ជាតិ
សេដ្ឋកិច្ច
កម្ពុជា សង្ឃឹមថា អឺរ៉ុប នឹងពិចារណាពីការប៉ះពាល់កម្មករជិត១លាននាក់ បើព្យួរ EBA
12, Dec 2019 , 4:25 pm        
រូបភាព
រដ្ឋាភិបាលកម្ពុជា ប្រកាសថា បានឆ្លើយតបរួចហើយ ទៅនឹងរបាយការណ៍បឋមរបស់គណៈកម្មការអឺរ៉ុបស្តីពីនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញ (EBA ) ដែលបានផ្ញើមករដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលចេញនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។


ក្រសួងការបរទេសកម្ពុជា សរសេរក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖«ក្នុងចន្លោះពេលដែលគណៈកម្មការអឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា គណៈកម្មការអឺរ៉ុប នឹងពិចារណា លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវរាល់ការអនុញ្ញាតិអន្តរជាតិទាំងអស់ ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ EBA និងពិចារណាលើផលប៉ះពាល់ដល់កម្មការិនីជិតមួយលាននាក់ និងប៉ះពាល់ជាប្រយោលដល់គ្រួសាររបស់ពួកគេ ដែលទទួលបានការឧបត្ថម្ភពីប្រាក់ខែរបស់ពួកគេ, ព្រមទាំងពិចារណាលើការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកចូលផ្ទៃក្នុងកម្ពុជា»។

ក្រសួងការបរទេស អះអាងថា សេចក្តីឆ្លើយតបចុងក្រោយនេះ គឺជារបាយការណ៍គ្រប់ជ្រុងជ្រោយ អំពីសកម្មភាពនិងវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តឆ្លើយតបនឹងបញ្ហាទាំងឡាយ ដែលជាការព្រួយបារម្ភរបស់គណៈកម្មការអឺរ៉ុប ដូចជា ការគោរពសិទ្ធិមនុស្សក្នុងការចូលរួមនយោបាយ សិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិ និង សេរីភាពបង្កើតសមាគម ជាដើម។ 

កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប បាន​ផ្ញើ​របាយការណ៍​បឋម​ស្តីពី​នីតិវិធី​នៃ​ការដក EBA មកកាន់​រដ្ឋាភិបាល​ក​ម្ពុ​ជា​។ រដ្ឋាភិបាល​កម្ពុជា មាន​ពេល​១ខែ ក្នុងការឆ្លើយតប​ទៅ​គណៈកម្មការ​អឺរ៉ុប​វិញ ដោយ​គិត​ចាប់តាំងពី​ថ្ងៃ​ទទួលបាន​របាយការណ៍ រហូតដល់​ថ្ងៃទី​១២ ខែធ្នូនេះ។  

សហភាព​អឺរ៉ុប ប្រកាសថា នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ គឺមាន​រយៈពេល​គ្រប់​១​ឆ្នាំ​ហើយ ដែល​សហភាព​អឺរ៉ុប នឹង​ចេញ​របាយការណ៍​ចុងក្រោយ ហើយក៏​នឹងធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​ផងដែរ ថា ដក EBA ពី​កម្ពុជា​ជា​បណ្តោះអាសន្ន ឬ បន្ត​រក្សាទុក​។ សហភាព​អឺរ៉ុប បានចាប់ផ្តើម​នីតិវិធី​ដំបូង​ពី​រឿង​ដក​ឬ​មិន​ដក EBA នេះ តាំង​ខែកុម្ភៈ ឆ្នាំ​២០១៩​មក​។ ​

បើ​សហភាព​អឺរ៉ុប សម្រេច​ដក EBA ពិតមែន ជា​នីតិវិធី គឺ​ត្រូវការ​រយៈពេល​៦​ខែក្រោយ​មកទៀត ទើប​សេចក្តីសម្រេច​នោះ ចូល​ជា​ធរមាន​។ វា មានន័យថា ៦​ខែក្រោយ​នៃ​ការដក EBA ទើប​កម្ពុជា ចាប់ផ្តើម​បង់ពន្ធ ពេល​នាំ​ទំនិញ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​៕

Tag:
 EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com