ជាតិ
រដ្ឋសភា​ចូល​បវេសនកាល​វិញ
04, Oct 2019 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋសភា​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៤ ខែតុលា​នេះ បាន​បើក​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន​សមា​ជិ​ក​ពេល​ផ្តើម​សម័យប្រជុំ ចំនួន​១០៧​រូប​។ ព្រះករុណា ព្រះមហាក្សត្រ ក៏​បានចេញ​ព្រះរាជសារ​អបអរសាទរ នា​ថ្ងៃ​បើក​បវេសនកាល​សភា​នេះ​ផងដែរ​។​


​ក្រោយ​បិទ​សម័យប្រជុំ​លើក​ទី​២ កាលពី​ថ្ងៃទី​៤ ខែកក្កដា កន្លងមក សភា​បាន​សម្រាក​វិស្សមកាល​រយៈពេល​៣​ខែ មុននឹង​ឈានដល់​ការបើក​សម័យប្រជុំ​លើក​ទី​៣ នា​ថ្ងៃទី​៤ ខែតុលា​នេះ​។ ក្រោម​អធិបតីភាព​សម្តេច ហេង សំរិន ក្រុម​អ្នកតំណាងរាស្ត្រ​ដែលមាន​វត្តមាន បាន​ស្តាប់​របាយការណ៍ និង​ការពិភាក្សា​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ផ្សេងៗ​។​



​ក្រុម​អ្នកតំណាងរាស្ត្រ​បាន​ស្តាប់​ការអាន​ព្រះរាជសារ​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ដែលមាន​ចំនួន​២​ទំព័រ​។ «​រយៈពេល​កន្លងមកនេះ រដ្ឋសភា និង​រាជរដ្ឋាភិបាល បាន​សហការ​រួមគ្នា​យ៉ាង​យកចិត្តទុកដាក់ ក្នុង​សកម្ម​ភាពជា​ចម្បង​ដើម្បី​ថែរក្សា​នូវ​ស្ថិរភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​»​។ នេះ​បើតាម​ព្រះរាជចំណារ​របស់​ព្រះមហាក្សត្រ​។​

​របៀបវារៈ​នា​ការបើក​សម័យប្រជុំ​លើក​ទី​៣ រួមមាន​ដូចជា របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ និង​លើក​ទី​៣ ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី ស្តីពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់ សេចក្តីព្រាងច្បាប់​ស្តីពី ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សេចក្តីព្រាងច្បាប់​ស្តីពី កិច្ចការពារ​អ្នកប្រើប្រាស់ និង​សេចក្តីព្រាងច្បាប់​ស្តីពី របប​សន្តិសុខ​សង្គម​៕




Tag:
 រដ្ឋសភា​
© រក្សាសិទ្ធិដោយ thmeythmey.com