កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Pep ថា Man City នៅខ្ចីជាង Schalke រីឯគ្រូ Juventus សង្ឃឹមលើ Ronaldo ពេលប៉ះ AT-Madrid យប់នេះ 12, Mar 2019 , 5:03 pm
× Manchester City ត្រូវទទួលស្វាគមន៍ក្រុម Schalke 04 សម្រាប់ជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ខណៈ Atletico Madrid ត្រូវធ្វើដំណើរទៅទឹកដីអ៊ីតាលី ដើម្បីតទល់ជាមួយ Juventus នៅរាត្រីថ្ងៃទី១២ ខែមីនា វេលាម៉ោង ៣:០០នាទី [ម៉ោងនៅកម្ពុជា] ។
កាលពីប្រកួតជើងទី១ ក្នុងទឹកដី Schalke 04 ក្រុមពីអង់គ្លេស Man City បានយកឈ្នះ ៣-២។ ជ័យជម្នះក្រៅដីជាមួយនឹងគ្រាប់បាល់៣គ្រាប់បានធ្វើឲ្យក្រុមរបស់លោក Pep Guardiola មានប្រៀបលើក្រុមពីអាល្លឺម៉ង់ដ្បិតពួកគេត្រូវដឹកនាំធ្វើម្ចាស់ផ្ទះសម្រាប់ជំនួបជើងទី២។
បើទោះជាក្រុមមានប្រៀបក្តី ប៉ុន្តែអ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយបែបដាក់ខ្លួនថា ក្រុមលោកហាក់នៅមានភាពក្មេងខ្ចីជាងគូប្រកួត Schalke សម្រាប់ក្របខណ្ឌកំពូលអឺរ៉ុបនេះ។
លោក Guardiola លើកឡើងថា លោកមិនអាចបដិសេធបានទេ ចំពោះភាពរឹងមាំរបស់ក្រុមដទៃឬដូចជា Schalke 04 នេះឡើយ។ លោកបានលើកឧទាហរណ៍ដែល Manchester United អាចវាយបកយកឈ្នះ Paris St-Germain វិញបាន បើទោះក្រុមយក្សបារាំងទទួលលទ្ធផលនាំមុខនៅជើងទី១ដល់ទៅ ២-០ ទៅហើយក្តី។ លោកលើកហេតុផលអំពីលទ្ធផលរបស់ក្រុមទាំងពីរថា Man Utd ជាក្រុមដែលមានភាពចាស់ទុំជាង PSG នៅ Champions League។
ដោយឡែកក្នុងជំនួបដ៏តានតឹងមួយគូទៀតរវាងម្ចាស់ផ្ទះ Juventus និង AT-Madrid ។ ម្ចាស់ជើងឯកអ៊ីតាលី Serie A ដែលបានចំណាយលុយច្រើនសន្ធឹក ដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មករួមក្រុមរដូវកាលនេះ បែជារកគ្រាប់បាល់មិនបានពេលជួប AT-Madrid នៅជើងទី១ ព្រមទាំងរបូត២គ្រាប់ថែមទៀត។
យ៉ាងណាក៏ដោយបរាជ័យ ២-០ នៅក្រៅដីមិនបានធ្វើឲ្យលោក Massimiliano Allegri អ្នកចាត់ការក្រុមសេះបង្កង់អស់សង្ឃឹមនោះទេ និងថែមទាំងជឿជាក់លើខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះថា Ronaldo នឹងអាចជួយក្រុមវាយបកយកឈ្នះក្រុមពីអេស្ប៉ាញនៅទឹកដីរបស់ខ្លួនបាននាជំនួបជើងទី២យប់នេះ។
លោក Allegri បញ្ជាក់ថា Ronaldo ជាកីឡាករដែលមាន«អត្ថប្រយោជន៍ដ៏អស្ចារ្យ» នៅ Champions League៕
Tag:
បាល់ទាត់
UEFA Champions League
Manchester City
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com