ជាតិ
UN រៀបចំ​មហាពិធី​វិសាខបូជា​លើក​ទី​១៦ នៅ​វៀតណាម ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៤ ខែឧសភា​
13, May 2019 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រតិភូ​ប្រមាណ​១៥០០​អង្គ​/​នាក់ ពី​១០៦​ប្រទេស និង​តំបន់ រួមទាំង​អង្គការសហប្រជាជាតិ (UN) ចូលរួម​ក្នុង​មហាពិធី​វិសាខបូជា​អង្គការសហប្រជាជាតិ (UN Day of Vesak) លើក​ទី​១៦ នៅ​ខេត្ត Ha Nam ប្រទេស​វៀតណាម ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៤ ខែឧសភា​។
 
​វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។ ព្រឹត្តិការណ៍​ទាំងនោះ គឺ ការ​ប្រសូត ការ​ត្រាស់ដឹង និង​ការចូល​និព្វាន​។ អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​១៩៩៩ ។  
 
​កាលពី​ឆ្នាំ​២០០០ អង្គការសហប្រជាជាតិ បាន​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​អន្តរជាតិ​ជា​លើកដំបូង​នៅ​ទីស្នាក់ការ​របស់ខ្លួន​នៅ​ក្រុង​ញូវយ៉ក ដោយមាន​តំណាង​ជាង​៣០​ប្រទេស​ចូលរួម​។ ចាប់ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៩​នេះ អង្គ ជំនួប Asian Summit សម្រាប់​ព្រឹត្តិការណ៍ UN Day of Vesak ដំណើរការ​ដល់​១៦​លើក ដោយ​១២​លើក​នៅ​ថៃ ១​លើក​នៅ​ស្រីលង្កា ហើយ​នេះ​ជា​លើក​ទី​៣​ដែល​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​។​
 
​ព្រះ​ធម្ម​ឃោ​សា​ចា​រ្យ​បណ្ឌិត​ឃី សុវណ្ណ​រតនា ព្រះ​សាកលវិទ្យាធិការរង​នៃ​ពុ​ទ្ឋិ​ក​សាកលវិទ្យាល័យ ព្រះសីហនុ​រាជ និង​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ជាច្រើន​អង្គ​ទៀត ក៏បាន​និមន្ត​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​។ ព្រះអង្គ​បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​កថា ក្រៅពី​ថ្លែង​សង្កថា និង​អាន​សារ​អបអរសាទរ​របស់​ស​ម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ក៏បាន​ធ្វើជា​វាគ្មិន​មួយអង្គ​ក្រោម​ប្រធានបទ «​វិធីសាស្ត្រ​ពុទ្ធសាសនា​សម្រាប់​ការអប់រំ​សីលធម៌​សាកល​» ផងដែរ​។ 
 
 
​ថ្នាក់ដឹកនាំ​ជាច្រើន​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ មានដូចជា​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phoc, ប្រធានាធិបតី​មី​យ៉ាន់​ម៉ា Min Myint, នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ KP Sharma Oliç អនុ​ប្រធានាធិបតី​ឥណ្ឌា Venkaiah Naidu និង​លោកស្រី Armida Salsiah Alisjahbana លេខា​ប្រតិបត្តិ​អង្គការ UNESCAP ជាដើម​៕
 
 

Tag:
 វិសាខបូជា
© រក្សាសិទ្ធិដោយ thmeythmey.com