ជាតិ
២៥ខេត្ត/រាជធានី
អ្នកជំនាញកំពុងសិក្សានាំ«ផ្កាអំបិល»ខេត្តកំពតជិត១០តោនទៅជប៉ុន និងអឺរ៉ុប 28, May 2019 , 3:12 pm
![](https://image.thmeythmey.com/pictures/2019/05/28/thumb2/thmeythmey25.jpg)
×![]()
កំពត៖ កំពត គឺជាខេត្តផលិតអំបិលធំជាងគេនៅក្នុងប្រទេសកម្ពុជា។ គុណភាពអំបិលខេត្តកំពត ដែលផលិតដោយដៃជាលក្ខណៈប្រពៃណីរបស់ប្រជាកសិករ នៅក្នុងសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប ត្រូវបានឈ្មួញនៅប្រទេសបារាំងបញ្ជាទិញចំនួន១០៨តោន តាមរយៈក្រុមហ៊ុន Confirel កាលពីមុខែមេសា ឆ្នាំ២០១៩នេះ។ ទន្ទឹមនឹងភាពល្បីល្បាញពីអំបិលកំពតនេះ «ផ្កាអំបិល» ដែលជាប្រភេទអំបិលដ៏កម្រ និងមានអត្ថប្រយោជន៍ច្រើននេះ ត្រូវបានក្រុមកសិករ ១០គ្រួសារ ប្រមូលផ្កាអំបិលបានជិត១០តោន ហើយពួកគាត់កំពុងសិក្សាពីការនាំចេញទៅសហភាពអឺរ៉ុប និងទៅប្រទេសជប៉ុន។
សម្រាប់សហគមន៍អ្នកផលិតអំបិលកំពត-កែប ការប្រមូលផលផ្កាអំបិល គឺជារឿងថ្មី ប៉ុន្តែ លោក ប៊ុន រិន ប្រធានបច្ចេកទេសនៃសហគមអ្នកផលិតអំបិលកំពត-កែប បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ នេះ មានសមាជិកចំនួន ១០គ្រួសារ ប្រមូលផ្កាអំបិលបានជិត១០តោន។ ហើយពួកគាត់ កំពុងសិក្សាពីការនាំផ្កាអំបិលទាំងនោះ ទៅសហភាពអឺរ៉ុប និងទៅប្រទេសជប៉ុន»។
![](https://image.thmeythmey.com/pictures/2019/05/28/thumb2/thmeythmey25_1.jpg)
កាលពីឆ្នាំ២០១៨កន្លងទៅ លោក ប៊ុន រិន បានបញ្ជាក់ថា ក្រុមកសិករទាំងនោះ បាននាំផ្កាអំបិលទៅប្រទេសជប៉ុនបានប្រមាណ៥០០គីឡូក្រាម ដោយ លក់ក្នុងតម្លៃរង្វង់ពី៦ទៅ៧ដុល្លារក្នុងមួយគីឡូក្រាម។ ដោយឡែកផ្កាអំបិល លក់រាយក្នុងស្រុកទៅឱ្យភោជនីដ្ឋានធំៗ មានតម្លៃពី១០ទៅ១៥ដុល្លារក្នុងមួយគីឡូក្រាម។
![](https://image.thmeythmey.com/pictures/2019/05/28/thumb2/thmeythmey25_5.jpg)
ផ្កាអំបិល គឺជាអំបិលកម្រមួយប្រភេទ ដែលអណ្តែតលើផ្ទៃទឹកក្នុងស្រែអំបិល ប៉ុន្តែ មិនសូវមានអ្នកចាប់អារម្មណ៍ និងដឹងពីអត្ថប្រយោជន៍របស់វាឡើយ។ លក្ខណៈពិសេសនៃ «ផ្កាអំបិល» គឺមានសារធាតុសូដ្យូមតិច និងមិនសូវមានជាតិប្រៃខ្លាំង។ លោក ប៊ុន រិន ប្រធានបច្ចេកទេសនៃសហគមន៍អ្នកផលិតអំបិលកំពត-កែប បានប្រាប់ ThmeyTmey 25 ថា គេអាចប្រើប្រាស់ដើម្បីថែរក្សាសម្រស់នារី និងជួយដល់សុខភាពបានច្រើន ហើយផ្កាអំបិលជាទូទៅគេយកខ្ចប់ធ្វើជាកាដូ ឬអំណោយសម្រាប់ឱ្យអ្នកធំៗ ឬភ្ញៀវបរទេស។ សម្រាប់ផ្កាអំបិលនេះ សហគមន៍ ក៏បានយកទៅចូលរួមតាំងពិព័រណ៍នៅបរទេសផងដែរ។
![](https://image.thmeythmey.com/pictures/2019/05/28/thumb2/thmeythmey25_6.jpg)
សហគ្រិនស្ត្រីវ័យក្មេង ថូង ធីតា ដែលមានស្រែអំបិលផ្ទាល់ខ្លួន និងជាអ្នកទិញផ្កាអំបិលពីកសិករផងនោះ បានពន្យល់ពីការផលិតផ្កាអំបិលនេះថា ដើម្បីផលិត «ផ្កាអំបិល» បាន កសិករដែលរស់នៅភូមិស្រែ ឃុំត្រើយកោះ ក្រុងកំពត ខេត្តកំពត ត្រូវយកអំបិលដែលអណ្តែតនៅលើផ្ទៃទឹកក្នុងស្រែអំបិលនោះ មកហាលឲ្យស្ងួត ដើម្បីឲ្យក្លាយជាផ្កាអំបិល។ ការដាក់ហាលនេះ គឺមានរយ:ពេលកំណត់យូរថ្ងៃជាងការហាលអំបិលធម្មតា ដែលមានរយៈពេលត្រឹមតែ៣ទៅ៤ថ្ងៃប៉ុណ្ណោះ។
![](https://image.thmeythmey.com/pictures/2019/05/28/thumb2/thmeythmey25_3.jpg)
កញ្ញា ថូង ធីតា ម្ចាស់សហគ្រាសផលិតអំបិលធម្មជាតិថូង អ៊ិនធឺប្រៃស៍ (Thaung Enterprise) នៅខេត្តកំពត បានបញ្ជាក់ប្រាប់ ThmeyThmey25 ថា ការយកអំបិលអណ្តែតលើផ្ទៃទឹកក្នុងស្រែអំបិលនោះ មកហាលបន្ថែម គឺត្រូវការកម្ដៅថ្ងៃក្ដៅល្មម រួមផ្សំនឹងខ្យល់ធម្មជាតិ និងអាកាសធាតុល្អប្រសើរ ទើបផលិតបានជាផ្កាអំបិលដែលមានគុណភាពល្អ។ ផ្កាអំបិលនេះ មិនមែនកើតមាននៅគ្រប់រដូវទេ ពោលគឺវាមានផ្កានៅអំឡុងខែមេសា ឬឧសភា ប៉ុណ្ណោះ ដែលគេហៅថា ខែចែត្រក្ដៅខ្លាំង។ «ផ្កាអំបិល» មិនមែនជាអំបិលក្រួសនោះទេ ពោលគឺវាជាគ្រាប់អំបិលល្អិតៗ និងសជាងអំបិលធម្មតា៕
![](https://image.thmeythmey.com/pictures/2019/05/28/thumb2/thmeythmey25_2.jpg)
![](https://image.thmeythmey.com/pictures/2019/05/28/thumb2/thmeythmey25_4.jpg)
![](https://image.thmeythmey.com/pictures/2019/05/28/thumb2/thmeythmey25_7.jpg)
![](https://image.thmeythmey.com/pictures/2019/05/28/thumb2/thmeythmey25_8.jpg)
Tag:
ផ្កាអំបិល
អំបិលកំពត
ជំនួញ
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com