ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចៀស​ផុតពី “​ជំងឺ​ពុក​ឆ្អឹង​” គួរ​ទទួលទាន​អ្វី​ខ្លះទៅ​?
14, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សុខភាព​ឆ្អឹង​រឹងមាំ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាងកាយ​ទាំងមូល​ល្អប្រសើរ​ដោយ​ជួយ​ការពារ​គ្រប់​សរីរាង្គ​ខាងក្នុង រួមទាំង​សាច់ដុំ ហើយ​អាច​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​។​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងថា កាល់ស្យូម ជា​សារធាតុ​ដ៏​សំខាន់​ក្នុងការ​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​។ ទោះជា​យ៉ាងណា​ប្រូតេអ៊ីន ប៉ូ​តា​ស្យូ​ម​, beta-carotene ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន​ផ្សេងៗ​ដទៃទៀត​ក៏​សំខាន់​ជួយ​ធ្វើឱ្យ​ឆ្អឹង​កាន់តែ​រឹងមាំ​ឡើង​ផងដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ឬ​បន្ថែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​ទប់ស្កាត់ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ប្រសើរ ៖

១. ស៊ុត​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D ដែល​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​ជួយ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​។ វីតាមីន D ជួយ​រាងកាយ​ក្នុងការ​ស្រូបយក​ជាតិ​កាល់ស្យូម​ពី​អាហារ​ផ្សេងៗ​ដែល​អ្នក​បាន​ទទួលទាន​។​
 
២. បន្លែ​បៃតង
 
​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម និង​វីតាមីន A រួមទាំង​សារធាតុចិញ្ចឹម​ចាំបាច់​ជាច្រើន​ផ្សេងទៀត​ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ឆ្អឹង​រឹងមាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រសើរ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​ផងដែរ​។​
 
៣. គ្រាប់ល្ង​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​រក្សា​សុខភាព​សន្លាក់​ល្អប្រសើរ​ជៀស​
​ផុតពី​ការឈឺចាប់ និង​រលាក​។ លើសពីនេះទៅទៀត គ្រាប់ល្ង ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ខុសៗ​គ្នា​ជាច្រើន​ដែល​ជួយ​បង្កើន​សុខភាព​ឆ្អឹង រួមបញ្ចូល​ទាំង​ផូស្វ័រ​, ម៉ាញ៉េ​ស្យូ​ម​, វីតាមីន D, វីតាមីន k និង​កាល់ស្យូម​។​
 
៤. គ្រាប់​អាល់​ម៉ុ​ន​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​កាល់ស្យូម រួមទាំង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង និង​សន្លាក់​គួរអោយកត់សម្គាល់​។ អ្នកជំនាញ​ជាច្រើន​និយាយថា គ្រាប់​អាល់​ម៉ុ​ន ១ ពែង មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ច្រើនជាង​ទឹកដោះគោ​ស្រស់ ១ កែវ​ទៅទៀត​។​
 
៥. ត្រី​សាល​ម៉ុ​ន និង​ត្រី​សា​ឌី​ន​កំប៉ុង​
 
​ចង់ដឹង​មែន​ទេ​ថា​អ្វីដែល​ធ្វើ​ត្រី​សាល​ម៉ុ​ន និង​ត្រី​សា​ឌី​ន​កំប៉ុង​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​កាល់ស្យូម​? នោះ​ក៏​ព្រោះតែ​ឆ្អឹង​នៃ​ត្រី​កំប៉ុង​ទាំងពីរ​នេះ​អាច​ទទួលទាន​បាន​! ក៏​មិន​ខុសពី​ឆ្អឹង​របស់​មនុស្ស​ដែរ ឆ្អឹង​ត្រី គឺជា​ផ្នែក​ដែលមាន​ផ្ទុក​ជាតិ​កាល់ស្យូម​ច្រើន​បំផុត​ក្នុង​ខ្លួន​ត្រី​។ ក្រៅពី​ជាតិ​កាល់ស្យូម ត្រី​សាល​ម៉ុ​ន និង​ត្រី​សា​ឌី​ន មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយទៀត​សម្រាប់​សុខភាព​ធ្មេញ និង​ឆ្អឹង​នោះ គឺ​វីតាមីន D​។ ត្រី​សាល​ម៉ុ​ន និង​ត្រី​សា​ឌី​ន ក៏​ជា​ប្រភព​ដ៏​ល្អប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​ល្អ​អូ​មេ​ហ្គា ៣ ដែលមាន​សមត្ថភាព​ទ​ប់​ទល់នឹង​ការ​រលាក​ផងដែរ​។ ដូចដែល​បានដឹងហើយថា ការ​រលាក​ភាគច្រើន គឺ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​បញ្ហា​ឆ្អឹង​ចុះខ្សោយ​។​
 
 ៦. ផ្កា​ខាត់ណា​
 
​ផ្កា​ខាត់ណា​មាន​ផ្ទុក​វីតាមីន C ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ផលិត​កូ​ឡា​ជែ​ន​ជួយ​ការពារ​សន្លាក់​និង​ឆ្អឹង​ពី​ការ​រលាក​។ លើសពីនេះទៅទៀត វា​ក៏​ជា​ប្រភព​នៃ​វិ​តា​មីន K ដែល​ដើរតួនាទី​ជួយ​ក្នុងការ​ទប់ស្កាត់​បញ្ហា​បាត់បង់​ម៉ាស​នៃ​ឆ្អឹង​ចំពោះ​ទាំង​បុរស​និង​ស្ត្រី​។​
 
៧. ផ្លែ​បឺ​រ​
 
​ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន K ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​ដោយ​វា​ជួយ​បង្កើន​ការ​ស្រូប​យកជាតិ​កាល់ស្យូម​របស់​រាងកាយ​និង​កាត់បន្ថយ​ការបញ្ចេញ​កាល់ស្យូម​ច្រើនពេក​តាមរយៈ​ទឹកនោម​។​
 
៨. ទឹកដោះគោ​ស្រស់​
 
​ភេសជ្ជៈ​នេះ​នៅតែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់​ស​ស្យូ​ម​។ ទឹកដោះគោ​ក៏មាន​ផ្ទុក​សារធាតុចិញ្ចឹម​ដទៃទៀត រួមបញ្ចូល​ទាំង​វីតាមីន B12 វីតាមីន D និង​ជាតិ​រ៉ែ​ដូចជា​ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម និង​ផូស្វ័រ​ផង​
​ដែរ​។​
 
៩. ពោត​បារាំង​
 
​បរិមាណ​នៃ​សារធាតុ folate រួមទាំង​វីតាមីន K នៅក្នុង​ពោត​បារាំង​ជួយ​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​និង​មាន​ដង់ស៊ីតេ​ត្រឹមត្រូវ​ទប់ស្កាត់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ប្រសើរ​។​
 
១០. ស្ពៃក្ដោប​
 
​ការ​ទទួលទាន​ស្ពៃក្ដោប​អាចជួយ​ទប់ស្កាត់ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​បាន​។ នោះ​ក៏​ព្រោះតែ​បន្លែ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​ចាំបាច់​ជាច្រើន​សម្រាប់​សុខភាព​ឆ្អឹង​រឹងមាំ​ដូចជា ជាតិ​កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម វីតាមីន K និង​ម៉​ង់​កា​ណែ​ស​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com