ជាតិ
សិល្បះ
សិល្បករអាយ៉ៃល្បីល្បាញលោក ព្រហ្ម ម៉ាញ ត្រូវបានចោរលួចទ្រព្យក្នុងផ្ទះ 20, May 2019 , 2:49 pm
× ភ្នំពេញ៖ សិល្បករអាយ៉ៃល្បីល្បាញលោក ព្រហ្ម ម៉ាញ ត្រូវបានចោរលួចទ្រព្យក្នុងផ្ទះ អស់ទឹកប្រាក់សុទ្ធចំនួន៥ម៉ឺនដុល្លារអាមេរិក គ្រឿងត្បូងរបស់ប្រពន្ធ និងកំព្យូទ័រ Laptop មួយគ្រឿង កាលពីថ្ងៃទី១៧ ឧសភា។ នេះជាលើកទី២ហើយ ដែលលោក ព្រហ្ម ម៉ាញ បាត់បង់ទ្រព្យសម្បត្តិដោយចោរចូលលួចដល់ក្នុងផ្ទះ ដែលស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ព្រហ្ម ម៉ាញ ដែលជាសិល្បករអាយ៉ៃដ៏ល្បីល្បាញ បានប្រាប់សារព័ត៌មានថ្មីៗតាមរយៈទូរសព្ទថា ថ្ងៃកើតហេតុលោកបានចេញពីផ្ទះ តាំងពីព្រឹក ដើម្បីទៅច្រៀងកាត់សក់ក្នុងពីធីមង្គលការមួយ ។ ក្រោយមកលោកក៏បន្តដំណើរទៅមើលដីនៅម្ដុំបឹងធំ រហូតដល់ម៉ោង៦ល្ងាច។
សិល្បករអាយ៉ៃរូបនេះបញ្ជាក់បន្ថែមថា ៖«ខ្ញុំបានឱ្យក្មួយប្រុសនិងម្ដាយរបស់វា(ម្ដាយក្មួយប្រុស) នៅចាំផ្ទះដែរ តែវាចេញពីផ្ទះនៅម៉ោងប្រហែល៤ល្ងាច។ វាមិនបានប្រាប់ខ្ញុំថាវាចេញពីផ្ទះ ហើយឱ្យខ្ញុំប្រញាប់មកផ្ទះទេ។ រាល់ដង មុនចេញទៅណាមកណាវាប្រាប់ខ្ញុំ តែពេលនេះមិនដឹងថា វាភ្លេចយ៉ាងម៉េចមិនដឹង បានជាវាមិនប្រាប់ខ្ញុំ»។
សិល្បករដែលមានវ័យ៦៩ឆ្នាំរូបនេះ បានរំឭកថា កាលពីប្រហែល៥ឆ្នាំមុន ចោរក៏ធ្លាប់ចូលលួចខ្សែករបស់លោកតម្លៃប្រមាណ៣ពាន់ដុល្លារអាមេរិកម្ដងហើយ។ ក្រោយជួបហេតុការណ៍នោះ លោកព្យាយាមប្រយ័ត្នប្រយែងជាងមុន ព្រោះខ្លាចករណីនោះកើតឡើងជាថ្មី។ គ្រោះលើកទី២នេះ តារាល្បីឈ្មោះ ព្រហ្ម ម៉ាញ ក៏ហាក់គ្មានសង្ឃឹមថា នឹងអាចបានទ្រព្យសម្បត្តិត្រឡប់មកវិញ ដូចករណីលើកទីមួយដែរ។
បើតាមលោក ព្រហ្ម ម៉ាញ ដែលមានផ្ទះផ្ទាល់ខ្លួននៅសង្កាត់ទួលគោកនោះ បានសង្កត់ធ្ងន់ថា នៅម្ដុំផ្ទះរបស់លោក មានករណីចោរចូលលួចដល់ក្នុងផ្ទះ ដោយមិនខ្លាចញញើត ជាបន្តបន្ទាប់។
តែយ៉ាងណាករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិរបស់សិល្បករចម្រៀងអាយ៉ៃរូបនេះ សមត្ថកិច្ចកំពុងស្វែងរកចាប់ក្រុមចោរយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ៕
Tag:
ព្រហ្ម ម៉ាញ
សិល្បៈ
អាយៃ
© រក្សាសិទ្ធិដោយ thmeythmey.com