ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍ ជ្រើសរើសនិស្សិតចូលរៀនជំនាញកក់សំបុត្រយន្តហោះដោយឥតគិតថ្លៃ 25, May 2019 , 7:59 am
រូបថតហ្វេសប៊ុកពីលោក ឃុន ថោងស៊ីន
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នឹងជ្រើសរើសនិស្សិតដែលចង់រៀនជំនាញកក់សំបុត្រ(Ticketing and Reservation) តាមប្រព័ន្ធ AMADEUS នៅរាជធានី ដោយឥតគិតថ្លៃ។ និស្សិតដែលទទួលបាន ឱកាសនេះ នឹងមានចំណេះដឹង ជំនាញ ដែលស្របតាមស្តង់ដារក្រសួងទេសចរណ៍ និងក្រុមហ៊ុន ACA Travel Tours។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា។
ក្រោយពីនិស្សិតបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពពីក្រសួងទេសចរណ៍,ទទួលបានការបណ្តុះបណ្តាលផ្ទាល់ពីគ្រូអាស៊ាន និងមានឱកាសទទួលបានការងារខ្ពស់ តាមបណ្តាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នានា ជាពិសេសនិស្សិតដែលរៀនចប់ ត្រូវបានកត់ត្រាគុណវុឌ្ឍិចូលក្នុងសៀវភៅជំនាញទេសចរណ៍(Tourism skill passport)ផងដែរ។
មុននឹងបេក្ខជនទទួលបានឱកាសនេះ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ជាសិស្ស-និស្សិតកំពុងសិក្សាតាមបណ្តាគ្រឹះស្ថានសិក្សាទេសចរណ៍ និងបដិសណ្ឋារកិច្ចនានា ត្រូវចេះជំនាញកុំព្យូទ័រ(Ms.Word, Excel, Power Point, Internet and Email)។ ចេះនិយាយ ស្តាប់ អាន និងសរសេរភាសាអង់គ្លេសបានល្អ មានឆន្ទៈ និងមានការតាំងចិត្តខ្ពស់ក្នុងការសិក្សា។ ជំនាញទាំងប៉ុន្មាននេះហើយ ដែលតម្រូវឲ្យបេក្ខជនត្រូវតែមាន ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជា។
សម្រាប់ពាក្យស្នើសុំចូលរៀន បេក្ខជនត្រូវតែភ្ជាប់មកជាមួយរូបថតថ្មី ៤×៦ចំនួន៣សន្លឹក រូបថត ៣×៤ ចំនួន៣សន្លឹក, ជីវៈប្រវត្តិសង្ខេប(CV) ១ច្បាប់, លិខិតអម(Cover Letter) ១ច្បាប់,សេចក្តីចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន១ច្បាប់ និងលិខិតបញ្ជាក់ការសិក្សា ឬបណ្ណសម្គាល់ខ្លួនចេញដោយគ្រឹះស្ថានសិក្សា(ថតចម្លង១ច្បាប់) នៅក្រុមហ៊ុន ACA Travel and Tours ដែលមានអាសយដ្ឋាន ផ្ទះលេខ ៣៣៣B មហាវិថីព្រះមុនី្នវង្ស ឬតាមរយៈអ៊ីម៉ែល
[email protected] និងតាមលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ដែលមានអាសយដ្ឋាននៅជាន់ទី៤ នៃក្រសួងទេសចរណ៍ ឬតាមអ៊ីម៉ែល
[email protected]។
បេក្ខជនត្រូវតែមកដាក់ពាក្យឲ្យបានមុនថ្ងៃទី០៥ ខែមិថុនា។ សម្រាប់កាលបរិច្ឆេទប្រឡងចូលរៀននៅថ្ងៃទី១២ ខែមិថុនា ដែលប្រឡងលើវិញ្ញាសាផ្តោតលើចំណេះដឹងទូទៅផ្នែកទេសចរណ៍។ ចំពោះវេនសិក្សាវិញ បេក្ខជនអាចសិក្សានៅវេនព្រឹកចាប់ពីម៉ោង៨ ដល់ម៉ោង១១ព្រឹក និងវេនរសៀលចាប់ពីម៉ោង ២ដល់ម៉ោង៥ល្ងាច៕
Tag:
និស្សិត
យន្តហោះ
ទេសចរណ៍
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com