អន្តរជាតិ
វៀតណាម​-​ហ្វីលីពីន ព្រមព្រៀងគ្នា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ប្រតិបត្តិ​ការសង្គ្រោះ​ក្នុង​ដែនសមុទ្រ​
11, Mar 2019 , 9:51 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ព្រមព្រៀង​ធ្វើការ​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​គ្រឿងញៀន និង​ធ្វើ​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​នៅក្នុង​ដែនសមុទ្រ​ទៀតផង​។ ភាគី​ទាំងពីរ ក៏បាន​ប្តេជ្ញា​រក្សា​សមុទ្រ​ចិន​ខាងត្បូង ជា​សមុទ្រ​ប្រកបដោយ​សន្តិសុខ និង​សន្តិភាព​ផងដែរ​។​
 
​តាមរយៈ​ជំនួប​ទ្វេភាគី​លើក​ទី​៩​ក្នុង​រដ្ឋធានី​ម៉ានីល​នៅ​ថ្ងៃ​៦ មីនា រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​លោក Teodoro Lopez Locsin និង​សម​ភាគី​វៀតណាម​លោក Phạm Bình Minh បានបង្ហាញ​សុទិដ្ឋិនិយម​លើ​ភាពល្អប្រសើរ​នៃ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ការពារជាតិ និង​សន្តិសុខ ក៏ដូចជា​ការចែករំលែក​ព័ត៌មាន និង​បទពិសោធន៍​រវាង​កង​ទ័ព​របស់​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam News​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ នា​ជំនួប​ដដែល​នោះ ប្រមុខ​ការទូត​ទាំងពីរ បាន​ឯកភាព​ក្នុងការ​ធ្វើការ​រួមគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​, បទល្មើស​ឆ្លង​ព្រំដែន និង​ជាពិសេស​នោះ​លើ​ប្រតិបត្តិ​ការពាក់ព័ន្ធ​គ្រឿងញៀន និង​ការស្វែងរក និង​សង្គ្រោះ​នៅក្នុង​សមុទ្រ​។ ការធានា​ពី​កំណើន​ទំហំ​ពាណិជ្ជកម្ម​មិន​ឲ្យ​ក្រោម​២០​ភាគរយ ក៏​ស្ថិតនៅក្នុង​ចំណុច​ឯកភាព​របស់​ភាគី​ទាំងពីរ​ផងដែរ​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្នុង​តំបន់​វិញ ប្រមុខ​ការទូត​ហ្វីលីពីន បានកើត​សរសើរ​វៀតណាម ក្នុងការ​ដឹកនាំ និង​សម្របសម្រួល​ជំនួប​កំពូល​របស់​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ដែល​បាន​ស្តែង​ឲ្យ​ឃើញ​ពី​តួនាទី​ដ៏​សកម្ម​របស់​វៀតណាម​លើ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​។ ភាគី​ទាំងពីរ ក៏បាន​ប្តេជ្ញា​រួមគ្នា​ក្នុង​ការធ្វើ​ឲ្យ​អាស៊ាន ក្លាយជា​អង្គការ​មួយ​ក្នុង​ការផ្តល់​ដំណោះស្រាយ​យុទ្ធសាស្ត្រ​សម្រាប់​បញ្ហា​ក្នុង​តំបន់​ផងដែរ​។​
 
​ជាមួយគ្នា​ផងដែរ​នោះ ភាគី​ទាំងពីរ ក៏​មិន​ភ្លេច​លើកយក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មក​ជជែក​ដែរ​។ តាមរយៈ​ជំនួប​នោះ ខណៈ​ប្តេជ្ញា​រួមគ្នា​បង្កើត​ក្រម​ប្រតិបត្តិ​ឲ្យ​បាន​ឆាប់ ភាគី​ទាំងពីរ ក៏បាន​អះអាង​ជាថ្មី​ក្នុង​ការគោរព និង​អនុវត្តតាម​បទដ្ឋាន​ច្បាប់​ដែល​បង្កើត​កន្លងមក​ក្នុងការ​ធានា​ឲ្យ​បាន​ថា សមុទ្រ​ចិន​ខាងត្បូង មិនត្រូវ​បានធ្វើ​យោ​ធូប​នីយកម្ម ហើយ​ស្ថានភាព​ត្រូវ​ស្ថិរភាព និង​សន្តិភាព​៕ 

Tag:
 ហ្វីលីពីន​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com