ជាតិ
នយោបាយជាតិ
គណៈកម្មាធិការCPP ប្រារព្ធ«ទិវាជាតិនៃការចងចាំ» នៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក 20, May 2019 , 9:24 am
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ឧសភា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉ា សុជាតិវង្ស បានប្រារព្ធ«ទិវាជាតិនៃការចងចាំ» នៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក។ «ទិវាជាតិនៃការចងចាំ» គឺជាការរំលឹកដល់ទង្វើឃោរឃៅនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នៅក្នុងពិធីប្រារព្ធទិវានៃការចងចាំនេះ ក៏មានការសម្តែងនូវឈុតឆាកមួយចំនួន ដែលបង្ហាញពីសកម្មភាពធ្វើទុក្ខបុកម្នេញ វាយដំ ធ្វើបាបមកប្រជាពលរដ្ឋ នាសម័យ ប៉ុល ពត នោះដែរ។ ក្រោយចប់ការសម្ដែង នៃកម្មវិធីមានពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រព្រះសង្ឃប្រមាណ ២០៧អង្គ ដើម្បីឧទ្ទិសកុសលដល់ប្រជាពលរដ្ឋខ្មែរជាង២លាននាក់ ដែលបានស្លាប់ក្នុងរបបវាលពិឃាតមួយនេះ។
២០ ឧសភា ត្រូវបានរដ្ឋាភិបាល ដាក់បញ្ចូលក្នុងថ្ងៃបុណ្យជាតិជាផ្លូវការ ក្រោមឈ្មោះថា «ទិវាជាតិនៃការចងចាំ»។ នេះបើតាមអនុក្រឹត្យចុះកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក ហើយក៏ត្រូវជាថ្ងៃឈប់សម្រាកសាធារណៈផងដែរ។
ការកំណត់យកថ្ងៃ«ទិវាជាតិនៃការចងចាំ» ជាថ្ងៃបុណ្យជាតិនេះ សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩៕
Tag:
ប៉ា សុជាតិវង្ស
CPP
ទិវាជាតិនៃការចងចាំ
© រក្សាសិទ្ធិដោយ thmeythmey.com