បុរសម្នាក់ដែលរត់ទៅវាយកីឡាករ Jack Grealish ខ្សែប្រយុទ្ធរបស់ Aston Villa ដល់ក្នុងទីលានប្រកួត ត្រូវបានប៉ូលិសចោទប្រកាន់ហើយ និងបន្តឡើងតុលាការ នៅថ្ងៃទី១១ ខែមីនានេះ។
Grealish ប្រធានក្រុមរបស់ Aston Villa ត្រូវបុរសម្នាក់ឈ្មោះ Paul Mitchell វាយពីក្រោយមួយដៃអំឡុងការប្រកួតទល់នឹង Birmingham City ក្នុងក្របខណ្ឌ Championship នៅថ្ងៃទី១០ ខែមីនា។ ប៉ូលិសក្នុងតំបន់ West Midlands បានបញ្ជាក់ថាលោក Mitchell អាយុ ២៧ឆ្នាំត្រូវចោទប្រកាន់ពីបទ «លុកលុយក្នុងទីលានប្រកួត និងប្រើអំពើហិង្សា»។
បើតាមការប្រកាសរបស់ក្លិប Birmingham City អ្នកគាំទ្ររបស់ខ្លួនរូបណាដែលប្រព្រឹត្តិទង្វើបែបនេះនឹងត្រូវហាមចូលរួមទស្សនាការប្រកួតមួយជីវិត។ មិនទាន់មានការបង្ហាញថាលោក Mitchell ជាអ្នកគាំទ្រ Aston Villa ឬ Birmingham នៅឡើយទេ
Grealish ខ្សែបម្រើសញ្ជាតិអង់គ្លេសដែលជាជនរងគ្រោះនៅតែអាចរកគ្រាប់បាល់ មួយគ្រាប់ដើម្បីជួយ Aston Villa ទទួលជ័យជម្នះ ១-០ លើក្រុម Birmingham។ ប៉ុន្តែការអបអរគ្រាប់បាល់របស់គេគឺនៅឆ្ងាយពីក្រុមអ្នកគាំទ្រ៕