១៦​មក​។​


 
​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត នៅពេលដែល​វេលា​របស់​អ្នក​ចាត់​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ ៥៥​ឆ្នាំ​ជាមួយ​ក្លិប​បិសាច​ក្រហម​ត្រូវបាន​បញ្ចប់ បន្ទាប់ពី​លទ្ធផល​ដឹកនាំ​មិន​គាប់ប្រសើរ​នៅ​រដូវ​កាល ២០១៨-២០១៩​នេះ​។ Man Utd បានសម្រេច​បញ្ចប់​តំណែង Mourinho ដ្បិត​ក្រុម​បង្ហាញ​ទម្រង់​លេង​មិនល្អ​សោះ​ក្នុង​ការប្រកួត​ក្នុង​លី​គ ដោយ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Livepool រហូត​១៩​ពិន្ទុ គិត​ត្រឹម​សប្តាហ៍​ទី​១៧​។​


 
​បើតាម​ការផ្សាយ​របស់​ព័ត៌មាន Mirror អតីត​អ្នកចាត់ការ Chelsea  Inter Milan និង Real Madrid រូបនេះ បាន​និយាយ​លា​បុគ្គលិក​សណ្ឋាគារ Lowry Hotel កាលពី​រសៀល​ថ្ងៃទី​១៨ ខែធ្នូ បន្ទាប់ពី​ចាកចេញ​ពី​មូលដ្ឋាន​ហ្វឹកហាត់ Carrington របស់ Man Utd នៅក្រោយ​អាហារ​ពេល​ថ្ងៃ​រួច​។​


 
 Mourinho បាន​ស្នាក់នៅ​សណ្ឋាគារ​ទំនើប​នោះ​ដោយ​ជ្រើសរើស​ប្រភេទ​បន្ទប់ Riverside Suites ដែលមាន​តម្លៃ ៨១៦​ផោន (១០៣៤​ដុល្លារ​) ក្នុង​មួយ​យប់​។ សរុប​ទាំង​៨៩៥​ថ្ងៃ Jose ត្រូវ​បង់ប្រាក់​ឲ្យ​សណ្ឋាគារ Lowry ចំនួន ៩២៥៤៣០​ដុល្លារ​អាមេរិក ដែល​នេះ​នៅ​មិនទាន់​គិតថ្លៃ​សេវ៉ា​ផ្សេងៗ​ផង​៕





Tag:
 បាល់ទាត់​
  Jose Mourinho
  Manchester United
  Lowry
© រក្សាសិទ្ធិដោយ thmeythmey.com