ជាតិ
សេដ្ឋកិច្ច
EBA៖ រដ្ឋាភិបាល​ថា កម្ពុជា​បើកចំហ​នយោបាយ ខណៈ​អាល្លឺម៉ង់​ស្នើឱ្យ​បើកចំហ​ពិតប្រាកដ​
21, May 2019 , 9:59 pm        
រូបភាព
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម(ខាងឆ្វេងដៃ) លោក Norbert Barthle សមាជិកសភា សហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (ខាងស្តាំដៃ)
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម(ខាងឆ្វេងដៃ) លោក Norbert Barthle សមាជិកសភា សហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (ខាងស្តាំដៃ)
​ភ្នំពេញ​៖ រដ្ឋាភិបាល អះអាងថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ល្អ ហើយ​ការអភិវឌ្ឍ និង​ការដោះស្រាយ​បញ្ហា​សង្គម កាន់​តែមាន​វឌ្ឍនភាព​ប្រសើរឡើង​។ ការអះអាង​របស់​រដ្ឋា​ភិ​បាល​នេះ គឺ​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​អាល្លឺម៉ង់ ដែល​ស្នើ​ឲ្យ​កម្ពុជា​គិតគូរ​ពី​បញ្ហា​ទាំងនេះ ដើម្បី​អាច​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​បន្តទៀត​។​
 
​លោក Nobert BARTHLE តំណាង​មន្ត្រីជាន់ខ្ពស់​ប្រទេស​អាល្លឺម៉ង ដែលជា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​(EU) បាន​រម្លឹក​ប្រាប់​កម្ពុជា​ថា ការបើកចំហ​នយោបាយ និង​ការគោរព​សិទ្ធិមនុស្ស​ពិតប្រាកដ វា​នឹង​ជួយ​ឲ្យ​កម្ពុជា​អាច​រក្សាបាន​ជំនួយ និង​ភាពអនុគ្រោះ​ខាង​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​។  
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ដែល​និយាយ​ពី​ជំនួយ​អាល្លឺម៉ង់​ផ្ដល់​ឲ្យ​កម្ពុជា កាលពីពេល​ថ្ងៃទី​១៥ ឧសភា លោក Nobert BARTHLE បាន​និយាយ​ភ្ជាប់​ជាមួយ​ករណី​អនុគ្រោះ​ពន្ធ​ដូច្នេះ​ថា​៖ «​ប្រសិនបើ​លំហ​នយោបាយ និង​សង្គម​ពិតជា​ត្រូវបាន​បើកចំហ​នោះ កម្ពុជា​នឹង​អាច​គេច​ផុតពី​ការបាត់បង់​នូវ​ក្របខណ្ឌ​គាំពារ​ពិសេស​ផ្នែក​ពាណិជ្ជ​កម្មនេះ​។ ច្បាប់​ជាតិ និង​ការអនុវត្ត​ជាក់ស្ដែង ត្រូវ​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្ដរជាតិ ដូចជា សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​ខាង​ការជួបជុំ និង​ប្រមូលផ្ដុំ​។ ខ្ញុំ​ជឿជាក់ថា វា​មិន​ពិបាក​នឹង​សម្រេច​ទេ​»​។ 
 
​ជុំវិញ​បញ្ហា​នេះ លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​និយាយថា ការបើកចំហ​ផ្នែក​នយោបាយ សេដ្ឋកិច្ច ការគោរព​សិទ្ធមនុស្ស និង​ទំនាក់ទំនង​ការទូត​ផ្សេងៗ ដែលជា​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប កំណត់​ឲ្យ​កម្ពុជា​អនុវត្ត ដើម្បី​ទទួលបាន​ការអនុគ្រោះ​ពន្ធ​នោះ គឺ​កម្ពុជា​បាន​អនុវត្តតាម​ជានិច្ច ក្នុងនាម​ជា​ប្រទេស​ក្រីក្រ ។ ប៉ុន្តែ​កម្ពុជា ក៏ត្រូវ​រឹងមាំ​ខ្លួនឯង​នៅពេល​អស់​ការអនុគ្រោះ​ពន្ធ​នេះដែរ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​សហភាព​អឺរ៉ុប​ទាមទារ​ឱ្យ​យើង​ធ្វើ​នេះ ធ្វើ​នោះ ដើម្បី​ទទួលបាន​បន្ត​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ខណៈដែល​យើង​មិនទាន់រួច​ផុតពី​ប្រទេស​ក្រីក្រ​។ ហើយ​ការដក EBA មុន​កម្ពុជា​រួចផុត​ពី​ប្រទេស​ក្រីក្រ​នេះ យើង​នឹង​ពង្រីក​ជំហរ​ផ្ទៃក្នុង​នៃ​ផលិតកម្ម​គ្រប់យ៉ាង​ក្នុងស្រុក ដើម្បីឱ្យ​កម្ពុជា​រឹងមាំ​ដោយ​ខ្លួនឯង តាមរយៈ​ការកាត់បន្ថយ​ចំណាយ​ណា​មិនចាំបាច់ ដើម្បី​មាន​ភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​ក្នុងការ​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប​»​។ 
 
​តែ​យ៉ាងណា​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​និយាយថា កម្ពុជា​ពុំទាន់​មាន​អ្វី​បើកចំហ​ជាល​ក្ខ​ខណៈ​ធំដុំ​នោះទេ​។ ឆ្លើយតប​នឹង​ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​នោះ លោក រ៉ុង ឈុន បាន​និយាយ​ដូច្នេះ​ថា​៖« រដ្ឋាភិបាល​គ្រាន់តែ​ធ្វើ​វិសោធនកម្ម​មួយចំនួន ដូចជា ការបើកផ្លូវ​ឱ្យ​អ្នកនយោបាយ​ជាង​១០០​នាក់ ដែល​ហាមឃាត់​ឱ្យមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​, មានការ​ដោះលែង​សកម្មជន​នយោបាយ​មួយចំនួន​ចេញពី​ពន្ធនាគារ​ព្រៃ​ស និង​ប្រមុខ​រដ្ឋាភិបាល​បានលើកឡើង​ពី​ពាក្យបណ្តឹង​លើ​មេ​សហជីព​ទាំង​៦​រូប ដើម្បីឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ  ប៉ុន្តែ​មកដល់ពេលនេះ បញ្ហា​មេ​សហជីព​ទាំង​៦​រូបនេះ នៅតែ​ជាប់​បណ្តឹង​ដដែល នៅ​សាលាឧទ្ធរណ៍​។ នេះ​ជាការ​វិវត្តន៍​ផ្នែក​នយោបាយ​តិចតួច​បំផុត​នាពេល​បច្ចុប្បន្ន​»​។ 
 
​បើតាម​លោក រ៉ុង ឈុន អ្វីដែល​សហភាព​អឺរ៉ុប​ចង់បាន​ពី​កម្ពុជា​ក្នុងការ​បើកចំហ​នយោបាយ គឺ​ការដោះលែង​លោក កឹម សុខា និង​សមាជិក​ជាង​១០០​នាក់ របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ក្នុងនោះ​រួមមាន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ។ ជាពិសេស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ជាមួយនឹង​ការរៀបចំ​បោះឆ្នោត​សារជាថ្មី​។​
 
​ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​និយាយថា​៖« អ្វីដែល​សហភាព​អឺរ៉ុប​បានស្នើ​ឡើង ខ្ញុំ​គិតថា​យើង​ពុំមាន​អ្វីដែល​លំបាក​នោះទេ​។  ពីព្រោះ​យើង​ធ្វើឱ្យ​ស្ថានភាព​ហ្នឹង វិល​ទៅរក​ស្ថានភាព​ដើម​ប៉ុណ្ណោះ​។ ផ្ទុយទៅវិញ បើ​រដ្ឋាភិបាល​ពុំបាន​អនុវត្តតាម​ការលើកឡើង​របស់​សហភាព​អឺរ៉ុប វា​មិន​ត្រឹមតែ​បាត់បង់​ប្រព័ន្ធ​EBA​នោះទេ វា​ថែមទាំង​ឈានដល់​ការបាត់បង់​ប្រព័ន្ធ​GSP ដែល​សហរដ្ឋអាមេរិក​ទៅទៀត​»​។​
 
​លោក ស៊ា​ង ថៃ ទទួលស្គាល់ថា បើ​សហភាព​អឺរ៉ុប​ដក​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​នោះ វា​នឹង​ធ្វើឱ្យ​កម្ពុជា​ខាតបង់​នូវ​ប្រាក់ចំណេញ​ខ្លះ ដែល​កម្ពុជា​ធ្លាប់​ទទួលបាន​ពី​ការ​ប្រព័ន្ធ​លើកលែង​ពន្ធ​នេះ​មែន​។ ប៉ុន្តែ​វា​មិន​ប៉ះពាល់​សេដ្ឋកិច្ចកម្ពុជា​នោះទេ​។ បើតាម​លោក ស៊ា​ង ថៃ កម្ពុជា​នឹង​ពង្រឹង​ចង្វាក់​ផលិតកម្ម​ផ្ទៃក្នុង​ឱ្យបាន​រឹងមាំ រួមទាំង​ការកាត់បន្ថយ​ថ្លៃដើម​នោះ កម្ពុជា​នៅតែ​អាច​រក្សា​ប្រាក់ចំណេញ​ពី​ការនាំ​ទំនិញ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​នេះ​។​
 
«​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​មុន​ប្រទេស​យើង​រួចផុត ពី​ភាពក្រីក្រ​នេះ គឺជា​លំ​ហាត់​មួយ​ដែល​សហភាព​អឺរ៉ុប​ដាក់ឱ្យ​យើង​អនុវត្ត ដើម្បី​ពង្រឹង​ខ្លួន​នៅពេលដែល​យើង​រួច​ផុតពី​ប្រទេស​ក្រីក្រ​ទៅ នោះ​យើង​មាន​ភាពរឹងមាំ​ស្រាប់​។ បើ​យើង​ពឹងផ្អែក​គេ​រហូតដល់​ឆ្លង​ផុតពី​ភាពក្រីក្រ ហើយ​គេ​ផ្តាច់​នៅពេលនោះ​ភ្លាម វា​ធ្វើឱ្យ​យើង​មាន​ភាព​ឡេមឡាម (​សម្លឹងមើល​អ្វីមួយ​ទាំង​ភ័យ​) »​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​។​
 
 
​យោងតាម​របាយការណ៍​ធនាគារពិភពលោក បានចេញ​ផ្សាយ​ថា ក្នុងករណី​មានការ​ព្យួរ​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នោះ​ការនាំចេញ​នឹង​អាច​ធ្លាក់ចុះ ដែល​គិត​ជា​ទឹកប្រាក់​ចន្លោះ​ប្រមាណ ៥១៣​លាន​ដុល្លារ ទៅ ៦៥៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ការ​គណនា​នេះ ដោយ​ផ្អែក​តួលេខ​នៃ​នាំ​ចេញទៅ EU ឆ្នាំ​២០១៨ ទំហំ ៤៣៤០​លាន​ដុល្លារ នៃ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ ដោយ​មិន​គិត​ផលិតផល​កង់​។ គួរ​បញ្ជាក់ថា គ្រាន់តែ​សម្លៀកបំពាក់ កាន់​ទំហំ​ដល់​ទៅ ៨០​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ EU ។​
 
​សូម​រម្លឹកថា មកដល់ពេលនេះ សហភាព​អឺរ៉ុប កំពុង​បន្ត​ដំណើរការ​នីតិវិធី​តាមដាន និង​ត្រួតពិនិត្យ​លើ​ស្ថានការណ៍​កម្ពុជា មុននឹង​សម្រេច​ថា បន្ត ឬ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​កម្ពុជា​។ នីតិវិធី​នេះ ត្រូវការ​រយៈពេល​១៨​ខែ ទើប​សហភាព​អឺរ៉ុប ធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​។ ក្នុងអំឡុង​៦​ខែ​ដំបូង សហភាព​អឺរ៉ុប ឲ្យ​កម្ពុជា​ចូលរួម​ពិភាក្សា​និង​ការពារ​ខ្លួន ដើម្បី​បញ្ចៀស ពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA៕

Tag:
 EBA
  GSP
© រក្សាសិទ្ធិដោយ thmeythmey.com