សុខភាព
អន្តរជាតិ
ពលរដ្ឋអាល្លឺម៉ង់ពីរនាក់ដែលជម្លៀសពីវូហានមានកូរ៉ូណាវីរុស 02, Feb 2020 , 10:28 pm
មូលដ្ឋានយោធាមួយនៅអាល្លឺម៉ង់ដែលជាទីតាំងផ្ទុកមនុស្សពីវូហានដើម្បីធ្វើតេស្តិ៍។ រូបថត AFP
× ពលរដ្ឋអាល្លឺម៉ង់ពីរនាក់ក្នុងចំណោមមនុស្ស១២៤នាក់ដែលត្រូវបានជម្លៀសចេញពីក្រុងវូហាន ត្រូវបានរកឃើញថា មានជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (2019-nCoV)។ ពួកគេស្នាក់នៅមន្ទីរពេទ្យនៅក្នុង Frankfurt។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន DW។ បច្ចុប្បន្ន តួលេខអ្នកឈឺនៅអាល្លឺម៉ង់មាន១០នាក់។
អាល្លឺម៉ង់ បានយកយន្តយោធាទៅដឹកមនុស្ស១២៤នាក់ពីក្រុងវូហាន ទៅកាន់ក្រុង Frankfurt ដែលក្នុងនោះមានពលរដ្ឋអាល្លឺម៉ង់១០២នាក់។ ករណីពីរថ្មីនេះ ជាការរកឃើញលើកដំបូងលើជនជាតិអាល្លឺម៉ង់ដែលត្រូវបានជម្លៀសពីវូហាន ទីតាំងកន្លែងផ្ទុះនៃកូរ៉ូណាវីរុស ។
នៅដើមខែកម្ភៈ អាល្លឺម៉ង់បានបន្តដឹកពលរដ្ឋបប្រមាណជាង១០០០នាក់ទៀត ហើយពួកគេត្រូវបានដាក់ឲ្យនៅដោយឡែកនៅបន្ទាយយោធាមួយដើម្បីឆ្លងកាត់ការពិនិត្យធ្វើតេស្តិ៍។ ករណីដែលរកឃើញកន្លងមក មាន៨នាក់បម្រើការនៅក្រុមហ៊ុនរួមគ្នាមួយនៅរដ្ឋ Bavaria និងម្នាក់ទៀតជាសមាជិកគ្រួសាររបស់អ្នកជំងឺក្នុងចំណោម៨នាក់។
គិតត្រឹមម៉ោង១០ និង២៥នាទី យប់ថ្ងៃទី២ ខែកុម្ភៈនេះ មនុស្សជាង១៤០០០នាក់ ត្រូវបានធ្វើតេស្តិ៍រកឃើញមេរោគ ខណៈ៣០៥នាក់ស្លាប់ ហើយហ្វីលីពីនជាប្រទេសដំបូងក្រៅពីចិនដែលមានករណីមនុស្សស្លាប់។ ក្រៅពីចិន អាល្លឺម៉ង់ និងហ្វីលីពីន ប្រទេសផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុស រួមមាន ជប៉ុន ថៃ សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី សហរដ្ឋអាមេរិក វៀតណាម បារាំង អេមីរ៉ាតអារ៉ាប់រួម កាណាដា ឥណ្ឌា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ណេប៉ាល់ អេស្ប៉ាញ ស្រីលង្កា និងស៊ុយអែត៕
© រក្សាសិទ្ធិដោយ thmeythmey.com