ភ្នំពេញ៖ តម្លៃកូនក្រពើ ដែលឈ្មួញប្រមូលទិញនៅតាមកសិដ្ឋាននានា ដើម្បីនាំចេញទៅវៀតណាមនៅតែបន្តធា្លក់ចុះនៅត្រឹមរង្វង់៧ដុល្លារក្នុង១ក្បាល។ បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ទីផ្សារកូនក្រពើបានធា្លក់ចុះខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសក្នុងឆ្នាំ២០១៩នេះតែម្តង ហើយក្រៅវៀតណាម គឺគ្មានប្រទេសបញ្ជាទិញឡើយ។
បន្ទាប់ពីតម្លៃកូនក្រពើចេះតែបន្តធា្លក់ថ្លៃមក លោក ណាំ សីហា អ្នកចិញ្ចឹមក្រពើម្នាក់ ក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានកាត់បន្ថយការចិញ្ចឹមក្រពើ ដោយបច្ចុប្បន្ន ក្រពើរបស់លោក នៅសល់តែជិត៥០ក្បាលប៉ុណ្ណោះ។ ក្នុងចំណោមក្រពើទាំងនោះ មានមេសម្រាប់បង្កើតកូនយកទៅលក់ត្រឹម១០ក្បាល។ លោក ណាំ សីហា ប្រាប់សារព័ត៌មាន ThmeyThmey ថា រាល់ថ្ងៃទីផ្សារកូនក្រពើដែលឈ្មួញមកចុះទិញនៅខេត្តបាត់ដំបងយកទៅប្រទេសវៀតណាម មានតម្លៃត្រឹម៧ដុល្លារក្នុង១ក្បាល ដែលតម្លៃនេះគិតត្រឹមកូនក្រពើញាស់ចេញពីសំបកបានមួយសប្តាហ៍។
លោក មានប្រសាសន៍ដូច្នេះថា «មែនទែនទៅតម្លៃកូនក្រពើបានធា្លក់ចុះប៉ុន្មានឆ្នាំចុងក្រោយនេះមកហើយ ប៉ុន្តែតម្លៃវាបាននៅជុំវិញ១០ដុល្លារក្នុងមួយក្បាល ដែលទីផ្សារឡើងចុះ...ឡើងចុះ...ទៅតាមឈ្មួញដែលចុះមកទិញ។ រហូតដល់ឆ្នាំ២០១៩នេះ តម្លៃកូនក្រពើមួយក្បាលលក់បានធ្លាក់នៅត្រឹម៦-៧ដុល្លារ។ តម្លៃកូនក្រពើចេះតែធ្លាក់ចុះ ប៉ុន្តែចំណីដែលទិញឱ្យក្រពើស៊ី គឺចេះតែឡើងថ្លៃ»។
![](https://image.thmeythmey.com/pictures/2019/06/23/thumb2/1.jpg)
ការធា្លក់ថ្លៃនៃកូនក្រពើទាំងនោះ បានធ្វើឱ្យលោក សីហា ស្ទើរទាំងបាត់បង់ទឹកចិត្តទាំងស្រុងក្នុងការចិញ្ចឹមក្រពើបន្តទៀត ព្រោះម្ចាស់កសិដ្ឋានដែលធា្លប់មានក្រពើរាប់រយក្បាលរូបនេះ បែរជានៅសល់មិនត្រឹម៥០ក្បាលផងនៅក្នុងអាង។ ក្នុងនោះមានមេក្រពើចិញ្ចឹមយកកូន នៅជាង១០ក្បាលប៉ុណ្ណោះ។ លោកនិយាយដូច្នេះថា៖«ពីមុន កូនក្រពើ១ក្បាល ខ្ញុំលក់បាន៣០ទៅ៥០ដុល្លារ។ ត្រីដែលជាចំណីឱ្យក្រពើស៊ីមានតម្លៃត្រឹម១ពាន់រៀលក្នុង១គីឡូក្រាម តែពេលនេះ ចំណីក្រពើឡើង១គីឡូ៥ពាន់រៀល បែរជាតម្លៃកូនក្រពើលក់មិនបាន១០ដុល្លារផងក្នុង១ក្បាល។ រាល់ឆ្នាំ ខ្ញុំអាចចំណេញប្រាក់បាន១ម៉ឺនដុល្លារ ប៉ុន្តែឆ្នាំនេះ បើបានត្រឹម៥ពាន់ដុល្លារ គឺល្អហើយ»។
ពីរ-បីឆ្នាំចុងក្រោយនេះ កូនក្រពើធ្លាក់ថ្លៃ ដោយសារតែឈ្មួញប្រមូលទិញទៅប្រទេសថៃ បានឈប់បញ្ជាទិញ ជាមួយតម្លៃស្បែកក្រពើក៏គ្មានទីផ្សារផងដែរ នាពេលបច្ចុប្បន្ន។ ក្រោយប្រទេសថៃបានឈប់បញ្ជាទិញ មានតែប្រទេសវៀតណាមតែមួយគត់ ជាទីផ្សារធំនាំចូលកូនក្រពើចំនួនរាប់សិបម៉ឺនក្បាលក្នុងមួយឆ្នាំៗពីកម្ពុជា។ ជាក់ស្តែងវៀតណាម ជាប្រទេសដែលបញ្ជាទិញកូនក្រពើពីកម្ពុជា សម្រាប់ចិញ្ចឹមយកស្បែក ដើម្បីផ្គត់ផ្គង់តម្រូវស្បែកក្រពើ ពីសំណាក់ការបញ្ជាទិញរបស់បណ្តាប្រទេស ក្នុងពិភពលោក។ ចំពោះតម្លៃកូនក្រពើនៅកម្ពុជាទាបឬខ្ពស់ គឺពឹងផ្អែកទាំងស្រុងទៅលើទីផ្សាររបស់វៀតណាម ថាស្បែកក្រពើរបស់វៀតណាម មានការបញ្ជាទិញពីប្រទេសច្រើន ឬអត់។ ប្រសិនបើទីផ្សារស្បែកក្រពើនៅវៀតណាមគ្មាន នោះតម្លៃកូនក្រពើនៅកម្ពុជា គឺធា្លក់ទៅតាមហ្នឹងផងដែរ។ នេះជាសម្តីរបស់លោក ពែក ឈុនលី ជាអ្នកចិញ្ចឹមក្រពើម្នាក់ទៀត នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
![](https://image.thmeythmey.com/pictures/2019/06/23/thumb2/3.jpg)
ក្រៅពីយកកូនក្រពើដែលខ្លួនចិញ្ចឹមផ្ទាល់ លោក ឈុនលី ក៏បានប្រមូលទិញកូនក្រពើ និងស្បែកក្រពើក្នុងស្រុកមួយចំនួនទៅឱ្យលក់នៅវៀតណាមផងដែរ។ បច្ចុប្បន្នតម្លៃកូនក្រពើដែល លោក ឈុនលី យកទៅឱ្យឈ្មួញវៀតណាម គឺចាប់ពី៥ដល់៧,៨ដុល្លារ ដែលអាស្រ័យទៅលើគុណភាព និងរូបរាងកូនក្រពើទាំងនេះ។
លោក ឈុនលី ដែលរកសីខាងចិញ្ចឹមនិងលក់ក្រពើជាង១០ឆ្នាំមកហើយនោះ បាននិយាយដូច្នេះថា៖«កូនក្រពើបានធា្លក់នៅត្រឹមតម្លៃនេះ ដោយសារតែ ការផ្គត់ផ្គង់កូនក្រពើកម្ពុជា ទៅវៀតណាតកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ អ្វីដែលធ្វើឱ្យធ្លាក់ថ្លៃខ្លាំងបំផុតនោះ គឺទីផ្សារស្បែកក្រពើស្ងាត់នៅវៀតណាមគឺស្ងាត់តែម្តង។ ស្បែកក្រពើដែលខ្ញុំប្រមូលទិញក្នុងស្រុកបានតិចតួចយកទៅវៀតណាម គឺគេមិនទិញទាល់តែសោះ។ ដូចទីផ្សារស្បែកក្រពើបច្ចុប្បន្ន ប្រទេសផ្សេងៗមិនបញ្ជាទិញពីរៀតណាមអចអ៊ីចឹង»។
![](https://image.thmeythmey.com/pictures/2019/06/23/thumb2/8.jpg)
លោក ឈុនលី ប្រាប់សារព័ត៌មាន ThmeyThmey ថា ឆ្នាំ២០១៩នេះ តម្លៃកូនក្រពើថោក ហើយក្រពើដែលកើតពងមកគឺខូចច្រើនជាងរាល់ឆ្នាំទៀត ព្រោះតែអាកាសធាតុក្តៅពេក។ រីឯចំណីសម្រាប់ឱ្យក្រពើស៊ី ក៏បានឡើងថ្លៃទៀត។ លោកបានបន្តថា នៅពេលដែលកូនក្រពើលក់បានតម្លៃ២០-៣០ដុល្លារក្នុង១ក្បាល គ្រាន់តែញាស់ពីសំបកពងបានពីរ បីថ្ងៃគេយកអស់ៗហើយ។
ជាមួយគ្នានេះ តម្លៃកូនក្រពើនៅក្នុងទឹកដីខេត្តសៀមរាប ក៏ស្ថិតមិនឆ្ងាយពីតម្លៃកូនក្រពើនៅខេត្តបាត់ដំបងដែរ។ មូលហេតុដែលធ្វើឱ្យកូនក្រពើធា្លក់ថ្លៃ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ លោក ណៅ ខូវ ក៏បានលើកឡើងមិនខុសពីអ្នកខាងប៉ុន្មានទេ។ ក្រៅពីចំនួនផ្គត់ផ្គង់កូនក្រពើទៅវៀតណាមមានកាន់តែច្រើន និងតម្រូវការស្បែកក្រពើគ្មានទីផ្សារ ធ្វើឱ្យតម្លៃកូនក្រពើក្នុងស្រុកធ្លាក់ថ្លៃ លោក ណៅ ខូវ បានផ្តោតខ្លាំងទៅលើប្រភពនាំចេញកូនក្រពើរបស់កម្ពុជា គឺមានតែទីផ្សារប្រទេសវៀតណាមមួយគត់។
លោក ណៅ ខូវ បានលើកឡើងបែបនេះថា៖«សព្វថ្ងៃគ្មានប្រទេសណាក្រៅពីវៀតណាម មកបញ្ជាទិញកូនក្រពើពីយើងនោះទេ សូម្បីតែថៃក៏លែងទិញកូនក្រពើពីយើងដែរ។ ដូច្នេះ យើងពឹងផ្អែកទាំងស្រុងលើទីផ្សារវៀតណាម។ បើទីផ្សារស្បែកក្រពើគេគ្មានហាងឆេង ចង់មិនចង់តម្លៃកូនក្រពើយើងគឺចុះថោកទៅតាមគេហើយ។ បើយើងមិនព្រមលក់ក្នុងតម្លៃទាំងនេះ ក្រពើកាន់តែធំ យើងចំណាយកាន់តែច្រើន ទាំងការទិញចំណីឱ្យក្រពើស៊ី ការថែទាំ និងការធ្វើអាងសម្រាប់បំបែបក្រពើជាដើម ខណៈទីផ្សារស្បែកក្រពើគ្មានលំនឹងបែបនេះ គឺយើងមិនទុកកូនក្រពើទាំងនោះទេ»។
![](https://image.thmeythmey.com/pictures/2019/06/23/thumb2/4.jpg)
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើជាង២០ឆ្នាំរូបនេះ បន្តថា ក្នុងមួយឆ្នាំ អាចនាំចេញកូនក្រពើបាន៦ទៅ៧ម៉ឺនក្បាល ទៅប្រទេសវៀតណាម។ ដោយឡែកចំពោះកូនក្រពើកាលឆ្នាំ២០១៨ បានឡើងចុះៗ ដែលធា្លក់នៅតម្លៃទាបបំផុត៩ដុល្លារ ក្នុង១ក្បាល។
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើទាំងនេះ បានអះអាងថា កូនក្រពើធ្លាក់ថ្លៃក៏ពិតមែន ប៉ុន្តែពួកគាត់នៅតែចំណេញ គ្រាន់តែតិចតួច។
ពាក់ព័ន្ធនឹងតម្លៃកូនក្រពើធា្លក់ថ្លៃនេះ លោក អេង ជាសាន ប្រធានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទយ៉ាងខ្លីថា៖« ការធា្លក់ថ្លៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ គឺមិនមែនតែកម្ពុជានោះទេ សូម្បីតែ វៀតណាម និងថៃ ក៏ធ្លាក់ថ្លៃផងដែរ»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងកាលពីខែមករា ឆ្នាំ២០១៩ ថា កម្ពុជា បាននាំចេញកូនក្រពើប្រមាណ៣២ម៉ឺនក្បាលក្នុងមួយឆ្នាំៗ ទៅកាន់ទីផ្សារប្រទេសថៃ និងវៀតណាម៕
![](https://image.thmeythmey.com/pictures/2019/06/23/thumb2/6.jpg)
![](https://image.thmeythmey.com/pictures/2019/06/23/thumb2/7.jpg)