កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ចិននិងកូរ៉េខាងត្បូងដឹកដៃគ្នាឡើងវគ្គបន្ទាប់ 12, Jan 2019 , 11:32 am
អ្នកគាំទ្រចិនកំពុងអបអរ (រូបភាពគេហទំព័រ Asian Cup)
×
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន និងកូរ៉េខាងត្បូង មានសិទ្ធិលេងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup 2019 ដែលអេមីរ៉ាត់អារ៉ាប់រួមជាម្ចាស់ផ្ទះ។ ឆ្លងកាត់ពីរប្រកួតជម្រុះពូល C ចិន និងកូរ៉េខាងត្បូងទទួលបាន៦ពិន្ទុពេញដូចគ្នា។ ក្នុងពូលដដែលនេះ ហ្វីលីពីន និងកៀហ្ស៊ីស៊ីស្ថាន ដែលចាញ់ពីរប្រកួតដូចគ្នា ក៏មិនទាន់វេចបង្វិចមកផ្ទះដែរ ប៉ុន្តែក្ដីសង្ឃឹមឡើងវគ្គបន្តមានតិចតួច។
នៅក្នុងពូល C ក្រុមកីឡាបាល់ទាត់ជម្រើសចិន ឈរនៅកំពូលតារាងបណ្ដោះអាសន្នមាន៦ពិន្ទុ ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣ទល់០ ក្នុងការប្រកួតលើកទី២ ថ្ងៃទី១១ ខែមករា។ ក្រុមចិនដែលដឹកនាំដោយលោក Marcello Lippi អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីឈ្នះពាន World Cup ឆ្នាំ២០០៦ ស៊ុតបញ្ចូលទីគូប្រកួតចំនួន៥ គ្រាប់ របូត១គ្រាប់ និងមានគ្រាប់បាល់ចំណេញចំនួន៤គ្រាប់។ ការប្រកួតទី១ ចិនឈ្នះកៀហ្ស៊ីស៊ីស្ថាន ២ទល់១ ។
VIDEO
ឯក្រុមជម្រើសជាតិកូរ៉េខាងត្បូងវិញ កំពុងឈរលេខរៀងទី២ មានពិន្ទុ៦ស្មើចិន តែចាញ់គ្រាប់ចំណេញ។ ក្នុងការប្រកួតលើកទី២ កូរ៉េខាងត្បូងយកឈ្នះកៀហ្ស៊ីស៊ីស្ថាន ១ទល់នឹង០ ។ សរុបទាំងពីរប្រកួត កូរ៉េខាងត្បូងមានគ្រាប់ចំណេញពីរគ្រាប់។ ក្រុមកូរ៉េខាងត្បូង នឹងប៉ះចិននៅប្រកួតចុងក្រោយក្នុងពូល C ។
VIDEO
ហ្វីលីពីន និងកៀហ្ស៊ីស៊ីស្ថានវិញ មិនទាន់ពិន្ទុរាប់នៅឡើយទេ។ ក្រោមការដឹកនាំរបស់លោក Sven Goran Eriksson ហ្វីលីពីន ប្រកួតចាញ់ទាំងពីរលើក គឺចាញ់កូរ៉េខាងត្បូង ៣-២ និងបន្តចាញ់ចិន ៣-០ ហើយស្ថិតនៅបាតតារាង។ កៀហ្ស៊ីស៊ីស្ថានវិញ ឈរនៅលេខបីក្នុងពូល មានសូន្យពិន្ទុ តែមានគ្រាប់គេស៊ុតចូលតិចជាងហ្វីលីពីន។ ក្រុមទាំងពីរត្រូវប៉ះគ្នាប្រកួតទីបី និងត្រូវការឈ្នះដូចគ្នា ដើម្បីយកតំណែងលេខបី។ តាមរូបមន្តការប្រកួត ក្រុមលេខ៣ ល្អជាងចំនួន៤ក្រុម មានសិទ្ធិឡើងទៅវគ្គបន្ត។
ដោយឡែក ពូល B វិញក៏មានការប្រកួតមួយដែរនៅថ្ងៃទី១១ ខែមករា។ ក្រោយចាញ់ក្រុមហ្ស៊កដានី ក្រុមកង់គូរូអូស្ត្រាលី មានសង្ឃឹមឡើងវិញ ក្រោយឈ្នះក្រុមប៉ាឡេស្ទីន ៣ទល់០ ។ ឆ្លងកាត់ពីរប្រកួត ក្នុងពូលនេះ ហ្ស៊កដានីមាន៦ពិន្ទុ, អូស្ត្រាលី៣ពិន្ទុ, ស៊ីរីមាន១ពិន្ទុស្មើប៉ាឡេស្ទីន។
សម្រាប់ថ្ងៃទី១២ ខែមករា មានបីប្រកួត។ ក្នុងពូល D វៀតណាមត្រូវការឈ្នះអ៊ីរ៉ង់ដើម្បីបន្តក្ដីសង្ឃឹម ដោយការប្រកួតធ្វើនៅម៉ោង ៦ល្ងាច (ម៉ោងនៅកម្ពុជា) ឯយេម៉ែនទទួលអ៊ីរ៉ាក់នៅម៉ោង៨កន្លះយប់ (ម៉ោងកម្ពុជា)។ ឯពូល E វិញ លីបង់ត្រូវប៉ះក្រុមខ្លាំងអារ៉ាប៊ីសាអូឌីតនៅម៉ោង១១យប់ (ម៉ោងកម្ពុជា)៕
© រក្សាសិទ្ធិដោយ thmeythmey.com