កីឡាជាតិ
ជាតិ
កូនខ្មែរ-អាមេរិក Eric Pen ក្លាយជាកីឡាករដំបូងដែលឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ WBA ASIA South 20, May 2019 , 10:45 am
× កីឡាករប្រដាល់សកលខ្មែរ-អាមេរិក Eric Pen បានក្លាយជាកីឡាករដំបូងដែលឈ្នះខ្សែក្រវាត់ប្រភេទទម្ងន់ធ្ងន់របស់ស្ថាប័ន WBA ASIA។ កីឡាករវ័យ២៧ឆ្នាំរូបនេះ បានផ្ដួលកីឡាករឥណ្ឌូណេស៊ី Satria Antasena នៅក្នុងទឹកទី១ នៅសង្វៀនក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។
នេះជាការប្រកួតសម្ពោធខ្សែក្រវាត់ WBA ASIA South Heavyweight ជាលើកដំបូង របស់ WBA ASIA ដែលជាស្ថាប័នរៀបចំការប្រដាល់អាជីពក្នុងតំបន់អាស៊ី អូសេអានី អឺរ៉ាស៊ី និងតំបន់ផ្សេងទៀត។ ស្ថាប័ននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ដោយមានទីស្នាក់នៅទីក្រុងសេអ៊ូល។ WBA ASIA បានក្លាយជាសមាជិករបស់សមាគមប្រដាល់ពិភពលោក (WBA) តាំងពីឆ្នាំ២០១៧ ហើយបានផ្តើមរៀបចំការប្រកួតជើងឯកតាមប្រភេទទម្ងន់ និងភូមិសាស្ត្រនីមួយៗ។
ជោគជ័យរបស់ Eric Pen លើគូប្រជែងឥណ្ឌូណេស៊ី មិនត្រឹមតែធ្វើឲ្យគេក្លាយជាកីឡាករដំបូងរបស់កម្ពុជាប៉ុណ្ណោះទេ តែជាម្ចាស់ខ្សែក្រវាត់ WBA ASIA South Heavyweight ដំបូងផងដែរ។
កើតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩២ នៅក្រុង San Jose រដ្ឋ Californa សហរដ្ឋអាមេរិក កីឡាករ Eric Pieroun Pen មានម្តាយជាអ្នកខេត្តកំពត។ មិនមានការបង្ហើបពីអត្តសញ្ញាណរបស់ឪពុកឡើយ ដោយផ្អែកតាមប្រវត្តិរូប ឪពុករបស់គេបានចេញពីគ្រួសារ នៅពេលដែលគេមានអាយុ១០ឆ្នាំ។
អ្នកស្រី Sothun Pen ដែលជាម្តាយ បានចាកចេញពីកម្ពុជានៅឆ្នាំ១៩៧៩ ដោយដើរទៅកាន់ជំរុំភៀសខ្លួននៅថៃ ពេលដែលគាត់មានអាយុ១២ឆ្នាំ។ អ្នកស្រី Sothun បានទៅដល់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨៤។
Eric បានចាប់ផ្តើមហ្វឹកហាត់នៅក្លិប Saigon Sports Club នៅឆ្នាំ២០១៤ ហើយចាប់ផ្តើមប្រឡូកក្នុងអាជីពប្រដាល់នៅខែសីហា ឆ្នាំ២០១៨ ដោយមានប្រវត្តិឈ្នះទាំងពីរប្រកួតដំបូងរបស់ខ្លួន មុនដណ្តើមបានជើងឯក WBA ASIA South Heavyweight។
ជ័យជម្នះពីរលើកដំបូងកន្លងមករបស់ Eric គឺយកឈ្នះកីឡាករថៃ Rewat Khanom នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ និងឈ្នះកីឡាករ Kacha Srikong នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅសង្វៀន Ram 100 Thai Boxing Stadium ក្នុងក្រុងបាងកក ប្រទេសថៃ៕
Eric Pen និងក្រុមការងារនៅក្លិប Saigon Sport Club របស់ខ្លួន។ រូបថត WBA Asia Website
© រក្សាសិទ្ធិដោយ thmeythmey.com