ជាតិ
​​​ន​យោ​បាយ​ជាតិ​
នៅ​ជប៉ុន សម្តេច ហ៊ុន សែន នឹង​ចែករំលែកទស្សន​វិស័យ​​លើ​​ការស្វែងរក​សណ្តាប់ធ្នាប់​ពិភពលោក និង​ការ​ជម្នះ​ភាពវឹកវរ​
28, May 2019 , 9:06 am        
រូបភាព
ដោយ: រួបរួម
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែឧសភា បាន​ដឹកនាំ​ប្រតិភូ​ទៅកាន់​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី «​អនាគត​របស់​អាស៊ី​»​។ នាឱកាស​នោះ មេដឹកនាំ​កម្ពុជា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​មួយ​លើ​មូលបទ​«​ការស្វែងរក​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​-​ការ​ជម្នះ​ភាពវឹកវរ​» ព្រមទាំង​ចែករំលែក​ទស្សនៈវិស័យ​ផ្សេងៗ​។


«​អនាគត​របស់​អាស៊ី​» (The Future of Asia) ជា​សន្និសីទ​អន្តរជាតិ ដែល​ផ្តល់​ឲ្យ​មេដឹកនាំ​នយោបាយ សេដ្ឋកិច្ច និង​បញ្ញវន្ត នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ចែករំលែក​បទពិសោធ​ន៍ និង​ទស្សនវិស័យ​របស់ខ្លួន​ក្នុងការ​លើកកម្ពស់​ភាព​សុខដុម សន្តិភាព និង​វិបុលភាព​រួម​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ក្នុង​ពិភពលោក​។ សន្និសីទ​នេះ ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Nikkei តាំងពី​ឆ្នាំ​១៩៩៥​មក​។​

​នា​សន្និសីទ​លើក​ទី​២៥ ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ស្ថិត​ក្នុងចំណោម​មេដឹកនាំ និង​បញ្ញវន្ត​ផ្សេងទៀត ដែល​ត្រូវ​ចែករំលែក​បទពិសោធន៍ និង​ទស្សនវិស័យ​របស់ខ្លួន​។ វាគ្មិន​ផ្សេងទៀត​មានដូចជា លោក Rodrigo Duterte (​ប្រធានាធិបតី​ហ្វីលីពីន​), លោក Mahathir Mohamad (​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​), លោកស្រី Sheikh Hasina (​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស​), លោក Thongloun Sisoulith (​នាយករដ្ឋមន្ត្រី​ឡាវ​) លោក Malcolm Turnbull អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី រួមទាំង​មន្ត្រីជាន់ខ្ពស់​ម៉ុង​ហ្គោ​លី វៀតណាម សិង្ហ​បុរី ព្រុយ​ណេ មី​យ៉ាន់​ម៉ា ថៃ ឥណ្ឌូណេស៊ី ចិន និង​អ្នកជំនាញ​ជប៉ុន​ជាច្រើនរូប​ទៀត​។

​សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​មួយ​លើ​មូលបទ​«​ការស្វែងរក​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​-​ការ​ជម្នះ​ភាពវឹកវរ​» ព្រមទាំង​ចែករំលែក​ទស្សនៈវិស័យ​លើ​បរិបទ​សកលលោក​បច្ចុប្បន្ន ,​ចក្ខុវិស័យ​នាពេល​អនាគត ,​មាគ៌ា​ឆ្ពោះទៅមុខ និង​ការប្តេជ្ញាចិត្ត និង​រួមចំណែក​របស់​កម្ពុជា ក្នុងការ​លើកកម្ពស់​ភា​ព​សុខដុម សន្តិភាព និង​វិបុលភាព​រួម​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ក្នុង​ពិភពលោក​។​

​ជាមួយគ្នា​នោះ សម្តេច​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​សម​ភាគី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ ហើយនឹង​ធ្វើជា​សាក្សី​ក្នុងការ​ចុះហត្ថលេខា​លើ​លិខិត​ផ្លាស់ប្តូរ​សារ​ព្រមព្រៀង ស្តីពី​ការផ្តល់​ជំនួយឥតសំណង​របស់​ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចំនួន​២​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com