កីឡាអន្តរជាតិ
អន្តរជាតិ
Son នឹង​អវត្តមាន​ឲ្យ Spurs ៣​ប្រកួត ព្រោះ​ត្រូវ​ជួយ​ជម្រើសជាតិ​ក្នុង Asian Cup
21, Dec 2018 , 2:43 pm        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម Son Heung-min នឹងត្រូវ​បាត់​មុខ​ឲ្យ​ក្រុម Tottenham Hotspur ចំនួន ៣​ប្រកួត​ក្នុង​ខែមករា ដោយសារ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​កោះហៅ​រូបគេ​ឲ្យ​ទៅ​ជួយ​ក្រុម​ក្នុង​យុទ្ធនាការ Asian Cup ឆ្នាំ​២០១៩​។​

 
​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ទ្វីបអាស៊ី​ឆ្នាំ​២០១៧ វ័យ ២៦​ឆ្នាំ​រូបនេះ ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្រុម​កូរ៉េខាងត្បូង ខណៈ Spurs បានប្រកាសថា​រូបគេ​នឹង​បង្ហាញខ្លួន​ឲ្យ​ក្លិប​ត្រឹម​ជំនួប​ជាមួយ Manchester United នា​ការប្រកួត​ក្នុង​ក្របខណ្ឌ Premier League នៅ​ថ្ងៃទី ១៣ ខែមករា​។​
 
​នោះ​មានន័យថា Son នឹង​ខកខាន​ជួយ​ក្រុម​ពេល​ប៉ះ Fulham និង Watford ហើយ​ប្រហែលជា​នឹង​អាច​អវត្តមាន​ពេល​លេង​ជាមួយ Chelsea វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន FA Cup នៅ​ថ្ងៃទី​២២ ខែមករា​ផងដែរ​។​


 
​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ទ្វីបអាស៊ី Asian Cup ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​៥ ខែមករា រហូតដល់​ថ្ងៃទី​១ ខែកុម្ភៈ ដែល​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ​។​
 
​ជម្រើសជាតិ​កូរ៉េខាងត្បូង​ស្ថិតនៅ​ពូ​ល C ជាមួយ​ចិន កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​ហ្វីលីពីន​។ ជំនួប​ដំបូង កូរ៉េខាងត្បូង​ត្រូវ​តទល់​ជាមួយ​ហ្វីលីពីន នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩​។​
 
​ក្រៅពី Son ខ្សែបម្រើ​របស់ Newcastle United កីឡាករ Ki Sung-yueng ក៏​នឹងត្រូវ​ចូលរួម​ជួយ​ក្រុម​ជម្រើសជាតិ​ដើម្បី​ដណ្តើម​ពានរង្វាន់ Asian Cup 2019 នេះ​ផងដែរ​៕

Tag:
 បាល់ទាត់​
  Asian Cup
  Son Heung-min
  Spurs
© រក្សាសិទ្ធិដោយ thmeythmey.com