កីឡាអន្តរជាតិ
អន្តរជាតិ
Neymar រិះគន់គ្រាប់បាល់ប៉េណាល់ទីMan Utd ខណៈអ្នកជំនាញថា ការសម្រេចរបស់អាជ្ញាកណ្តាលត្រូវច្បាប់ 07, Mar 2019 , 7:39 pm
× Neymar បានរិះគន់ខ្លាំងៗទៅលើអាជ្ញាកណ្តាល និងវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ដែលសម្រេចផ្តល់បាល់ប៉េណាល់ទី ដើម្បីឲ្យ Manchester United យកជ័យជំនះលើក្រុមខ្លួន Paris Saint-Germain ក្នុងជំនួបជើងទី២ ក្របខណ្ឌ UEFA Champions League។ ផ្ទុយពី Neymar អតីតអាជ្ញាកណ្តាលនៅ Premier League លោក Peter Walton យល់ឃើញថា ការសម្រេចផ្តល់បាល់ពិន័យ១១ម៉ែត្រនោះគឺត្រឹមត្រូវ។
ខ្សែប្រយុទ្ធ Marcus Rashford ជាអ្នកបញ្ចប់ឱកាសក្រុមយក្សបារាំង PSG ដោយការទាត់បាល់ប៉េណាល់ទី១១ម៉ែត្រចុងម៉ោង ក្រោយអាជ្ញាកណ្តាលលោក Damir Skomina សម្រេចផ្តល់បាល់ពិន័យនេះ បន្ទាប់ពិនិត្យមើល VAR ឃើញថា បាល់បានប៉ះដៃខ្សែការពារ Presnel Kimpembe នៅតំបន់គ្រោះថ្នាក់។ គ្រាប់បាល់បញ្ចូលទី១គ្រាប់ចុងម៉ោងនេះ បានជួយ Man Utd វាយបកយកឈ្នះម្ចាស់ផ្ទះ PSG ក្នុងលទ្ធផល ៣-១ និងនាំក្រុមពីអង់គ្លេសនេះឈានទៅវគ្គបន្តផងដែរ។
Neymar ដែលរងរបួស និងអង្គុយទស្សនាការប្រកួតផ្ទាល់នៅកីឡដ្ឋាន Parc des Princes បានសរសេរពីការមិនពេញចិត្តទៅនឹងការសម្រេចរបស់អាជ្ញាកណ្តាលនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា៖«វាជាការអាម៉ាស់មួយបំផុត។ ពួកគេមានមនុស្ស៤នាក់ដែលមិនយល់ពីបាល់ទាត់ ដើម្បីមើលវីដេអូយឺតៗនៅមុខទូរទស្សន៍»។
មនុស្ស៤នាក់ដែលខ្សែប្រយុទ្ធសញ្ញាតិប្រេស៊ីលចង់និយាយនោះរួមមាន អាជ្ញាកណ្តាលកាត់សេចក្តីម្នាក់ អាជ្ញាកណ្តាលខ្សែបន្ទាត់២រូប និងអាជ្ញាកណ្តាលទី៤ម្នាក់ទៀត។ ការរិះគន់របស់ខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃជាងគេលើលោករូបនេះ ក៏ទទួលបានការគាំទ្រពីសំណាក់គ្រូបង្វឹករបស់ខ្លួនលោក Thomas Tuchel ផងដែរ។ លើសពីនេះអ្នកគាំទ្រ PSG ក៏បានបង្ហាញពីការមិនពេញចិត្តលើការសម្រេចរបស់លោកអាជ្ញាកណ្តាលនេះដូចគ្នា។
ផ្ទុយពីការរិះគន់នេះ អតីតអាជ្ញាកណ្ដាលនៅ Premier League លោក Peter Walton អះអាងថាការសម្រេចផ្តល់បាល់ពិន័យ១១ម៉ែត្ររបស់លោក Damir Skomina ទៅឲ្យ Man Utd គឺពិតជាត្រឹមត្រូវ។
លោកពន្យល់ពីហេតុផលនេះថា ការលោតរបស់ខ្សែការពារ Kimpembe ដោយងាកខ្នងទៅរកបាល់ហើយប៉ះដៃដែលលាតចេញពីដងខ្លួនដើម្បីរារាំងការស៊ុតរបស់ Diogo Dalot នោះជាការពិន័យដ៏ត្រឹមត្រូវរបស់អាជ្ញាកណ្តាល ហើយស្របនឹងច្បាប់កីឡានេះទៀតផង៕
Tag:
បាល់ទាត់
Neymar
Manchester United
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com