ONE Championship
កីឡាជាតិ
ជាតិ
ដ្បិតជាកីឡាករគុនចម្រុះកំពូលរបស់កម្ពុជា តែចាន់ រតនា មិនទាន់មានក្រុមហ៊ុនកីឡាឧបត្ថម្ភឡើយ 13, May 2019 , 10:19 pm
![](https://image.thmeythmey.com/pictures/2019/05/13/thumb2/13520191700rathana-front.jpg)
×![]()
អត្ថបទ៖ ស៊ីធី
ចាន់ រតនា ត្រូវបានចាត់ទុកជាកីឡាករគុនចម្រុះកំពូលម្នាក់របស់កម្ពុជាតាមរយៈការផ្ដួលកីឡាករឥណ្ឌូណេស៊ី Rudy Agustian ឲ្យចុះចាញ់នៅទឹកទី២នាពេលថ្មីៗនេះនៅសង្វៀន ONE: FOR HONOR។ រតនា ជាកីឡាករល្បីឈ្មោះប្រចាំនៅសង្វៀន ONE ប៉ុន្តែមិនមានក្រុមហ៊ុនសម្ភារកីឡាល្បីមួយណាឧបត្ថម្ភឲ្យរូបគេជាផ្លូវការនៅឡើយទេ។
ឆ្លើយតបទៅនឹងសំណួរការប្រើប្រាស់សម្លៀកបំពាក់ ឬ សម្ភារកីឡាប្រចាំថ្ងៃ កីឡាករ និង ជាគ្រូបង្វឹកវ័យ ៣៣ ឆ្នាំរូបនេះបង្ហើបថា៖ «ខ្ញុំអត់មានប្រកាន់ប្រេនណាមួយក្នុងការស្លៀកពាក់ទេបង ខ្ញុំស្លៀកពាក់ធម្មតា ព្រោះមិនមានក្រុមហ៊ុនណាគេឧបត្ថម្ភសម្លៀកស្លៀកដល់ខ្ញុំផ្ដាច់មុខប្រចាំថ្ងៃផង។ ប៉ុន្តែ សព្វថ្ងៃខ្ញុំមានបងម្នាក់ជាអ្នកលក់សភារកីឡា គាត់ឧបត្ថម្ភសម្ភារហ្វឹកហាត់ ដូចជាសម្លៀកបំពាក់ ឧបករណ៍មួយចំនួន និង Protein ជាប្រចាំដល់រូបខ្ញុំ ដោយជួយផ្គត់ផ្គង់រយៈពេល ៣ ឆ្នាំមកហើយ។ ខ្ញុំអត់មានចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរទេ ប៉ុន្តែពេលណាអស់ ខ្ញុំប្រាប់គាត់ផ្ទាល់មាត់ គាត់នឹងផ្ដល់ជូនដល់ខ្ញុំ»។
![](https://image.thmeythmey.com/pictures/2019/05/13/thumb2/inside.jpg)
កីឡាករដែលឡើងប្រកួតលើសង្វៀន ONE Championship បានចំនួន ៨ ដងរូបនេះបញ្ជាក់ទៀតថា ការឧបត្ថម្ភ ប្រូតេអីន (Protein) ពិតជាសំខាន់ខ្លាំងណាស់ក្នុងអាជីពជាកីឡាករ។ ប្រេតេអីន ជួយរក្សាកម្លាំងថាមពល និង ធ្វើឲ្យរាងកាយរឹងមាំជាដើម។ ក្រៅពីនោះ ចាន់ រតនា ក៏ស្ថិតក្នុងចំណោមកីឡាករ MMA ផ្សេងទៀតដែលទទួលបានសម្លៀកបំពាក់ពេលចេញទៅប្រកួតម្ដងៗ ដោយ រចនា និង ឧបត្ថម្ភដោយលោក រេមីហ៊ូ។ ជាក់ស្ដែងស្ថិតក្នុងសម្លៀកបំពាក់ខោ-អាវធំក្នុងសន្និសីទកាសែតមុនទៅប្រកួតនៅប្រទេស ឥណ្ឌូណេស៊ីកាលដើមខែ ឧសភា នេះ គឺទទួលការឧបត្ថម្ភពីលោក រេមីហ៊ូ។
![](https://image.thmeythmey.com/pictures/2019/05/13/thumb2/inside1.jpg)
ម្ចាស់ក្លិបប្រដាល់ «សិល្បៈ» ជាកីឡាករកម្ពុជាមួយរូបដែលជោគជ័យនៅសង្វៀន ONE Championship ក្នុងចំណោមអ្នកលេងគុនចម្រុះទាំងឡាយតាំងពីឆ្នាំ ២០១៤ មក។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលកូនប្រុសរបស់លោក ចាន់ ប៊ុនធឿន ឈ្នះពីរលើកជាប់គ្នានៅសង្វៀនពិភពលោក ONE នេះ ដែលទទួលបានការគាំទ្រកាត់តែខ្លាំងឡើងទូទាំងប្រទេស។ កីឡាករអាយុ ៣៣ ឆ្នាំ ឈ្នះកីឡាករឥណ្ឌូណេស៊ីពីររូប Abrou Fernandes កាលខែ ធ្នូ ចុងឆ្នាំ ២០១៨ និង ឈ្នះ Rudy Agustian កាលថ្ងៃទី ៣ ខែ ឧសភា នៅឥណ្ឌូណេស៊ី។
ក្រោយទទួលជ័យជម្នះនៅឥណ្ឌូណេស៊ី អ្នកលេងគុនចម្រុះនៅកម្ពុជារូបនេះប្រាថ្នាចង់ជួបកីឡាករគុនចម្រុះជនជាតិចិន Ma Hao Bin ដែលរូបគេធ្លាប់ចាញ់ពិន្ទុកាលឆ្នាំ ២០១៦ ទាំងមិនអស់ចិត្ត បើសិនអ្នករៀបចំការប្រកួតនៅ ONE មិនទាន់រកគូប្រកួតឲ្យបាន។ ប៉ុន្តែបើសិនមានការផ្គូផ្គងនាពេលខាងមុខ អ្នកលេងគុនខ្មែររូបនេះថាមិនខ្លាចរអាអ្នកណាឡើយ ពោលឲ្យតែត្រូវគីឡូ ៦១,៥ ដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com