ជាតិ
សង្គមជាតិ
ស្ថាប័ន​ផ្នែក​កុមារ តឿន​អាណាព្យាបាល កុំ​ឲ្យ​ទុក​ក្មេង​ចោល ចៀសវាង​ការរំលោភ​សម្លាប់​
01, Jun 2019 , 7:39 am        
រូបភាព
រូបពីក្រុមប្រឹក្សាជាតិដើម្បីកុមារ
រូបពីក្រុមប្រឹក្សាជាតិដើម្បីកុមារ
 ​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​អំពាវនាវ​ឲ្យ​ឪពុកម្ដាយ​គ្រប់រូប យកចិត្តទុកដាក់ ដោយមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ជាពិសេស​មិនត្រូវ​ទុក​កូន​ឲ្យ​នៅ​ម្នាក់ឯង​គ្មាន​មនុស្សពេញវ័យ​មើលថែ​ទេ​។ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ អំពាវនាវ​បែបនេះ ក៏​ព្រោះតែ​បារម្ភ​ពី​ការកើតឡើង​នូវ​ករណី​រំលោភ​សម្លាប់​លើ​កុមារី​ឬ​ក្មេងស្រី​តូចៗ​។
 
​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​ថ្កោលទោស​យ៉ាង​ដាច់​អហ​ង្សា​រ ចំពោះ​ករណី​រំលោភ​សម្លាប់​លើ​កុមារី​ម្នាក់​អាយុ​១០​ឆ្នាំ ហើយ​ប្អូនប្រុស​របស់​នាង ដែលមាន​អាយុ​ទើបតែ​២​ឆ្នាំ ក៏ត្រូវ​បានសម្លាប់​ដែរ  កាល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ខេត្ត​ព្រះសីហនុ​។ តាម​សេចក្ដីថ្លែងការណ៍​ចេញ​នៅ​ថ្ងៃទី​៣០ ខែឧសភា ស្ថាប័ន​ជាតិ​ផ្នែក​កុមារ​មួយ​នេះ ចាត់ទុក​ករណី​ខាងលើ ថា​ជា​អំពើ​ឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែល​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ សេចក្ដីថ្លៃថ្នូរ ប្រយោជន៍​របស់​កុមារ និង​ធនធានមនុស្ស​សម្រាប់​អនាគត​របស់​ប្រទេស​។​
 
​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​យក​ករណី​ដ៏​គួរ​តក់​ស្ល​ត់​នេះ ទៅ​ដាស់តឿន​ដល់​ឪពុកម្ដាយ​គ្រប់រូប ឲ្យ​មាន​ស្មារតី​ទទួលខុសត្រូវ ហើយ​ពុំ​ត្រូវ​ទុក​កូន​ឲ្យ​នៅ​ម្នាក់​ឡើយ​។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ក្រសួង ស្ថាន​ប័ន​ពាក់ព័ន្ធ​ទាំងអស់ ចាត់វិធានការ​តាមច្បាប់​លើ​ឧក្រិដ្ឋជន ដែល​បង្ក​ប្រព្រឹត្ត​បទល្មើស​ខាងលើ ឲ្យ​សម​នឹង​ស្ថាន​ទម្ងន់ទោស​។ ការធ្វើ​បែបនេះ ដើម្បី​កុំ​ឲ្យ​មាន​អំពើ​ឃោរឃៅ​ដូចខាងលើ​កើតមាន​បន្តទៀត​។ 
 
​មកដល់ពេលនេះ សមត្ថកិច្ច មិនទាន់​ចាប់បាន​ឃាតក ដែល​សម្លាប​ក្មេងប្រុស​-​ស្រី​ទាំងពីរ​នាក់ បាន​នៅឡើយ​ទេ​។ ប៉ុន្តែ លោក ជួន ណា​រិន្ទ ប្រាប់ថា សមត្ថកិច្ច កំណត់​មុខសញ្ញា​ជនល្មើស​នោះបាន​ហើយ​៕ 
 
 

Tag:
 ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​
  ឃាតកម្ម​
  រំលោភ​សម្លាប់​
© រក្សាសិទ្ធិដោយ thmeythmey.com