ក្លិបយក្សអេស្ប៉ាញ Real Madrid យកឈ្នះម្ចាស់ផ្ទះ Al-Ain របស់អារ៉ាប់រួមអេមីរ៉ាត ៤-១ នការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០១៨ កាលពីថ្ងៃទី២២ ខែធ្នូ។ នេះជាការឈ្នះពានបីឆ្នាំជាប់គ្នា និងជាការទទួលបានលើកទីបួនជាកំណត់ត្រា។
ពាន FIFA Club World Cup ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០០មក ដោយមានការប្រជែងពីសំណាក់ក្លិបដែលជាជើងឯកប្រចាំសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបនីមួយៗ។ ជ័យជម្នះនៅឆ្នាំ២០១៨នេះ នាំឲ្យ Real Madrid ក្លាយជាក្រុមដែលជោគជ័យជាងគេ បន្ទាប់ពីពួកគេទទួលនៅឆ្នាំ២០១៤ ឆ្នាំ២០១៦ និងឆ្នាំ២០១៧។
Barcelona ទទួលបាន៣លើកនៅឆ្នាំ២០០៩ ឆ្នាំ២០១១ និងឆ្នាំ២០១៥ ខណៈក្លិបប្រេស៊ីល Corinthiants បានឈ្នះបាន២លើក។ ក្លិបដែលមានប្រវត្តិលើកពាន FIFA Club World Cup មួយលើករួមមាន Sao Paulo (ប្រេស៊ីល) Internacional (ប្រេស៊ីល), AC Milan (អ៊ីតាលី), Manchester United (អង់គ្លេស), Inter Milan (អ៊ីតាលី) និង Bayern Munich (អាល្លឺម៉ង់)។
នៅឆ្នាំ២០១៨នេះ មាន៧ក្លិបចូលរួម ដោយជុំដំបូង ម្ចាស់ផ្ទះ Al-Ain របស់អារ៉ាប់រួមអេមីរ៉ាត យកឈ្នះ Team Wellington របស់នូវែលសេឡង់ដោយការទាត់បាល់ប៉េណាល់ទី ក្រោយលទ្ធផលស្មើ ៣-៣ ។
ឈានដល់ជុំទីពីរ Al-Ain បន្តឈ្នះ Esperance de Tunis របស់ទុយនីស៊ី ក្នុងលទ្ធផល ៣-២ ខណៈ Kashima Antlers របស់ជប៉ុន ឈ្នះ Guadalajara របស់ម៉ិកស៊ិក ៣-២ ។ ទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Al-Ain បានឈ្នះ River Plate របស់អាហ្សង់ទីន ដោយបាល់ប៉េណាល់ទីក្រោយស្មើ ២-២ ខណៈ Real Madrid បានយកឈ្នះ Kashima Antlers ៣-១ ។
ក្នុងវគ្គផ្តាច់ព្រ័ត្រ Luka Modric, Marcos Llorente, Sergio Ramos និង Yahya Nader បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់ ក្នុងជ័យជម្នះ ៤-១ លើម្ចាស់ផ្ទះ Al-Ain ដែលនាំឲ្យក្លិបយក្សអេស្ប៉ាញមួយឈ្នះពានរង្វាន់ FIFA Club World Cup ជាលើកទីបួន និងរយៈពេល៣ឆ្នាំជាប់គ្នា។
River Plate បានលេខ៣ ដោយឈ្នះ Kashima Antlers ៤-០ មុនពេលដែល Esperance de Tunis បានលេខ៥ ក្រោយឈ្នះ Guadalajara ៦-៥ លើការទាត់បាល់ប៉េណាល់ បន្ទាប់ពីលទ្ធផលស្មើ ១-១ នៅម៉ោងធម្មតា។
ជាមួយនឹងការស៊ុតបាល់បញ្ចូលទី៣គ្រាប់ ម្ចាស់ពាន Ballon d’Or, Gareth Bale បានពាន Golden Ball, កីឡាករប្រេស៊ីល Caio នៃក្លិប Al-Ain បានពាន Silver Ball រីឯកីឡាករកូឡុំប៊ីនៃក្លិប River Plate បានពាន Bronze Ball។
ក្រៅតំណែងជើងឯក៤លើក Real Madrid ក៏ទទួលបានពានរង្វាន់ FIFA Fair Play ប្រចាំព្រឹត្តិការណ៍នេះផងដែរ៕