ជាតិ
ពីនេះ ពីនោះ
«ផ្លែអំពិល» សរសេរជាព្យាង្គរាយ ឬ«ផ្លែអម្ពិល» សរសេរជាព្យាង្គតម្រួត? 22, Apr 2019 , 7:29 am
![](https://image.thmeythmey.com/pictures/2019/04/21/thumb2/peak.jpg)
×![]()
សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់នៅក្នុងវចនានុក្រមខ្មែររួចហើយ ថាសរសេរ «ផ្លែអម្ពិល» ជាព្យាង្គតម្រួត បើទោះបីជាមានពាក្យ អំពិល ជាព្យាង្គរាយក៏ដោយ ក៏ពាក្យនេះមិនបញ្ជាក់ថាជាឈ្មោះផ្លែម្យ៉ាងដែលមានរសជាតិជូរដែរ។ ពាក្យ «អំពិល»ប្រើជាពាក្យ អំពិលអំពែក ទៅវិញទេទើបមកន័យថា សុខុមសត្តពួកដង្កូវ មានពន្លឺព្រាកៗនៅក្រោមពោះត្រង់ចុងកន្ទុយ វាចេញពន្លឺនៅពេលយប់ងងឹត។
ពាក្យ «អម្ពិល» មានន័យថា ជូរ រសជូរ។ ខ្មែរយើងប្រើ សម្រាប់ហៅឈ្មោះឈើពួកមួយ មានដើមធំសាច់ស្វិត ស្លឹកល្អិតៗមានរសជូរ,ផ្លែវែងៗផ្លែមួយៗ ហៅថា មួយកួរ សម្រាប់ប្រើជាម្ជូរ។ ខ្លះមានរសជាតិជូរបន្តិចៗសម្រាប់ប្រើជាបង្អែម ហើយស្លឹកខ្ចី និងផ្កាប្រើជាបន្លែស្ល។ អម្ពិលមាន៣ប្រភេទគឺ អម្ពិលក្តារ ផ្លែធំៗសំប៉ែតៗមានរសជូរ, អម្ពិលកា្តម ឬអម្ពិលអាចម៍ឆ្មា ផ្លែតូចៗមូលៗច្រើនតែមានរសជាតិជូរអែមល្មមឆ្ងាញ់ និងអម្ពិលផ្អែម ច្រើនតែមានផ្លែតូចៗ មានរសជាតិជូរបន្តិច។
អម្ពិលទាំង៣ប្រភេទនេះ មានដើម និងស្លឹកតែមួយបែប តែផ្សេងគ្នាតែផ្លែ និងរសជាតិ។ អម្ពិល ច្រើនដុះនៅក្បែរចិញ្ចើមថ្នល់ជាដើម ដែលជាដើមឈើងាយស្រួលដាំ និងរស់នៅបានយូរអង្វែងផងដែរ។ នេះបើយោងតាមការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com