អន្តរជាតិ
វ៉េ​ណេ​ស៊ុយ​អេ​ឡា បង្វែរ​ការនាំចេញ​ប្រេង​ទៅ​ទីផ្សារ​អឺរ៉ុប​និង​អាស៊ី ក្រោយ​រង​ទណ្ឌកម្ម​អាមេរិក
07, Feb 2019 , 12:09 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
​បន្ទាប់ពី​វិបត្តិ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឡើងក​ម្ដៅ​ខ្លាំង អាមេរិក​ដែល​គាំទ្រ​មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ បានសម្រេច​ចិត្ត​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា PDVSA ។ គោលដៅ​នៃ​ការដាក់ទណ្ឌកម្ម​នេះ គឺ​កាត់ផ្ដាច់​ប្រភព​ហិរញ្ញវត្ថុ និង​ជាការ​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ ប៉ុន្តែ​ក្រុង​កា​រ៉ា​កាស់ ក៏​មិន​នៅ​ស្ងៀម​ដែរ​ប្រឈមមុខ​នឹង​ចំណាត់ការ​របស់​ក្រុង​វ៉ាស៊ីនតោន ដោយបាន​សម្លឹង​រក​ទីផ្សារ​ថ្មី​ដើម្បី​លក់​ប្រេង​របស់ខ្លួន​។​
 
​អាមេរិក គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក្នុង​ជំនួញ​ប្រេង​ឆៅ​របស់ខ្លួន​។ ប៉ុន្តែ​វិបត្តិ​នយោបាយ​ដណ្ដើម​អំណាច​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ធ្វើ​ឲ្យ​អាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង PDVSA នៅពេល​ថ្មីៗ​នេះ​។ ក្រុមហ៊ុន PDVSA ដែលជា​ក្រុមហ៊ុន​រដ្ឋ ក៏ត្រូវ​រក​ច្រក​ចេញពី​ទណ្ឌកម្ម​របស់​ម៉ូយ​ប្រេង​របស់ខ្លួន​។​
 
​លោក Ronny Romero ទីប្រឹក្សាបច្ចេកទេស​ក្រុមហ៊ុន PDVSA បាន​ប្រាប់​សារព័ត៌មាន​រុស្ស៊ី Sputnik ថា ក្រុង​កា​រ៉ា​កាស់​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​ទណ្ឌកម្ម​របស់​អាមេរិក​ក្នុង​វិស័យ​ប្រេង​នេះ​។ លោក Romero ចាត់ទុក​ទណ្ឌកម្ម​អាមេរិក​ជា​រឿង​ខុសច្បាប់ ខណៈ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នាំចេញ​ប្រេង​ទៅ​អាមេរិក​ចំនួន​ប្រហែល​៥​សែន​បារ៉ែល​ក្នុង​មួយថ្ងៃ​។ ជំនួស​ឲ្យ​ទីផ្សារ​អាមេរិក វ៉េ​ណេ​ស៊ុយ​អេ​ឡា​នឹង​ប្ដូរ​ទីផ្សារ​ទៅ​អឺរ៉ុប និង​អាស៊ី​វិញ​។​
 
​តំណាង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​អង្គការ​ប្រទេស​នាំចេញ​ប្រេង (OPEC) រូបនេះ​ប្រាប់​អតិថិជន​អឺរ៉ុប និង​អាស៊ី កុំ​បាច់​ភ័យ​បារម្ភ​នឹង​ទណ្ឌកម្ម​របស់​អាមេរិក​ឲ្យ​សោះ ព្រោះ​វិធានការ​នេះ​សំដៅលើ​ក្រុមហ៊ុន​អាមេរិក​រកស៊ី​ជាមួយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប៉ុណ្ណោះ​។ យ៉ាងណាមិញ បើតាម​មន្ត្រី​ដដែល​នេះ រុស្ស៊ី និង​ចិន​មិន​ព្រួយ​អ្វី​ទេ​នឹង​ទណ្ឌកម្ម​អាមេរិក ខណៈ​មហាអំណាច​ទាំងពីរ​នេះ​ក៏​ជា​ម៉ូយ​ប្រេង​សំខាន់ៗ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែរ​។​
 
​កាលពី​សប្ដាហ៍​មុន ក្រុង​វ៉ាស៊ីនតោន​បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​បាន​រឹបអូស​ទ្រព្យសម្បត្តិ​ជាច្រើន​ផង​។ ទណ្ឌ​កម្មនេះ ក៏​នឹង​ប៉ះពាល់​ដល់​ការនាំចេញ​ប្រេង​របស់​រដ្ឋ​អាមេរិក​ឡាទីន​មួយ​នេះ​ដែល​តម្លៃ​ដល់​ទៅ​១១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ខាងមុខ​ទៀត​។ ទោះ​ទទួលស្គាល់ថា ទណ្ឌកម្ម​នេះ​នឹងមាន​ផល​អវិជ្ជមាន​សម្រាប់​អាមេរិក រដ្ឋមន្ត្រី​រតនាគារ Steven Mnuchin អះអាងថា ក្រុមហ៊ុន​ចម្រាញ់​ប្រេង​នៅ​អាមេរិក​នឹងរង​ផលប៉ះពាល់​មិន​ខ្លាំង​ឡើយ​។​
 
​សូម​រំឭកថា វ៉េ​ណេ​ស៊ុយ​អេ​ឡា ជា​ប្រទេស​មាន​ប្រេង​បម្រុង​ទុក​ធំជាងគេ​លើ​ពិភពលោក​។ សេដ្ឋ​កច្ច​ប្រទេស​នេះ​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ការនាំចេញ​ប្រេង​ឆៅ ដែលមាន​ចំណែក​៩៨​ភាគរយ​នៃ​ការនាំចេញ​សរុប និង​ស្មើ​៥០​ភាគរយ​នៃ​ផលិត​ក្នុងស្រុក​សរុប​ផង​។ ការធ្លាក់ចុះ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ គួបផ្សំ​ទណ្ឌកម្ម​អាមេរិក ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ កាន់តែ​ខ្សត់​ប្រាក់​ក្នុង​ឃ្លាំង និង​កំពុង​ពឹងផ្អែក​ខ្លាំង​លើ​មាស​វិញ​៕

Tag:
 វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  អាមេរិក​
  អឺរ៉ុប​
  អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com