ជាតិ
២៥ខេត្ត/រាជធានី
អ្នកស្រី ថៃ ឆេងលី ដាំបន្លែសុវត្ថិភាពលើ«ធ្នើរ» ទទួលបានផលច្រើន ទោះជាមេឃក្តៅខ្លាំងក៏ដោយ 21, May 2019 , 8:59 am
អ្នកស្រី ថៃ ឆេងលី អ្នកដាំបន្លែសុវត្ថិភាព នៅលើធ្នើរ ក្នុងឃុំ
× សៀមរាប៖ ទោះបីអាកាសធាតុមានកម្តៅរហូតដល់៤០អង្សាសេ ក្នុងអំឡុងខែប្រាំងក៏ដោយ ប៉ុន្តែប្រជាកសិករដាំបន្លែនៅលើ«ធ្នើរ» នៅតែទទួលទិន្នផលច្រើន។ អ្នកស្រី ថៃ ឆេងលី ជាអ្នកដាំបន្លែសុវត្ថិភាពនៅលើធ្នើរ មួយរូប ក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានអះអាងថា ការដាំបន្លែនៅលើធ្នើរ ក្នុងរដូវក្តៅ ទទួលបានទិន្នផលយ៉ាងហោចណាស់៨០ភាគរយ បើធៀបទៅការដាំបន្លែនៅដីធម្មតាបានត្រឹមតែ៣០ភាគរយប៉ុណ្ណោះ។
រយៈពេលជាង៥ឆ្នាំមកនេះ អ្នកស្រី ឆេងលី បានអនុវត្តបច្ចេកទេសដាំបន្លែចម្រុះមុខនៅលើធ្នើរ ចំនួន៥ នៅក្រោយផ្ទះ ដោយធ្នើរនីមួយៗមានទទឹង១,២ម៉ែត្រ និងបណ្តោយ១៧,៥ម៉ែត្រ ជាមួយកម្ពស់ជិត១ម៉ែត្រពីដី ។ បើតាមកសិកររូបនេះ បន្លែដែលដាំនៅលើធ្នើរ គឺអាចដាំបានពេញមួយឆ្នាំ មិនថាក្នុងរដូវវស្សា ឬវដូវប្រាំងទេ ហើយទទួលបានទិន្នផលច្រើន និងល្អទៀតផង។
«ការដាំដុះបន្លែរបស់ខ្ញុំគឺមិនប្រើប្រាស់សារធាតុគីមីអ្វីឡើយ គឺប្រើតែជីកំប៉ុស និងថ្នាំពុលកសិកម្មធម្មជាតិ។ ជាមធ្យមក្នុងមួយខែខ្ញុំអាចទទួលប្រាក់ចំណូលបានពី៥៥ម៉ឺនទៅ៧០ម៉ឺនរៀល ពីបន្លែទាំង៥ធ្នើររបស់ខ្ញុំ»។ នេះជាអះអាងរបស់អ្នកស្រី ឆៃ ឆេងលី។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey ស្ត្រីវ័យជាង៣០ឆ្នាំរូបនេះ បាននិយាយថា ចំពោះបន្លែស្លឹកដែលមានរយៈពេល៣០ថ្ងៃចុះក្រោម ដាំក្នុងខែមេសា-ឧសភា ដែលជាខែក្តៅខ្លាំង អ្នកស្រីអាចទទួលបានទន្និផលយ៉ាងហោចណាស់៥០គីឡូក្រាមក្នុងមួយធ្នើរៗ។ អ្នកស្រីបានបន្តនិយាយដូច្នេះថា៖«ជាបទពិសោធន៍របស់ខ្ញុំ បន្លែដាំនៅលើធ្នើរ ក្នុងខែក្តៅនេះ មិនមែនថាខូចនោះទេ ប៉ុន្តែខូចតិចតួចបំផុត បើធៀបទៅនឹងការដាំដុះទំហំដីដូចគ្នា ដោយការថែទាំ ស្រោចទឹក២-៣ដងក្នុងមួយថ្ងៃដូចគ្នានៃបន្លែដែលកសិករដាំនៅលើដីធម្មតា គឺបន្លែដាំនៅលើដីធម្មតា បានផលយ៉ាងច្រើនត្រឹម២០គីឡូក្រាមប៉ុណ្ណឹង»។
ជាទូទៅបន្លែដែលអ្នកស្រី ឆេងលី ដាំដុះក្នុងរដូវប្រាំង មានស្ពៃ សាឡាត់ ខ្ទឹមស្លឹក ជីគីនឆាយ ព្រោះបន្លែទាំងនេះគឺធន់អាកាសធាតុក្តៅ និងមានរយៈពេលខ្លី ដែលត្រឹម៣០ថ្ងៃ ឬលើសពីនេះតិចតួច អាចប្រមូលផលយកទៅលក់បាន។ អ្នកស្រីបានបញ្ជាក់ថា៖«ការដាំបន្លែនៅលើធ្នើរនេះ គឺដើម្បីទទួលបានទិន្នផលច្រើន ដើម្បីដាំបានពេញមួយឆ្នាំផង និងដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលមានគ្រោះទឹកជំនន់ក្នុងរដូវវស្សា និងកើនឡើងកម្តៅក្នុងរដូវប្រាំង»។
ក្រៅពីរដូវប្រាំងដែលមានអាកាសធាតុក្តៅខ្លាំង អ្នកស្រី ឆេងលី អាចប្រមូលផលបន្លែបានពី៦០ទៅ៧០គីឡូ ក្នុងមួយធ្នើរ។ នេះបើតាមអ្នកស្រី ឆេងលី៕
Tag:
កសិកម្ម
បន្លែសុវត្ថិភាព
ធ្នើរ
ប្រែប្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com