កីឡាអន្តរជាតិ
អន្តរជាតិ
Birmingham ពិន័យអ្នកវាយ Grealish មួយជីវិត រីឯតុលាការហាម ១០ឆ្នាំលើសកម្មភាពកីឡានៅអង់គ្លេស 12, Mar 2019 , 2:35 pm
× អ្នកគាំទ្រ Birmingham City ត្រូវតុលាការកាត់ទោសឲ្យជាប់ឃុំឃាំងរយៈពេល ១៤ សប្តាហ៍ និងហាមចូលទស្សនាការប្រកួតក្នុងទឹកដីចក្រភពអង់គ្លេស ១០ ឆ្នាំពីបទរត់ទៅវាយកីឡាករ Jack Grealish ប្រធានក្រុមរបស់ Aston Villa ដល់ក្នុងទីលាន។
Grealish ត្រូវបុរសម្នាក់ឈ្មោះ Paul Mitchell វាយពីក្រោយមួយដៃអំឡុងការប្រកួតទល់នឹង Birmingham City ក្នុងក្របខណ្ឌ Championship នៅថ្ងៃទី១០ ខែមីនា។ ក្រោយហេតុការណ៍ភ្លាមៗ ប៉ូលិសបានបញ្ជូនបុរសនេះទៅឃុំឃាំងដើម្បីរង់ចាំបង្ហាញខ្លួននៅមុខតុលាការនិងកាត់ក្តីកាលពីថ្ងៃចន្ទទី១១ ខែមីនា។
លោក Mitchell អាយុ ២៧ ឆ្នាំបានទទួលស្គាល់ និងសារភាពនៅក្នុងតុលាការថាលោកពិតជាបានរត់ចូលទីលានហើយប្រើអំពើហិង្សាទៅលើកីឡាកររបស់ Aston Villa មែន។
ក្រៅពីពិន័យឲ្យជាប់ឃុំ១៤សប្តាហ៍ និងហាមមិនឲ្យមានសកម្មភាពគាំទ្រក្នុងការប្រកួតកីឡាបាល់ទាត់នៅអង់គ្លេសរយៈពេល១០ឆ្នាំលោក Mitchell ក៏ត្រូវពិន័យជាប្រាក់ ៤៦០ដុល្លារអាមេរិកផងដែរ ដោយក្នុងនោះប្រាក់១៣០ដុល្លារអាមេរិកសម្រាប់ថ្លៃជំងឺចិត្តដល់ Grealish។
ជុំវិញការប្រព្រឹត្តិទង្វើអសីលធម៌នេះ ខាងភាគីក្លិប Birmingham City ក៏បានសុំអភ័យទោសក្លិប Aston Villa និងសាមីខ្លួន Grealish ផ្ទាល់ផងដែរ។ លើសពីនេះក្លិបអះអាងថា ខ្លួននឹងហាមអ្នកគាំទ្រម្នាក់នេះមិនឲ្យចូលទស្សនាការប្រកួតរបស់ខ្លួនអស់មួយជីវិត មិនថាក្នុងដីឬក្រៅទឹកដីឡើយ៕
Tag:
បាល់ទាត់
Jack Grealish
© រក្សាសិទ្ធិដោយ thmeythmey.com