ជំនួបរវាងក្រសួងការពារជាតិ(ទ័ព) ជាមួយគីរីវង់សុខសែនជ័យ ត្រូវបានផ្លាស់ប្តូរទាំងពេលវេលា និងទីលានប្រកួត។ លោក ភា សុភ័ក្ត្រា បានចាត់ទុកបញ្ហានេះជាកត្តារួមចំណែកក្នុងបរាជ័យរបស់ក្រុម បន្ថែមលើបញ្ហាកីឡាកររងពិន័យកាតក្រហម។ ឆន្ទៈ និងការលេងមិនខ្លាចរបួសរបស់កីឡាករគីរីវង់ ក៏ជាកត្តារួមចំណែកផងដែរ។ ក្រុមព្រះខ័នរាជស្វាយរៀងបានធ្លាក់ទៅឈរលេខរៀងទី២ ក្រោយស្មើ ២-២ ជាមួយភ្ញៀវបឹងកេត ខណៈអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាស៊ីអឺរ៉ុបទទួលបាន៣ពិន្ទុរៀងៗខ្លួន។
លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រសួងការពារជាតិបានដាក់បន្ទុកធំលើបញ្ហាកាតក្រហមរបស់ខ្សែប្រយុទ្ធ Bisan George ជាមូលហេតុធ្វើឲ្យក្រុមរងបរាជ័យ ៤-១ ក្រោមថ្មីជើងគីរីវង់សុខសែនជ័យ នាជំនួបក្របខណ្ឌខេមបូឌានលីគសប្តាហ៍ទី៨ កាលពីយប់ថ្ងៃអាទិត្យទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី។ ខ្សែប្រយុទ្ធរូបនេះបានរងពិន័យកាតក្រហមនៅតង់ទី២ ក្រោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យក្នុងទំនាស់ជាមួយកីឡាករគីរីវង់សុខសែនជ័យ។ ខណៈពេលនោះក្រុមគីរីវង់បាននាំទ័ពក្នុងលទ្ធផល ២-១។
គ្រូបង្វឹករូបនេះ បានចាត់ទុកការផ្លាស់ប្តូរម៉ោងប្រកួត ក៏រួមចំណែកក្នុងបរាជ័យនេះផងដែរ។ សម្រាប់ការប្រកួតរវាងក្រុមក្រសួងការពារជាតិជាមួយគីរីវង់សុខសែនជ័យ ដែលគ្រោងធ្វើនៅកីឡដ្ឋានមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវនៅម៉ោង៣:៣០នាទីរសៀល បានផ្លាស់ទៅលេងនៅម៉ោង៧យប់នៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី។
«ការប្រកួតនេះយើងប្រើកម្លាំងខុសប្រក្រតី មានន័យថា ការផ្គត់ផ្គត់អាហារសម្រន់ដល់កីឡាករ យើងធ្វើមិនបានល្អ យើងបានផ្គត់ផ្គង់ដែរ តែមិនបានគ្រប់លក្ខណៈដោយសារយើងមិនត្រៀមទុកមុនឲ្យបានគ្រប់គ្រាន់។ តួយ៉ាងយើងញ៉ាំអាហារថ្ងៃត្រង់តាំងពីម៉ោង១១ព្រឹក ដើម្បីត្រៀមលេងនៅម៉ោង៣កន្លះ ប៉ុន្តែអ្វីៗប្រែប្រួលទៅលេងនៅម៉ោង៧យប់ ដែលជាហេតុធ្វើឲ្យកីឡាករបាត់បង់កម្លាំងកាយសម្បទា»។ នេះជាការរៀបរាប់របស់លោក ភា សុភ័ក្ត្រា។
ជាមួយនឹងការលើកពីបញ្ហាប្រឈម លោក ភា សុភ័ក្ត្រា បានសរសើរពីសមត្ថភាពរបស់កីឡាករថា ពួកគេមានឆន្ទៈខ្ពស់ក្នុងការប្រកួត ដោយមិនខ្លាចប្រឈមនឹងបញ្ហារបួស។ ជាមួយគ្នានេះ លោកបានបង្ហាញអារម្មណ៍សោកស្តាយចំពោះកីឡាករខ្លួន ដែលធ្វើឲ្យខកខានឱកាសមាសនៅ២០នាទីដំបូងនៃតង់ទី១។
ក្រោយការខកខានឱកាសរបស់ទ័ព កីឡាករ Silva Santos សម្រេចបានមួយគ្រាប់ ក្រោយការលើកចេញពីជ្រុងរបស់កីឡាករ ដើម្បីជួយឲ្យគីរីវង់នាំមុខ ១-0 នៅនាទីទី៣២ មុនកីឡាករ Reiya Konishita សម្រេច១គ្រាប់បន្ថែមនៅនាទីទី៥២។ ៥នាទីក្រោយមកខ្សែប្រយុទ្ធ Bisan George បានទាត់បាល់ពិន័យ១១ម៉ែត្រតាមពីក្រោយ ២-១ សម្រាប់ក្រសួងការពារជាតិ មុនរូបគេត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហម។ កីឡាករ ដាវ នីម និង Reiya Konishita បានបន្ថែមម្នាក់១គ្រាប់ជាបន្តបន្ទាប់ ដើម្បីនាំជ័យជម្នះ ៤-១ សម្រាប់គីរីវង់សុខសែនជ័យ។
សម្រាប់ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង មិនអាចប្រើភាពមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះយកឈ្នះភ្ញៀវបឹងកេត ដើម្បីបន្តឈរកំពូលតារាងក្នុងសប្តាហ៍ទី៨បានឡើយ។ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ដោយខ្សែប្រយុទ្ធ Purcino Luiz Eduardo និងកីឡាករ ឃួន ឡាបូរ៉ាវី ជាអ្នករកគ្រាប់បាល់ឲ្យបឹងកេត ខណៈខ្សែប្រយុទ្ធ Jean Marie Privat និង Charles William ជាអ្នករកគ្រាប់បាល់ឲ្យម្ចាស់ផ្ទះស្វាយរៀង។ លទ្ធផលនេះ ធ្វើឲ្យព្រះខ័នរាជស្វាយរៀងធ្លាក់ពីកំពូលតារាងទៅឈរនៅលេខរៀងទី២មាន២០ពិន្ទុ ក្រោមណាហ្គាវើល ដែលយកឈ្នះអង្គរថាយហ្គឺរ ៤-0 មួយពិន្ទុ។ ចំណែកបឹងកេតឈរលេខ៦មាន១៤ពិន្ទុ។
ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ១-០ ដែលសម្រេចដោយកីឡាករ Booysen Shane។ ការប្រកួតនៅកីឡដ្ឋានអេ អ៊ី យូ ស្ពតផាក ក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបបានលត់កំពង់ចាមក្នុងលទ្ធផល ៥-០ ដោយកីឡាករ Ajayi Opeyeni Korede សម្រេចបាន៤គ្រាប់ និងរួមចំណែក១គ្រាប់ដោយកីឡាករ Mitani Joshua៕