ជាតិ
លោក ហ៊ុន ម៉ានី ថា ការអប់រំ ជាកត្តាកំណត់ជោគវាសនាប្រទេសជាតិ 24, May 2019 , 5:22 pm
× តើយើងចង់ឃើញវិស័យអប់រំរបស់កម្ពុជាយ៉ាងណាក្នុងរយៈពេល១០ឆ្នាំ ២០ឆ្នាំ ឬ៥០ឆ្នាំខាងមុខ? លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានលើកសំណួរនេះច្រើនដងទៅកាន់គ្រូឧទ្ទេស គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី២៤ខែឧសភា ក្នុងឱកាសដែលលោកកំពុងធ្វើបាឋកថាស្តីអំពី«ស្ថានភាពអប់រំក្នុងបរិបទកម្ពុជា»។ ទោះកម្រិតវិស័យអប់រំយ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ានី ថ្លែងថា វាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធ ពិសេសលោកគ្រូអ្នកគ្រូ។
សម្រាប់លោក ហ៊ុន ម៉ានី វិស័យអប់រំ គឺជាអ្វីៗទាំងអស់សម្រាប់កម្ពុជានៅថ្ងៃអនាគត ដោយរាប់ចាប់ពីការធានាកំណើនសេដ្ឋកិច្ច ការធ្វើទំនាក់ទំនងអន្តរជាតិ និងការការពារជាតិផង។ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបន្តថា កម្ពុជាត្រូវការវាយតម្លៃស្ថានភាពអប់រំ ដើម្បីដឹងថាខ្លួនកំពុងស្ថិតនៅទីតាំងណា ដោយប្រៀបធៀបជាមួយពិភពលោក និងជាពិសេសជាមួយតំបន់។
នៅចំពោះមុខ គ្រូឧទ្ទេស និងគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន ម៉ានី បានទាញចំណាប់អារម្មណ៍អនាគតគ្រូបង្រៀនទាំងនោះយ៉ាងដូច្នេះ៖«មិនមែនខ្មែរប្រកួតជាមួយខ្មែរគ្នាឯងនោះទេ។ សម្រាប់រឿងខ្លះ វាគឺជាការត្រៀមប្រកួតប្រជែងក្នុងក្របខណ្ឌតំបន់។ នៅក្នុងអាស៊ាន យើងដាក់សិង្ហបុរី ជាគោលដៅប្រកួតប្រជែង។ ខួរក្បាលកូនខ្មែរ មិនខ្សោយជាងជនជាតិសិង្ហបុរីនោះទេ»។
លោក ហ៊ុន ម៉ានី គឺជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភាដែលត្រូវតាមដានការអនុវត្តវិស័យអប់រំរបស់រដ្ឋាភិបាល បានដឹកនាំសមាជិកគណៈកម្មការចុះសិក្សាស្ថានភាពអប់រំបាន១៤ខេត្តហើយ មកដល់ពេលនេះ។ ចំពោះលោក ហ៊ុន ម៉ានី កម្ពុជាកំពុងអនុវត្តគោលនយោបាយអប់រំត្រឹមត្រូវរួចហើយ ប៉ុន្តែថាកម្ពុជាក៏ត្រូវធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងកម្មវិធីសិក្សាដើម្បីឆ្លើយតបនឹងការទីផ្សារការងារ និងការប្រកួតប្រជែងដែរ។
ការកែទម្រង់ក្នុងវិស័យអប់រំ គឺជារឿងសំខាន់មួយសម្រាប់លោក ហ៊ុន ម៉ានី បើសិនជាវាចាំបាច់មែននោះ។ ប៉ុន្តែអ្វីដែលសំខាន់ដែលធ្វើឱ្យកំណែទម្រង់មានប្រសិទ្ធភាព គឺការចូលរួមពីលោកគ្រូអ្នកគ្រូ និងការខិតខំប្រឹងប្រែងរបស់សិស្សនិស្សិត។ ពីលើវេទិកា អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី បានរំឮកប្រាប់អ្នកចូលរួមផងដែរ អំពីកំណែទម្រង់ប្រព័ន្ធប្រព័ន្ធអប់រំ និងកម្មវិធីសិក្សារបស់ប្រទេសសិង្ហបុរីកាលពីពេលថ្មីៗនេះ បើទោះជាប្រព័ន្ធអប់រំរបស់ប្រទេសនេះ និងធនធានមនុស្សរបស់សិង្ហបុរី ត្រូវបានទទួលស្គាល់ជាអន្តរជាតិរួចទៅហើយក៏ដោយ។
«ការអប់រំ គឺជាកត្តាកំណត់ជោគវាសនាជាតិ។ សម្តេចតេជោធ្លាប់មានប្រសាសន៍ថា ឧបករណ៍ក្នុងដៃដើម្បីគ្រប់គ្រងរដ្ឋ គឺមានក្រសួង៤សំខាន់ជាងគេ៖ គឺក្រសួងការពារជាតិ សន្តិសុខជាតិ ការបរទេស និង ក្រសួងសេដ្ឋកិច្ច។ សម្រាប់ខ្ញុំ វិស័យអប់រំ គឺជាកត្តាកំណត់ដែលធានាថា វិស័យទាំង៤នេះ ត្រូវមានធនធានមានសមត្ថភាព»។ នេះជាការយល់ឃើញរបស់លោក ហ៊ុន ម៉ានី។
កាលពីខែមីនា ក្នុងឱកាសដែលលោកជួបសំណេះសំណាលជាមួយយុវជនថ្នាក់ដឹកនាំនៅតាមក្រសួងនិងមន្ទីររបស់រដ្ឋ លោកក៏បានអំពាវនាវ និងលើកទឹកចិត្តឱ្យពួកគេពង្រីកចំណេះ និងសម្រួចជំនាញក្នុងបរិបទនៃការវិវត្តរបស់កម្ពុជា និងពិភពលោកផងដែរ។
បន្ទាប់មកនៅថ្ងៃទី២២ខែមេសាកន្លងទៅ គណៈកម្មការទី៧នៃរដ្ឋសភា បានសហការជាមួយក្រសួងអប់រំ ដើម្បីរៀបចំសិក្ខាសាលាមួយស្តីពីការវិវត្តវិស័យអប់រំក្នុងបរិបទឌីជីថលក្នុងក្របខណ្ឌសកលនិងកម្ពុជា។ អ្នកជំនាញវិស័យអប់រំខ្មែរ និងបរទេសជាច្រើនរូបត្រូវបានអញ្ជើញឱ្យធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលានោះដែលមានការចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រ មន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល និងថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាផង៕
Tag:
អប់រំ
គរុសិស្ស
ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com