ជាតិ
ឪពុក​ក្មេងប្រុស សា​លិ ថា​លោក​រំភើប និង​ស្លុតចិត្ត ដល់​ថ្នាក់​ដេក​ឈឺ​៣​យប់​ពេល​កូន​ចេញទៅ​រៀន​នៅ​ចិន​
25, May 2019 , 9:59 am        
រូបភាព
​សៀមរាប​៖ នៅ​ពាក់​កណ្ដាលខែ ឧសភា​កន្លងទៅ ក្មេងប្រុស ធុច សា​លិ បាន​លេចមុខ​នៅលើ​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាថ្មី បន្ទាប់ពី​រូបគេ សម្រេច​បំណង​ទៅ​រៀន​នៅ​សាលា​ភាសា​បរទេសមួយ ក្នុងប្រទេស​ចិន​។ ការណ៍​នេះ មិន​ត្រឹមតែ​សា​លិ​ទេ ដែល​សប្បាយ ឪពុកម្ដាយ និង​សាធារណជន​ជាច្រើន ក៏​សប្បាយរីករាយ​វាសនា​របស់​ក្មេងប្រុស​នេះដែរ​។ ឪពុក​សា​លិ គឺ​លោក សុន វុទ្ធី រំភើប​ដល់​ថ្នាក់​ធ្លាក់ខ្លួន​ឈឺ នៅពេល​កូនប្រុស​ខ្លួន បានសម្រេច​បំណង​របស់គេ​។​
 
​លោក សុន វុទ្ធី ឪពុក​ក្មេងប្រុស ធុច សា​លិ បានបង្ហាញ​អារម្មណ៍​រីករាយ ក៏ដូចជា​ស្លុតចិត្ត​ខ្លះ​ដែរ ពេល​កូន​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាលា​ដ៏​ល្បីឈ្មោះ​មួយ នៅ​ប្រទេស​ចិន​។ ស្លុតចិត្ត ដ្បិត មិនដែល​បែក​កូន ហើយ​កូន​ទៅ​រៀន​ឆ្ងាយ​តែម្នាក់ឯង ធ្វើឱ្យ​លោក វុទ្ធី ធ្លាក់ខ្លួន​ដេក​ឈឺ​អស់​៣​យប់​៤​ថ្ងៃ​។ នេះ​ជាការ​បញ្ជាក់​របសលោក វុទ្ធី​។​
 
​ក្មេងប្រុស ធុច សា​លិ ដែល​ល្បីល្បាញ​ក្នុង​បណ្ដាញ​សង្គម ក្នុងអំឡុង​ខែ វិច្ឆិកា ឆ្នាំ​២០១៨ តាមរយៈ​សមត្ថភាព​និយាយ​ភាសាបរទេស​ច្រើន​ភាសា បានសម្រេច​ទៅ​រៀន នៅ​សាលា​ឯកជន​មួយ ក្នុង​ខេត្ត ជេ​ជាំ​ង ដែល​ស្ថិតនៅ​ភាគ​ខាងកើត ប្រទេស​ចិន​។ ឪពុក​របស់​ក្មេងប្រុស​សា​លិ បញ្ជាក់ថា​កូន​របស់ខ្លួន គ្រោង​រៀន​នៅ​ទីនោះ រហូតដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ​តែម្ដង ដែល​សរុប​ប្រមាណ ៧​ឆ្នាំ​។ លោក វុទ្ធី រៀបរាប់​ទៀតថា​៖ «​សាលា​ធ្លាប់​មកជួប ប៉ា​ធម៌​(​ជួយ​ជ្រោមជ្រែង​គ្រួសារ​សា​លិ​) នៅ​ភ្នំពេញ​ម្ដង តែ​ពេលនោះ មិនទាន់​សម្រេច​ទៅ​រៀន​។ ទើបតែ​ពេលនេះ កូន​សា​លិ សម្រេច​ទៅដោយ​ខ្លួនឯង​តែម្ដង ដើម្បី​ចំណេះដឹង និង​បទពិសោធន៍​ទៅ​អនាគត​»​។ 
 
​មុននឹង​សម្រេចចិត្ត ទៅ​រៀន​នៅ​សាលា​ភាសាបរទេស ហៃ​លាំង​ជេ​ជាំ​ង (Zhejiang Hailiang Foreign Language School) ខាង​សាលា​ធ្លាប់​នាំ​គ្រួសារ​សា​លិ ទៅ​ទស្សនកិច្ច​នៅ​សាលា​ដោយផ្ទាល់​ផងដែរ​។ សា​លិ ចូលរៀន​នៅ​ថ្នាក់​ទី​៩ ហើយ​កំពុង​ប្រឹងរៀន​អក្សរ ព្រោះ​ផ្នែក​ភាសា សា​លិ ចេះ​ច្រើន​ហើយ​។ នេះ​ជាកា​អះអាង របស់លោក វុទ្ធី ជា​ឪពុក សា​លិ​។​
 
​សា​លិ បាន​ចេញទៅ​រៀន​នៅ​ចិន កាលពី​ថ្ងៃទី​១៣ ឧសភា ឆ្នាំ​២០១៩ ដោយ​ទទួល​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ពី​ខាង​សាលា​។ ឆ្នាំនេះ សា​លិ អាយុ ១៥​ឆ្នាំ​ហើយ​។ លោក សុន វុទ្ធី រំលឹកថា សា​លិ​ជា​ក្មេង​ឧស្សាហ៍​ព្យាយាម ខិតខំ​រៀនសូត្រ និង​មិនដែល​ធ្វើឱ្យ​ឪពុកម្ដាយ​ពិបាកចិត្ត​ឡើយ​។ ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅមុខ​ផ្ទះ ដែល​ស្ថិតនៅ​ខាងជើង​កំពែង​ប្រាសាទបន្ទាយក្ដី លោក សុន វុទ្ធី ប្រាប់ថា ចង់ឃើញ​សា​លិ មាន​អនាគត​ល្អ និង​ត្រឡប់មក​ស្រុកកំណើត​វិញ ដើម្បី​ជួយ​អភិវឌ្ឍន៍​សង្គមជាតិ​៕
 

Tag:
 ធុច សា​លិ​
 ​អប់រំ​
 ​ទេសចរណ៍​
 ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com