ភ្នំពេញ៖ ត្រីធម្មជាតិកាន់តែខ្សត់ ស្របពេលតម្រូវការបរិភោគត្រីកាន់តែច្រើន បានធ្វើឲ្យរបរចិញ្ចឹមត្រីនៅកម្ពុជា រីកដុះដាលកាន់តែច្រើន។ ចំណែកឯអ្នកប្រកបរបរនេះ ក៏កាក់កបដែរ។
សូមស្តាប់បទយកការណ៍របស់លោក រ៉ឹម ភារី នៃសារព័ត៌មានថ្មីៗដូចតទៅ៖
បឹងសំរោង ដែលស្ថិតសង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានក្លាយជាបណ្តុំកសិដ្ឋានចិញ្ចឹមត្រី ដ៏ល្បីឈ្មោះមួយនៅក្រុងភ្នំពេញ។ ផ្ទៃបឹងមួយផ្នែកធំ បានខណ្ឌចែកជាផ្នែកៗដោយឫស្សី និងអួនក្រឡាញឹក ដែលមានម្ចាស់រៀងៗខ្លួន។
អ្នកស្រី ខេន សាអយ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី
អ្នកស្រី ខេន សាអយ បានប្រកបរបរចិញ្ចឹមត្រីនេះជាង១០ឆ្នាំមកហើយ។ បច្ចុប្បន្នស្ត្រីវ័យ៣៣ឆ្នាំរូបនេះ មានកសិដ្ឋានចិញ្ចឹមត្រីទំហំ២ហិកតា ស្ថិតនៅក្នុងបឹងសំរោងខាងជើង។ អង្គុយក្រោមផ្ទះតូច ប្រក់ស័ង្គសី នៅក្នុងបឹងសំរោង ជាដែលទីកន្លែងដេកយាមត្រី អ្នកស្រី ខេន សាអយ បានឲ្យដឹងថា របរចិញ្ចឹមត្រី បានធ្វើឲ្យជីវភាពអ្នកស្រីប្រសើរជាងមុន បើទោះបីនឿយបន្តិចមែន។ អ្នកស្រី ខេន សាអយ បន្ថែមដូច្នេះថា៖«ត្រីនេះ ចិញ្ចឹមមួយឆ្នាំ ឬកន្លះឆ្នាំ តាមពូជធំ ឬពូជតូច។ បើពូជតូច ចិញ្ចឹមមួយឆ្នាំកន្លះ ទើបបានលក់។ ចំណូលក្នុងមួយឆ្នាំ វាមិនទៀងទេ។ បើវារស់ទៅ វាអត់ក្តៅខ្លាំង វាអត់ងាប់ បានមួយម៉ឺនពីរម៉ឺនបីម៉ឺន(ដុល្លារ)អ៊ីចឹងទៅ វាមិនទៀង។ ខ្ញុំចិញ្ចឹមជាមួយប្តីខ្ញុំ ខ្ញុំអត់ជួលកម្មករនោះទេ»។
បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមត្រីដដែល បច្ចុប្បន្នរបរនេះ កំពុងត្រូវប៉ាន់ ជាពិសេសប្រភេទត្រីសុង ដែលគេពេញនិយមយកធ្វើម្ហូបនៅក្នុងកម្មវិធីផ្សេងៗ និងសម្រាប់ធ្វើម្ហូបនៅតាមភោជ នីយដ្ឋាននានា។ ចំណែកតម្លៃរបស់វា ក៏បានថ្លៃគួរសមដែរ ដោយត្រីមួយក្បាលមានទម្ងន់១គីឡូក្រាមឡើងទៅ មានតម្លៃ៨ពាន់រៀល ហើយអតិថិជនមកទិញដល់កន្លែងទៀតផង។ មានសម្បុរស និងមានមាឌធំ អ្នកស្រី ខេន សាអយ ដែលអះអាងថាខ្លួនជាកូនកាត់ខ្មែរវៀតណាម បន្ថែម៖«ខ្ញុំស្រឡាញ់របរចិញ្ចឹមត្រីនេះ ព្រោះរកស៊ីរបស់នេះ វាស្រួល ទោះវារកបានម៉ាគែរួចម៉ាគែ តែវាមិនលំបាកជាងធ្វើការខ្ញុំគេ។ ខ្ញុំគេពិបាក បើយើងអាចរកស៊ីខ្លួនឯងបាន យើងរកទៅ»។
លោក ថាច់ ញុង ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីនៅសង្កាត់សំរោងដែរនោះ ក៏ទទួលស្គាល់ដែរថា របរចិញ្ចឹមត្រីនេះកាក់កប។ លោក ថាច់ ញុង ដែលមានដើមកំណើតនៅកម្ពុជាក្រោម បានជួលស្រះទំហំ៨អា នៅក្នុងតម្លៃ៧០០ដុល្លារក្នុងមួយឆ្នាំ ដើម្បីចិញ្ចឹមត្រីប្រា ត្រីទីឡាប់យ៉ា និងត្រីជាច្រើនប្រភេទទៀត ដោយទទួលបានប្រាក់ចំណេញ ចន្លោះពី១,៥០០ដុល្លារ ទៅ២,០០០ដុល្លារ ក្នុងមួយខែ។ ប្រកបរបរចិញ្ចឹមត្រីនេះជាង២០ឆ្នាំ បានធ្វើឲ្យបុរសវ័យ៦០ឆ្នាំរូបនេះ មានជីវភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែត្រីចិញ្ចឹមមានតម្រូវការច្រើន និងមានទីផ្សារល្អជាបន្តបន្ទាប់។
អង្គុយលើរោងឲ្យចំណីត្រី លោក ថាច់ ញុង រៀបរាប់បន្ត៖ «ត្រីប្រាលក់នៅផ្សារមួយគីឡូតម្លៃ៥,៣០០រៀល បើត្រីងៀតប្រហើមហ្នឹង តម្លៃ៦,០០០រៀលក្នុងមួយគីឡូក្រាម…ខ្ញុំចិញ្ចឹមត្រីសុងទៀត។ ជាធម្មតា ខ្ញុំបោះតាមម៉ូយតុការ និងភោជនីយដ្ឋាននេះ ភោជនីយដ្ឋាននោះ ហើយពួកចិនពីកំពង់សោម ជួនកាលមួយអាទិត្យមកយក៥០០ក្បាល បីបួនរយក្បាល។ តែប្រភេទត្រីហ្នឹងពិបាកចិញ្ចឹមដែរ វាយូរ»។
លោក ថាច់ ញុង ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី
បើតាម លោក ថាច់ ញុង ទោះបីត្រីចិញ្ចឹមមានតម្រូវការច្រើននៅក្នុងទីផ្សារមែន តែត្រីចិញ្ចឹម ក៏ត្រូវបានប្រជាជនខ្លាចរអា ដោយសារ តែកសិដ្ឋានចិញ្ចឹមត្រីខ្លះ ប្រើចំណីត្រីដែលសារជាតិគីមី។ លោកពន្យល់យ៉ាងបែបនេះ៖ «ខ្ញុំចិញ្ចឹម វាយូរឆ្នាំហើយ វាមិនមានជាតិគីមីទេ។ ខ្ញុំដាក់កន្ទក់ និងអាចម៍ត្រី ពោះត្រីដែលសល់ពីធ្វើត្រីនៅផ្សារ យកមកស្ងោរឲ្យត្រីស៊ី។ តើមានជាតិគីមីមកណា? អត់មានទេ ១០០ភាគរយ។ ហើយបើចំណីបេមកពីវៀតណាម អាហ្នឹង ខ្ញុំអត់ដឹង មិនដឹងគេលាយអាម៉េច? គេមានបច្ចេកទេសរបស់គេ។ ចំណែក បងប្អូនណាដែលមិនចង់រើសត្រីប៉ះត្រីមានជាតិគីមី កុំរើសត្រីណាធាត់ៗ អាហ្នឹងជាត្រីមកពីវៀតណាម ជាពិសេស ត្រីទីឡាប់យ៉ា ត្រីអណ្តែង ត្រីរ៉ស់ ភាគច្រើនមកពីវៀតណាម ហើយបងប្អូនយើងអត់ដឹង រកតែត្រីធាត់ៗ អាហ្នឹងហើយជាតិគីមី។ ចង់រកត្រីអត់ជាតិគីមី រកត្រីណាស្គមៗទៅ»។
មិនមែនត្រូវប៉ាន់តែអ្នកចិញ្ចឹមត្រីនោះទេ អ្នកលក់ត្រីក៏កាប់កបដូចគ្នាដែរ។ លោក កន ឡាលុច ជាអាជីវករបោះដុំត្រីប្រា បានឲ្យដឹងថា លោកបានយកត្រីចិញ្ចឹមពីនៅម្តុំព្រែកព្នៅ ទៅបោះដុំនៅក្នុងកំពង់ផែមួយ ក្បែរផ្សារព្រែកព្នៅ។ នៅក្នុងមួយថ្ងៃ លោកអាចលក់ត្រីបានចំនួន២តោន។ ប្រកបរបរនេះបានប្រមាណ៥ឆ្នាំ បុរសវ័យ២៨ឆ្នាំរូបនេះថា លោកមានជីវភាពធូរធារ ព្រោះរបរមួយនេះ អាចរកចំណូលបានក្រែលដែរ។ កំពុងរៀបចំធុងដាក់ត្រីជាមួយកម្មកររបស់ខ្លួន លោក កន ឡាលុច បានរៀបរាប់ពីទីផ្សារត្រីចិញ្ចឹមយ៉ាងដូច្នេះថា៖ «ពីនាក់បងខ្ញុំ លក់បាន២តោន។ ធ្លាប់តែលក់ត្រីប្រា បើគេផ្សេង គេលក់ត្រីគ្រប់មុខ។ មានតាំងពីកំពង់ធំ កំពង់ចាម កំពង់ស្ពឺ សុទ្ធតែមកយកពីព្រែកព្នៅ។ ឥឡូវពួកថៅកែធំៗ គេដឹកតាមឡានធំៗទៅលក់នៅតាមផ្សារធំៗ ដោយមានស្តង់គេនៅទីនោះហ្មង។ កាលមុន ម៉ូយធំៗ ពួកគេមកយកដល់កន្លែងនេះតែម្តង»។
ក្រៅពីទីផ្សារក្នុងស្រុក ត្រីរបស់កម្ពុជា ក៏បាននាំចេញទៅទីផ្សារក្រៅប្រទេសដែរ។ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល បានថ្លែងកាលពីចុងឆ្នាំ២០១៨ថា នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជា បាននាំចេញត្រី ចន្លោះពី៦ ទៅ៧ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិ។
តាមពិតទៅ កំណើនប្រជាជន បូកនឹងការនាំត្រីចេញទៅក្រៅប្រទេសនេះហើយ បានធ្វើត្រីកាន់តែមានតម្រូវការខ្ពស់។ ការសិក្សាស្រាវជ្រាវមួយ កាលពីឆ្នាំ២០១២ បានបញ្ជាក់ថា ប្រជាជនកម្ពុជាម្នាក់ បរិភោគត្រីចំនួន៦៣គីឡូក្រាមនៅក្នុងមួយឆ្នាំ។
កំពង់ផែព្រែកព្នៅ កន្លែងបោះដុំត្រីដ៏ធំមួយ
អ្នកស្រី លីណា អាយុ៣០ឆ្នាំ ជាស្ត្រីមេផ្ទះម្នាក់ ដែលកំពុងតថ្លៃត្រី នៅក្នុងផ្សារព្រែកព្នៅដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីបឹងសំរោង បានឲ្យដឹងថា អ្នកស្រីតែងតែមកទិញត្រីនៅផ្សារព្រែកព្នៅនេះ ហើយគ្រួសារអ្នកស្រីត្រូវការហូបត្រីលើសពី១គីឡូក្រាមនៅក្នុងមួយថ្ងៃ។ អង្គុយរើសត្រីបណ្តើរ ស្ត្រីមេផ្ទះរូបនេះ រៀបរាប់បណ្តើរថា៖ «ខ្ញុំចូលចិត្តត្រីទន្លេ ត្រីធម្មជាតិ តែអានេះត្រីចិញ្ចឹមទេ។ ខ្ញុំតម្រូវខម៉ាំ ដូច្នេះ ខ្ញុំទិញត្រីហ្នឹង ព្រោះវាមានទឹករំអិល។ ឥឡូវត្រីធម្មជាតិមិនសូវមានទេ សម្បូរតែត្រីចិញ្ចឹម»។
ខណៈដែលត្រីចិញ្ចឹមមានតម្រូវការច្រើន និងផ្គត់ផ្គង់បានទៀតទាត់នោះ ទាំងលោក ថាច់ ញុង និងអ្នកស្រី ខេន សាអយ បានជំរុញពលរដ្ឋផ្សេងទៀត ចាប់យករបរចិញ្ចឹមត្រី បើទោះបីរបរនេះ នឿយបន្តិចមែន តែវាបានផ្តល់ចំណូលច្រើនគួរសម និងមិនបាច់ចំណាកស្រុកទៅរកការងារឆ្ងាយនោះទេ៕
កន្លែងធ្វើចំណីត្រីនៅបឹងសំរោង