ជាតិ
សេដ្ឋកិច្ច
ពេលច្រកស្ទឹងបត់ដំណើរការ ការដឹកជញ្ជូនឆ្លងកាត់ គយកម្ពុជានិងថៃត្រួតពិនិត្យរួមគ្នាតែ១លើក 24, May 2019 , 10:19 pm
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អះអាងថា មន្ត្រីគយរបស់កម្ពុជា និងគយរបស់ថៃ នឹងត្រួតពិនិត្យទំនិញឆ្លងកាត់តែមួយលើករួមគ្នា ដោយគ្មានការពិនិត្យសងខាងនោះទេ នៅពេលច្រកទ្វារអន្តរជាតិស្តឹងបត់-បានណងអៀង ដាក់ឲ្យដំណើរការ។
លោក ស៊ុន ចាន់ថុល លើកឡើងពីការធ្វើការរួមគ្នារវាងមន្ត្រីគយរបស់កម្ពុជា និងថៃដូចនេះ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្ដីពីការសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ រវាងក្រសួងសាធារណការ និងក្រុមហ៊ុនសាងសង់ FIN Technic របស់ថៃ។
បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាខាងលើនេះ ក្រុមហ៊ុន FIN Technic នឹងចាប់ផ្ដើមសាងសង់អគារច្រកទ្វារត្រួតពិនិត្យព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ពីច្រកព្រំដែននេះទៅផ្លូវជាតិលេខ៥ ជិត២គីឡូម៉ែត្រ។ គម្រោងនេះនឹងចំណាយ ៨៣៥បាត(ប្រមាណ២៦លានដុល្លារ) ដែលជាកម្ចីសម្បទានពីរដ្ឋាភិបាលថៃ និងគ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេល២៤ខែ។
សូមបញ្ជាក់ថា អគារច្រកព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់នេះ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី២២ខែមេសា ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលដំណាលគ្នានឹងការសម្ពោធស្ពានស្ទឹងបត់នៅពេលនោះ។
នៅពេលច្រកទ្វារព្រំដែនអន្តរជាតិមួយនេះដំណើរការជាស្ថាពរ ច្រកទ្វារនេះនឹងទទួលការដឹកជញ្ជូនទំនិញឆ្លងកាត់ ហើយច្រកអន្តរជាតិប៉ោយប៉ែត នឹងត្រូវទុកសម្រាប់តែទេសចរប៉ុណ្ណោះ។
ការដឹកជញ្ជូននឹងឆាប់រហ័សជាងមុន ដោយមន្ត្រីគយប្រទេសទាំងពីរនឹងត្រួតពិនិត្យ និងអនុញ្ញាតឲ្យឆ្លងកាត់ច្រក ក្នុងមួយលើកជាមួយគ្នា ពោលគឺមិនពិនិត្យសងខាងនោះទេ។ លោក ស៊ុន ចាន់ថុល ថ្លែងប្រាប់អ្នកកាសែតដូច្នេះថា៖«ច្រកទ្វារនេះសម្រាប់ទទួលការដឹកទំនិញ ហើយទេសចរចូលតាមប៉ោយប៉ែត។ យើងត្រួតពិនិត្យរួមគ្នា គយកម្ពុជានិងគយថៃ មើលតែម្ដងបានហើយ កុំត្រួតពិនិត្យពីរដង ព្រោះបើមិនពិនិត្យរួមគ្នាទេ ការដឹកទំនិញនឹងយឺតយ៉ាវ កកស្ទះយូរពេក»៕
Tag:
ស្ទឹងបត់
ច្រកព្រំដែន
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com