ជាតិ
សង្គមជាតិ
កូនមេប៉េអឹមខេត្តក្រចេះ ដែលវ៉ៃនិងយកកាំភ្លើងភ្ជង់យុវជនពីរនាក់ ត្រូវបានដោះលែង 13, May 2019 , 2:21 pm
លោក សាន្ត សុខុម កងរាជអាវុធហត្ថសក្តិ៤នៅខេត្តក្រចេះ
× លោក សាន្ត សុខុម ជាកងរាជអាវុធហត្ថសក្ដិ៤នៅខេត្តក្រចេះ ដែលគេស្គាល់ថា ជាកូនរបស់លោក សាន្ត ប៊ុនថាន បញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ត្រូវបានដោះលែង កាលពីអំឡុងខែមេសា។ នេះបើតាមការបញ្ជាក់របស់លោក នុត សវនា អគ្គនាយរងនៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថ្ងៃទី១៣ឧសភានេះ។
លោក នុត សវនា បានអះអាងថា លោក សាន្ត សុខុម ត្រូវបាននៅក្រៅឃុំ បណ្ដោះអាសន្នតាំងពីថ្ងៃទី១៩មេសា។ ចំពោះមូលហេតុលោក នុត សវនា បានបញ្ជាក់ថា៖ «មិនបានដឹងច្បាស់នោះទេ ជាទូទៅប្រហែលមានអ្នកធានាទើបអាចនៅក្រៅឃុំបាន»។
ពាក់ព័ន្ធនឹងបញ្ហានេះ ខាងសារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពីខាងលោក ហួត វុទ្ធី ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកំពង់ចាមបានទេ ដោយសារមិនមានការឆ្លើយតបទូរស័ព្ទ។ ចំណែកលោក ជុំ ណារ៉ាន់ ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូលងខេត្តកំពង់ចាម បានត្រឹមតែបញ្ជាក់ថា មិនបានដឹងអំពីរឿងនេះទេ។
ការឃុំខ្លួនលោក សាន្ត សុខុម គឺបានរយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៦មីនា នៃការឃុំខ្លួនបណ្ដោះអាសន្ន ក្រោមការចោទពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយគំរាមកំហែងនឹងអាវុធ និងប្រើអាវុធដោយគ្មានការអនុញាត។ តាមរយៈវីដេអូដែលបែកធ្លាយលើបណ្តាញសង្គម លោក សាន្ត សុខុម បានវាយនិងដកកាំភ្លើងភ្ជង់យុវជនពីរនាក់ នៅកន្លែងអ៊ីនធឺណិតមួយ ក្នុងក្រុងកំពង់ចាម កាលពីថ្ងៃទី១៩មីនា៕
Tag:
ដោះលែង. កូនមេប៉េអិម
បង្កហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com