អន្តរជាតិ
ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​៖ ប្រេ​ស៊ី​ល ព្រម​ទទួល​លុយ​របស់ G7 តែ​ដាក់​លក្ខខណ្ឌ​
28, Aug 2019 , 2:54 pm        
រូបភាព
ប្រភពAFP
ប្រភពAFP
​ប្រធានាធិបតី​ប្រេ​ស៊ី​ល ជែ បុល​សូ​ណា​រ៉ូ (Jair Bolsonaro) នៅ​ថ្ងៃទី​២៧ ខែសីហា បាន​និយាយថា លោក​នឹង​ពិចារណា​ទទួលយក​ជំនួយ​ទឹកប្រាក់​របស់​ក្រុម​ប្រទេស G7 ដើម្បី​ស្រោចស្រង់​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ ប៉ុន្តែ​លោក បានដាក់​លក្ខខណ្ឌ​ឲ្យ​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដក​ពាក្យ​មើលងាយ​រូបលោក​ជាមុនសិន ទើប​ប្រេ​ស៊ី​ល​គិតគូរ​ពី​ជំនួយ ២០​លាន​ដុល្លារ ក្នុង​ការជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ 

​ថ្មីៗ​នេះ​ប្រធានាធិបតី​បារាំង និង​ប្រេ​ស៊ី​ល បាន​ទាស់ទែង​គ្នា​យ៉ាងខ្លាំង និង​ជា​សាធារណៈ​ទៀតផង​។ ពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដល់​រឿង​ផ្ទាល់ខ្លួន លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​លោក ជែ បុល​សូ​ណា​រ៉ូ បាន​ទាស់សម្តី​គ្នា បាន​គំរាមកំហែង​ដល់​ប្រតិបត្តិការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​នេះ ដ្បិត​លោក បុល​សូ​ណា​រ៉ូ ចង់​ឲ្យ​លោក ម៉ា​ក្រុង កែសម្ដី​របស់ខ្លួន​សិន ទើប​គិតគូរ​រឿង​ទទួលយក​ជំនួយ​២០​លាន​ដុល្លារ​ដែល​ប្រមូល​ដោយ​ប្រទេស​រីកចម្រើន​ទាំង​៧​។ 
 
«​ជាដំបូង លោក​ម៉ា​ក្រុង​ត្រូវតែ​ដក​ពាក្យ​ប្រមាថ​របស់គាត់​។ គាត់​បាន​ហៅ​ខ្ញុំ​ថា​ជា​មនុស្ស​កុហក​។ មុនពេល​យើង​និយាយ ឬ​ទទួល​អ្វី​ពី​បារាំង​... លោក ម៉ា​ក្រុង ត្រូវតែ​ដក​ពាក្យសម្តី​ទាំងនោះ ហើយ​យើង​នឹង​ជជែក​គ្នា​»​។ នេះ​ជា​អ្វីដែល​លោក​ប្រធានាធិបតី​ប្រេ​ស៊ី​លវ័យ​៦៤​រូបនេះ ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ទីក្រុង​ប្រា​ស៊ី​លី​យ៉ា ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​អត្រា​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៅ​ឆ្នាំ​២០១៩ បាន​កើនឡើង​ខ្ពស់ជាង​ឆ្នាំ​ណាៗ​ទាំងអស់ បើ​គិត​ចាប់ពី​ឆ្នាំ​២០១៣ មក ហើយ​តួលេខ​នេះ​ទៀតសោត គឺ​កើន​ដល់​៧៩​ភាគរយ​រហូតមកដល់​ថ្ងៃទី​២៥ ខែសីហា​។ ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន បង្កអោយមាន​វិបត្តិ​ខ្លាំងណាស់​សម្រាប់​រដ្ឋាភិបាល​ស្តាំនិយម​ជ្រុល​របស់លោក បុល​សូ​ណា​រ៉ូ ។ លោក​ប្រឈមមុខ​ការបាត់បង់​សំឡេងគាំទ្រ​នៅក្នុង​ប្រទេស កាន់តែ​ឯកា​លើ​ឆាក​អន្តរជាតិ និង​បង្ក​ការគំរាមកំហែង​ដល់​ការ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ​។ 
 
​ទាស់​គ្នា​ជាមួយ​បារាំង តែ​រដ្ឋបាល​លោក បុល​សូ​ណា​រ៉ូ ទទួលបាន​ការគាំទ្រ​ពី​អាមេរិក​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សរសេរ​សារ​នៅលើ Twitter ថា លោក បុល​សូ​ណា​រ៉ូ ធ្វើការ​ខ្លាំងណាស់​ក្នុងការ​ប្រឆាំង​ជាមួយ​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន និង​ធ្វើការ​យ៉ាង​អស្ចារ្យ​សម្រាប់​ប្រជាជន​ប្រ​ស៊ី​ល​របស់គាត់​។ វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​។ 
 
​ការលើកឡើង​របស់​ត្រាំ​ដូចនេះ គឺ​វា​មិនមាន​អ្វី​ចម្លែក​ទេ ព្រោះ​ប្រធានាធិបតី​ទាំងពីរ គឺមាន​គំនិត​ស្ទើរតែ​ដូចគ្នា និង​មានការ​គាំទ្រ​គ្នា​ទៅវិញទៅមក​។ កន្លងមក លោក បុល​សូ​ណា​រ៉ូ ត្រូវបាន​គេ​ចាត់ទុកជា​លោក ត្រាំ ប្រេ​ស៊ី​ល​ទៀតផង​។​
 
​សូមបញ្ជាក់ថា ក្រុម​ប្រទេស G7 បាន​សន្យា​ផ្តល់ប្រាក់​ប្រមាណ​ជា ២០​លាន​ដុល្លារ​ក្នុង​ការជួយ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ ដែលជា​ព្រៃ​ទាក់ទាញ​ទឹកភ្លៀង​ដ៏​ធំជាងគេ​នៅលើ​ពិភពលោក​។ ប៉ុន្តែ​មូលនិធិ​មួយ​នេះ ត្រូវបាន​លោក​ប្រធានាធិបតី​ប្រេ​ស៊ី​ល បដិសេដ​មិន​ទទួលយក​ដោយសារតែ​ការ​ទាស់សម្តី​គ្នា​ជាមួយ​ប្រធានាធិបតី​បារាំង​៕
 

Tag:
 ប្រេ​ស៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com