ភ្នំពេញ៖ ក្រសួងមហាផ្ទៃ កំពុងដំណើរការរៀបចំច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីថែរក្សារបៀបរៀបរយនៅក្នុងសង្គម។ តែសង្គមស៊ីវិល ហាក់ដូចជាព្រួយបារម្ភពីការរិតត្បិតសេរីភាព នៃការជួបជុំតវ៉ា តាមរយៈច្បាប់ថ្មីនេះ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឹមលេខ បាននិយាយថា ការតាក់តែងច្បាប់សណ្ដាប់ធ្នាប់សាធារណៈនេះឡើង គឺក្នុងគោលបំណងចង់រក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខនៅតាមផ្លូវ ដូចជាដាក់វិន័យលើការដាក់លក់ដូរនៅតាមចិញ្ចើមផ្លូវ និងការបញ្ហាចរាចរណ៍ជាដើម។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានដឹកនាំកិច្ចប្រជុំរៀបចំសេចក្តីព្រាងច្បាប់នេះ បានប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«យើងកំពុងសិក្សាស្រាវជ្រាវពីអ្វីដែលជាក់ស្ដែង ពីបញ្ហាកើតឡើងនៅក្នុងប្រទេសយើង។ ហើយយើងនឹងស្រាវជ្រាវយកតាមច្បាប់គេមកសិក្សាមើល ដោយធ្វើយ៉ាងណាឲ្យវាសមមូលនឹងច្បាប់ប្រទេសដទៃ»។
ទាក់ទងនឹងច្បាប់នេះ មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធមនុស្សអាដហុក លោក សឹង សែនករុណា យល់ឃើញថា បើរដ្ឋាភិបាលតែងច្បាប់នេះឡើង ដើម្បីដោះស្រាយបញ្ហានៅតាមសាធារណៈដូចការលើកឡើងមែននោះ វាជារឿងល្អ ព្រោះបញ្ហាយកចិញ្ចើមផ្លូវ ទៅធ្វើជាកម្មសិទ្ធសម្រាប់កន្លែងរកស៊ីនេះ កំពុងក្លាយជាប្រធានបទរសើប ដែលរដ្ឋាភិបាលធ្លាប់រងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋច្រើនមកហើយ។
លោក ករុណា បានលើកឡើងដូច្នេះថា៖«យើងគិតថាច្បាប់ដែលបង្កើតមកក្នុងន័យរៀបចំសណ្ដាប់ធ្នាប់សាធារណៈហ្នឹង វាជារឿងល្អមួយ ព្រោះយើងយល់ឃើញថា ការប្រើប្រាស់ចិញ្ចើមផ្លូវក្នុងរូបភាពផ្សេងៗ វានៅមានភាពអនាធិបតេយ្យច្រើន ដែលអ្នកប្រើប្រាស់ហ្នឹង មិនបានគោរពទៅសិទ្ធិប្រជាពលរដ្ឋផ្សេងទៀត ដែលត្រូវប្រើប្រាស់ផ្លូវ ទីតាំងសាធារណៈផ្សេងៗ នៅក្នុងរាជធានីក្តី ខេត្តក្តីនៅមានការលំបាកច្រើន ដែលភាគច្រើនគ្រប់គ្រងដោយប្រជាពលរដ្ឋមួយចំនួន ដែលគិតពីប្រយោជន៍ខ្លួន ជាជាងប្រយោជន៍សាធារណៈ»។
តែយ៉ាងណាមន្ត្រីជាន់ខ្ពស់សមាគមអាដហុករូបនេះ នៅតែព្រួយបារម្ភថា រដ្ឋាភិបាលអាចយកច្បាប់នេះ ធ្វើជាខែល ដើម្បីរិតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ តាមរយៈការចងក្រងខ្លឹមសារ អំពីការជួបជុំបញ្ចេញមតិ និងការដើរដង្ហែរក្បួនតវ៉ាតាមដងផ្លូវជាដើម។
«បើនិយាយពីច្បាប់ វាអាចជាអាវុធមុខពីរដែរ ព្រោះកាលយើបង្កើតច្បាប់មួយ ដែលមិនបានគិតគូសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ វាជាការរំលោភបំពានហើយ។ តែបើយើងបង្កើតច្បាប់មួយ ក្នុងន័យការពារផលប្រយោជន៍រួម ការពារសិទ្ធសេរីភាពប្រជាពលរដ្ឋ ខ្ញុំថាវាជារឿងល្អប្រសើរ។ តែបើយើងនិយាយពីការប្រើប្រាស់សណ្ដាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធនឹងការទាមទារ ការតវ៉ាទាំងអស់នោះ ខ្ញុំយល់ថា (រដ្ឋាភិបាល) គួរតែពិនិត្យមើលលើកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ក្នុងមាត្រា១៩ ហើយក៏មានសេចក្តីពន្យល់របស់អង្គការសហប្រជាជាតិមួយទៀត។…។ នេះជាការលើកឡើងរបស់លោក ករុណា ដែលស្នើឲ្យរដ្ឋាភិបាល ដែលជាប្រទេសហត្ថលេខីនៅក្នុងអនុសញ្ញាទាំងនោះ ត្រូវរៀបចំច្បាប់ធ្វើយ៉ាងណា គិតពីប្រយោជន៍ពលរដ្ឋ ជាងការពង្រឹងអំណាចខ្លួន។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បដិសេធថា ច្បាប់សណ្ដាប់ធ្នាប់សាធារណៈនេះ នឹងមិនចែងពាក់ព័ន្ធនឹងការធ្វើបាតុកម្ម ឬតវ៉ាតាមផ្លូវនោះទេ។ បើតាមលោក អ៊ុក គឹមលេខ មុននឹងសម្រេចអនុម័តច្បាប់នេះ ក្រសួងមហាផ្ទៃ ក៏នឹងដាក់ឲ្យសង្គមស៊ីវិល និងដៃគូរពាក់ព័ន្ធទាងអស់ ត្រួតពិនិត្យ និងផ្ដល់មតិយោបល់លើច្បាប់នេះផងដែរ។ «ចំណងជើងច្បាប់នេះ គឺវាងាយស្រួលយល់ទេ សណ្ដាប់ធ្នាប់សាធារណៈ បានន័យថា យើងធ្វើអ្វីៗឲ្យមានសណ្ដាប់ធ្នាប់ គឺត្រូវគោរពច្បាប់។ ហើយវាមិនមែនជាការហាមឃាត់អី ការជួបជុំ(តាមសាធារណៈ) ក៏មិនពាក់ព័ន្ធដល់ហ្នឹងទេ នេះគឺទី១។ ហើយទី២ តាមច្បាប់នេះ យើងដាក់ឆ្លងជាសាធារណៈ បានន័យថា យើងមិនមែនលួចធ្វើទេ គឺយើងដាក់ឆ្លងដើម្បីមានធាតុចូល ដើម្បីឲ្យមានយោបល់ចូលរួមសហការទាំងអស់គ្នា គឺធ្វើដើម្បីយើងទាំងអស់គ្នា»។ នេះជាការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា គម្រោងបង្កើតច្បាប់សណ្ដាប់ធ្នាប់សាធារណៈនេះ ធ្វើឡើងក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសចង់ឲ្យច្បាប់ដោយឡែក ដើម្បីដោះស្រាយបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ចរាចរណ៍ នៅតាមដងផ្លូវសាធារណៈ កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងមក៕