ភ្នំពេញ៖ អ្នកក្នុងវិស័យចិញ្ចឹមជ្រូកអះអាងថា អ្នកចិញ្ចឹមពិតជាកំពុងកាក់កបក្នុងស្ថានភាពទីផ្សារសព្វថ្ងៃនេះ ខណៈជ្រូករស់ឡើងដល់រង្វង់ ១១០០០រៀលក្នុងមួយគីឡូក្រាម។ តែតម្លៃនេះ ហាក់មិនមានស្ថិរភាពនោះទេ ដោយហេតុផលជំងឺប៉េស្តអាហ្វ្រិក និងករណីបើវៀតណាមអាចនាំចូលមកកម្ពុជាសាជាថ្មី។ មួយវិញទៀត តម្លៃនេះខ្ពស់ពេក ដែលអ្នកពាក់ព័ន្ធយល់ថាតម្លៃសមរម្យគួរតែត្រឹម ៩០០០រៀលក្នុងមួយគីឡូក្រាម។
កាលពីឆ្នាំ២០១៧ គឺចាប់ពីដើមឆ្នាំនោះ ទីផ្សារជ្រូករស់នៅកម្ពុជាត្រូវបានវាយប្រហារដោយការនាំចូលជ្រូកពីវៀតណាម ដោយសត្វជ្រូកធ្លាក់មកត្រឹមរង្វង់ ៥០០០រៀលក្នុងមួយគីឡូក្រាម ដែលអ្នកចិញ្ចឹមថាក្រោមថ្លៃដើមផលិតឆ្ងាយ។ អ្នកចិញ្ចឹមខ្នាតតូចបានបោះបង់អស់មួយចំនួនធំ។ តែក្នុងរយៈពេលចុងក្រោយនេះ ទីផ្សារជ្រូករស់នៅកម្ពុជាបានងើបឡើងយ៉ាងខ្ពស់ ពោលគឺហួសពីការចង់បានទៅទៀត។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមើលឃើញថាតម្លៃជ្រូករស់ ១១០០០រៀលនេះពិតជាខ្ពស់មែន ដែលបង្កើតផលចំណេះខ្លាំងដល់អ្នកចិញ្ចឹម តែលោកថាតែវាក៏ជួយប៉ះប៉ូវ ការខាតបង់កន្លងមក គឺកាលដែលតម្លៃធ្លាក់មក ៥០០០រៀល។ លោកថ្លែងដូច្នេះថា៖«តម្លៃ ១១០០០ ទៅ១១៥០០រៀលនេះ គឺចំណេញច្រើន ហើយច្រើនហួសពីយើងចង់បាន។ តែមកដល់សព្វថ្ងៃនេះ ខ្ញុំគិតថាអ្នកចិញ្ចឹមទើបតែរួចខ្លួនទេ ព្រោះកាលខាត គឺខាតច្រើនពេក»។
បើតាមប្រធានសមាគមរូបនេះ អ្នកដែលបោះបង់ការចិញ្ចឹមជ្រូកកាលពីខាតបង់ខ្លាំងក្នុងអំឡុងឆ្នាំ២០១៧ កន្លងមក គឺមានតែ ១ភាគ១០ប៉ុណ្ណោះ ដែលងើបមកចិញ្ចឹមសារជាថ្មី។
សព្វថ្ងៃការផ្គង់ផ្គង់ ១០០ភាគរយ គឺនាំចូលប្រមាណ ៣០ភាគរយ និងចិញ្ចឹមក្នុងស្រុក ៧០ភាគរយ ដោយក្រុមហ៊ុន CP តែឯងបានផ្គត់ផ្គង់ ៥០ភាគរយទៅហើយ។ នេះបើតាមលោក ស្រ៊ុន ពៅ ។
គួរបញ្ជាក់ថា កន្លងមកការនាំចូលជ្រូក ភាគច្រើនគឺយកពីវៀតណាម តែដោយសារការផ្ទុះជំងឺប៉េស្តអាហ្វ្រិក ការនាំចូលនេះត្រូវបង្វែរយកពីប្រទេសថៃវិញ ដោយបិទការនាំចូលពីវៀតណាម។
លោក ស្រ៊ុន ពៅ ឲ្យដឹងថា តម្លៃជ្រូករស់ដែលអ្នកចិញ្ចឹមអាចចំណេញគឺពី ៨០០០ ទៅ ៩០០០រៀលក្នុងមួយគីឡូក្រាម ហើយក៏ជាតម្លៃសមស្របសម្រាប់អ្នកបរិភោគផងដែរ។ លោកបញ្ជាក់ដូចនេះថា៖«យើងចង់បានតម្លៃទីផ្សារពី ៨០០០ ទៅ ៩០០០រៀលបានហើយ កុំឲ្យវាលើសជាងនេះពេក ដែលយើងទូទាត់អាចទទួលយកបាន។ ហើយកាលណាឡើងថ្លៃពេកគឺប៉ះពាល់ដល់អ្នកបរិភោគរាប់លាននាក់»។
រីឯលោក លី ឡាវីល អ្នកគ្រប់គ្រងកសិកដ្ឋានចិញ្ចឹមជ្រូកនៃក្រុមហ៊ុន M’s Pig របស់លោក ម៉ុង ឫទ្ធី ក៏មើលឃើញថា តម្លៃជ្រូករស់សព្វថ្ងៃផ្ដល់ផលចំណេញខ្ពស់ដល់អ្នកផ្គង់ផ្គង់ផងដែរ ហើយលោកថា តម្លៃអាចទទួលយកបានគឺគួរតែត្រឹម ៩០០០រៀល។ លោកប្រាប់ថាថ្លៃដើមផលិត គឺក្នុងរង្វង់ ៧៥០០រៀល ឬអាចដល់ ៨០០០រៀលសម្រាប់អ្នកចិញ្ចឹមតូចៗក្នុងជ្រូករស់មួយគីឡូក្រាម ដូចនេះបើលក់ចេញ ៩០០០ គឺអ្នកចិញ្ចឹមអាចចំណេញបានហើយ។
ទោះយ៉ាងណាលោក ឡាវីល មិនសាទរនឹងតម្លៃខ្ពស់នេះឡើយ ព្រោះជាតម្លៃដែលគ្មានស្ថិរភាព។ «អ្នកចិញ្ចឹមជ្រូកចង់បានតែ ៩០០០រៀលទេ តែធ្វើយ៉ាងម៉េចឲ្យតម្លៃនោះមានស្ថិរភាព។ គេអត់ចង់បានតម្លៃ ១១០០០រៀលនេះទេ ខណៈវៀតណាមតែ ៧០០០រៀល»។
លោក ឡាវិល អះអាងថា ដោយសារជ្រូកវៀតណាមហូរចូលមិនរួច (មិននិយាយដល់ករណីលួចនាំចូលតូចៗខ្លះ) ទើបជ្រូកនៅកម្ពុជាលក់បានថ្លៃបែបនេះ បើពុំដូច្នោះទេតម្លៃនឹងទាញតាមតម្លៃជ្រូកវៀតណាមមិនខាន។ លោកបន្តថាតម្លៃជ្រូកនៅកម្ពុជា មិនមែនអ្នកចិញ្ចឹមក្នុងស្រុកជាអ្នកកំណត់ទេ គឺតម្លៃរត់តាមទីផ្សារប្រទេសជិតខាង ព្រោះកម្ពុជាពឹងផ្អែកការនាំចូលពីប្រទេសជិតខាងនៅឡើយ។
សព្វថ្ងៃក្រសួងកសិកម្មបើកឲ្យនាំចូលជ្រូកពី ១០០០ក្បាល ទៅ ១៥០០ក្បាលក្នុងមួយថ្ងៃ។ ដោយសារបិទពីវៀតណាម ដូចនេះការនាំចូលនេះគឺយកពីប្រទេសថៃ។ បើតាមលោក ឡាវិល តម្លៃជ្រូកនៅថៃក៏ខ្ពស់ដែរ គឺប្រមាណ ១០០០០រៀលក្នុងមួយគីឡូក្រាម ដូចនេះមិនទាញឲ្យតម្លៃជ្រូកនៅកម្ពុជាធ្លាក់មកក្រោមនេះ។
ទោះតម្លៃជ្រូកបានខ្ពស់ តែស្ថានភាពសព្វថ្ងៃនៅតែគំរាមកំហែងដល់ទាំងអ្នកចិញ្ចឹមស្រាប់ និងអ្នកចង់មកចិញ្ចឹមឡើងវិញ ព្រោះតែជំងឺប៉េស្តអាហ្វ្រិក និងលទ្ធភាពជ្រូកពីប្រទេសជិតខាងអាចត្រូវនាំចូលខ្លាំងនៅពេលជំងឺនេះផុតរលត់។
តបសំណួរថា ហេតុអ្វីកសិកដ្ឋាន M’s Pig មិនពង្រីកការចិញ្ចឹមឲ្យខ្លាំង ដើម្បីចាប់ឱកាសជ្រូកឡើងថ្លៃនេះ លោក លី ឡាវីល ឆ្លើយប្រាប់ដូច្នេះថា៖«នរណាហ៊ាន បើជ្រូកនៅវៀតណាមថ្លៃ ៧០០០រៀល ហើយឧទាហរណ៍រដ្ឋាភិបាលថាជ្រូកថ្លៃណាស់ ឲ្យជ្រូកចូលមកវិញ នោះតម្លៃនឹងដូចវៀតណាមទៅហើយ។ នេះដោយសារផ្ទុះជំងឺនៅវៀតណាម តែបើគ្មានជំងឺនៅវៀតណាមទេ ជ្រូកខ្មែរលក់បានដល់ ៩០០០ ឬ១០០០០រៀលបានដោយរបៀបណា»។
លោក ឡាវីល ថ្លែងបន្តដូច្នេះថា៖«ឥឡូវនេះយើងអត់ផ្ទុះជំងឺខ្លាំងទេ តែឧបមាថាផ្ទុះរាលដាលដូចនៅវៀតណាម ជ្រូកនឹងធ្លាក់មក ៧០០០រៀល ដូចនេះសួរថាមានស្ថិរភាពមកពីណា នរណាហ៊ានចិញ្ចឹម»។
ក្រុមហ៊ុន M’s Pig ផ្គង់ផ្គង់ប្រមាណ ៥ទៅ៨ភាគរយនៃចំណែកទីផ្សារសរុបនៅកម្ពុជា បើធៀបនឹងក្រុមហ៊ុន CP គឺតិចជាងជិត១០ដងឯណោះ។ នេះបើតាមលោក លី ឡាវីល ។
ទាក់ទិននឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ទាំងលោក ស្រ៊ុន ពៅ និងលោក លី ឡាវីល សរសើរចំណាត់ការរបស់ក្រសួងកសិកម្ម ក្នុងការទប់ស្កាត់ជំងឺនេះមិនឲ្យរាលដាលទៅខេត្តផ្សេងទៀត ក្រៅពីតំបន់ដែលកើតជំងឺនេះនៅខេត្តរតនគិរី និងស្នើឲ្យក្រសួងបន្តការប្រឹងប្រែងនេះទៀត៕