ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងការពារជាតិ ព្រមាន​ចាត់វិធានការ​លើ​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ ដែល​យក​រូប​សម្ដេច ទៀ បាញ់ ទៅប្រើ​ប្រាស់​
22, May 2019 , 9:21 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងការពារជាតិ ច្រានចោល​រាល់​ដំណឹង​ផ្សព្វផ្សាយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Gro Angel ដែល​បាន​ប្រើប្រាស់​រូបថត​សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​។ ក្រសួងការពារជាតិ នឹង​ចាត់វិធានការ​លើ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នេះ។​
 
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ បាន​បកស្រាយ​ថា គណនី​ហ្វេ​ស​បុក​ឈ្មោះ Gro Angel ដែល​បាន​យក​រូប​សម្តេច ទៀ បាញ់ ទៅប្រើ​ប្រាស់​លើ​គេហទំព័រ​របស់ខ្លួន ហើយ​បាន​សរសេរ​រិះគន់ រាជរដ្ឋាភិបាល​កម្ពុជា​នោះ គឺមាន​ចេតនា​បង្កឱ្យមាន​ការភាន់ច្រឡំ​ដល់​សាធារណជន​ប៉ុណ្ណោះ​។ ក្នុងន័យនេះ លោក ឈុំ សុជាតិ បាន​សង្កត់ធ្ងន់ថា រាល់​ខ្លឹមសារ​ចោទប្រកាន់​មកលើ​រដ្ឋាភិបាល​នានា ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​បុក​ឈ្មោះ Gro Angel កន្លងមកនេះ មិនមាន​ការពាក់ព័ន្ធ​ជាមួយនឹង​សម្តេច ទៀ បាញ់ នោះទេ​។​
 
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រូបនេះ ក៏​ព្រមាន​ចាត់វិធានការ​ដល់​ជន​ដែល​បង្កើត​ហ្វេ​ស​បុក​ខាងលើនេះ ឱ្យ​បញ្ឈប់​ការប្រើប្រាស់​រូប​ប្រមុខ​ក្រសួងការពារជាតិ ទៅ​រិះគន់​រដ្ឋាភិបាល​ផងដែរ​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក ឈុំ សុជាតិ បាន​សរសេរ​ដូច្នេះ​ថា​៖«​អំពាវនាវ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច ស្រាវជ្រាវ​ចំពោះ អ្នក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Gro Angel នេះ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ផងដែរ​»​។​
 
​ជាមួយគ្នានេះ​សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក៏បាន​ច្រានចោល​រាល់​ព័ត៌មាន​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ ដោយ​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​សូម​ជម្រាបជូន​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​ក (Facebook Account) ឈ្មោះ Gro Angel មិនមែនជា គណនី​ហ្វេ​ស​ប៊ុ​ក របស់ខ្ញុំ​នោះទេ​។ ខ្ញុំ​មិនមាន​ពាក់ព័ន្ធ​ទៅនឹង​រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់ គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Gro Angel នេះឡើយ​។ ហេតុដូច្នេះ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​»​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពា​តិ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម ជុំវិញ​ករណី​ខាងលើ​នេះឡើយ​៕
 
 
 

Tag:
 ​ទៀ បាញ់​
  ក្រសួងការពារជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com