ជាតិ
សិល្បះ
ភរិយាលោក គង្គ ប៊ុនឈឿន មានសិទ្ធិគ្រប់គ្រងបទ «ថ្ងៃដែលអូនចុកឈាម» ផ្លូវការហើយ! 24, May 2019 , 11:32 am
× លោកស្រី គាត គឹមលន (Keath Kimlorn) ដែលបច្ចុប្បន្នរស់នៅប្រទេសន័រវែស មានសិទ្ធិគ្រប់គ្រងមរតកបទចម្រៀងដែលមានចំណងជើងថា «ថ្ងៃដែលអូនចុកឈាម»។ នេះបើតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយអះអាងថា បទចម្រៀងដែលច្រៀងដោយ លោកស្រី រស់ សេរីសុទ្ធា ពិតជាស្នាដៃនិពន្ធរបស់ លោក គង្គ ប៊ុនឈឿន ទាំងបទភ្លេង និងទំនុកច្រៀង។
លោកស្រី តាត គីមលន ជាភរិយារបស់លោក គង្គ ប៊ុនឈឿន ជាកវីនិពន្ធបទចម្រៀងជំនាន់ដើម បានស្នើសុំគ្រប់គ្រងមរតកសាសន៍លើបទចម្រៀង «ថ្ងៃដែលអូនចុកឈាម» ដែលគេច្រឡំហៅថាបទ«នឹកភូមិភ្នំធំ»។ ការស្នើសុំបទនេះ បន្ទាប់ពីមានករណីផលិតកម្មមួយក្នុងស្រុក យកទៅច្រៀង ជាមួយនឹងការកាឡៃ ខុសពីសភាពដើម។
«ផ្អែកតាមការពិនិត្យ និងសិក្សារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប:ទាំងភស្តុតាង និងសាក្សី ក្រសួងបានសម្រេចអនុញ្ញាតប្រគល់ជូនលោកស្រី គាត គឹមលន ដើម្បីគ្រប់គ្រងនូវបទចម្រៀងមួយបទនេះ»។ នេះបើតាមសេចក្តីដែលចុះហត្ថលេខាដោយលោកស្រីរដ្ឋមន្ត្រី ភឿង សកុណា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។
ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបំណងចង់ឲ្យទាយាទនៃអ្នកនិពន្ធដទៃទៀត ធ្វើយ៉ាងណាខិតខំស្វែងរកឯកសារ និងភស្តុតាងដើម្បីស្នើសុំគ្រប់គ្រងសិទិ្ធនូវបទចម្រៀង ឬស្នាដៃ គ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ពីក្រសួងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com