អត្ថបទពាណិជ្ជកម្ម
ប្រាក់ចំណូល​ពី​សេវា​ដឹកជញ្ជូន​ផ្លូវអាកាស​របស់ Vietjet កើន​២៥% នៅ​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​២០១៩
04, Feb 2020 , 11:48 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០៖ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet Aviation Joint Stock Company បានប្រកាស​ពី​លទ្ធផល​អាជីវកម្ម​របស់ខ្លួន​ស​ម្រា​ប់​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​២០១៩​។ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​លើ​សេវា​ដឹកជញ្ជូន​ផ្លូវអាកាស មាន​ចំនួន​រហូតដល់​ទៅ ១០ ៥០០ ពាន់​លាន​ដុង (​ស្មើនឹង​៤៥០​លាន​ដុល្លារ​អាមេរិក​) ដែលជា​ការកើនឡើង​ដល់​ទៅ ២៥% បើ​ធៀប​ទៅនឹង​ត្រីមាស​មុន​។
 
​កំណើន​នេះ​មានន័យថា ប្រាក់ចំណូល​ក្នុង​ឆ្នាំ​២០១៩​របស់ Vietjet ពី​សេវា​ដឹកជញ្ជូន​ផ្លូវអាកាស មាន​ចំនួន ៤១ ០៩៧ ពាន់​លាន​ដុង (​ស្មើនឹង​១,៨​ពាន់​លាន​ដុល្លារ​អាមេរិក​) ដែលជា​ការកើនឡើង ២១% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨ ក្នុងនោះ​ប្រាក់ចំណេញ​មាន ៣ ៩៣៦ ពាន់​លាន​ដុង (​ស្មើនឹង​១៧៩​លាន​ដុល្លារ​អាមេរិក​) ដែលជា​ការកើនឡើង​ជិត ៣០% បើ​ធៀប​ទៅនឹង​ប្រាក់ចំណេញ​ក្នុង​ឆ្នាំ​២០១៨​។ 
 
​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ បាន​ព្យាយាម​បញ្ជា​ទិញ​យន្តហោះ​បន្ថែម​ពី​ក្រុមហ៊ុន Airbus និង​បានទទួល​យន្តហោះ​ថ្មី​ចំនួន​៧​គ្រឿង ក្នុង​ឆ្នាំ​២០១៩ ខណៈដែល​ក្រុមហ៊ុន​បានទទួល​យន្តហោះ Airbus រហូតដល់​១៦​គ្រឿងក្នុង​ឆ្នាំ​២០១៨​។ ជា​លទ្ធផល ប្រាក់ចំណូល និង​ចំណេញ​សរុប​របស់ Vietjet ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន ៥២ ០៩៥ ពាន់​លាន​ដុង (​ស្មើនឹង​២,២​ពាន់​លាន​ដុល្លារ​អាមេរិក​) និង ៥ ០១០ ពាន់​លាន​ដុង (​ស្មើនឹង​២១៦​លាន​ដុល្លារ​អាមេរិក​) រៀងៗ​ខ្លួន ដែលជា​ចំនួន​ថយចុះ​បន្តិច បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨​។ 


 
​ខណៈដែល​ក្រុមហ៊ុន Vietjet បាន​ជួល​យន្តហោះ​បន្ថែមចំនួន​៩​គ្រឿង​ទៀត យន្តហោះ​ដែល​កំពុង​ប្រតិបត្តិ​ការសរុប មាន​រហូតដល់​ទៅ​៧៨​គ្រឿង រួម​ជាមួយនឹង​រយៈពេល​នៃប្រតិបត្តិ​ការសរុប ៣២១ ០០០ ម៉ោង និង​ការហោះហើរ​ចំនួន ១៣៩ ០០០​លើក​។ 
 
​ក្រុមហ៊ុន Vietjet បាន​បង្កើត​ឲ្យ​មាន​ការវិវឌ្ឍ​ដ៏​អស្ចារ្យ​ដើម្បី​ឆ្លើយតប​ទៅនឹង​បច្ចេកវិទ្យា​ទំនើប ក្នុង​ប្រតិបត្តិការ​របស់ខ្លួន ដែលជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ដំ​ខាន់​ក្នុងការ​បង្កើនល្បឿន​អភិវឌ្ឍ និង​និរន្តរភាព​របស់​ពួកគេ​។ តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ត្រួតពិនិត្យ​ទិន្នន័យ​ហោះហើរ (FDM) ដើម្បី​គ្រប់គ្រង​បុគ្គលិក​ហោះហើរ​យ៉ាង​មាន​ប្រសិទ្ធិភាព និង​កម្មវិធី​គ្រប់គ្រង​ប្រេងឥន្ធនៈ SFCO2 ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​សន្សំសំចៃ​ប្រេងឥន្ធនៈ​ច្រើនជាង ៤,៨​លាន​គីឡូក្រាម និង​បាន​កាត់បន្ថយ​ការបញ្ចេញ​ផ្សែង​ពុល​បាន ១៥,៣​លាន​គីឡូក្រាម ក្នុង​ឆ្នាំ​២០១៩​។ 
 
​កំណើនសេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​មួយ​នេះ ក៏​កើតឡើង​ដោយសារតែ​ការប្រើប្រាស់​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព​របស់ខ្លួន​ផងដែរ ទៅលើ​ការគ្រប់គ្រង​ប្រាក់ចំណូល​បន្ទាប់បន្សំ ដែលជា​ប្រាក់ចំណូល ពី​សេវា​បន្ថែម​ផ្សេងៗ ដូចជា​តម្លៃ​លើ​សេវា​បន្ថែម ការដឹកជញ្ជូន​ទំនិញ សេវា​ក្នុង​យន្តហោះ (​អាហារ និង​ភេសជ្ជៈ​ផ្សេងៗ​) និង​ការផ្សាយពាណិជ្ជកម្ម​។ 
 
​ក្នុង​ឆ្នាំ​២០១៩ ប្រាក់ចំណូល​បន្ទាប់បន្សំ​របស់ Vietjet មាន​ចំនួន ១១ ៣៥៦ ពាន់​លាន​ដុង (​ស្មើនឹង​៤៩​លាន​ដុល្លារ​អាមេរិក​) ដែលជា​ការកើនឡើង ៣៥% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨​។ តាមរយៈ​ការអនុវត្ត​តាម​គំរូ​ផ្តោតលើ​និរន្តរភាព​របស់​ក្រុមហ៊ុន​អាកាសចរណ៍​គិតថ្លៃ​សេវា​ទាប ប្រាក់ចំណូល​បន្ទាប់បន្សំ​បាន​ក្លាយជា​កត្តា​ដ៏​សំខាន់​មួយ ក្នុង​កំណត់​ភាពជោគជ័យ​របស់ Vietjet ហើយ​បើ​យោងទៅតាម​របាយការណ៍​របស់​ក្រុមហ៊ុន​តាមដាន​ប្រាក់ចំណូល​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្បីល្បាញ CarTrawler YearBook ក្នុង​ឆ្នាំ​២០១៩ Vietjet ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​១២ ទូទាំង​ពិភពលោក បើ​ផ្អែកលើ​អត្រា​ចំណូល​បន្ទាប់បន្សំ នៅលើ​តារាង​ប្រាក់ចំណូល​ដឹកជញ្ជូន​ផ្លូវអាកាស​។ 
 
​យន្តហោះ​ទំនើបៗ​របស់ Vietjet ក៏​ជា​ប្រភេទ​យន្តហោះ​ថ្មីៗ និង​ស៊ីប្រេង​ឥន្ធនៈ​តិច​ផងដែរ ដោយ​យន្តហោះ​ទាំងនោះ​មាន​អាយុកាល​ជា​មធ្យម ២,៧៥​ឆ្នាំ ប៉ុណ្ណោះ​។ កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ បានទទួល​យន្តហោះ A321neo ACF (Airbus Cabin Flex) ១​គ្រឿង ដែលមាន ២៤០​កៅអី ដែលជា​ប្រភេទ​យន្តហោះ​ដំបូង​គេ​ក្នុង​ពិភពលោក​។ យន្តហោះ​ថ្មី​នេះ ត្រូវបាន​រចនា​ជាពិសេស ដោយមាន​កម្រិត​នៃ​ការ​សន្សំសំចៃ​នៃ​ការ​ស៊ីប្រេង​ឥន្ធនៈ​យ៉ាងហោចណាស់ ១៦% កាត់បន្ថយ​សំឡេង​រំខាន​ដល់​ទៅ ៧៥% និង​កាត់បន្ថយ​ការបញ្ចេញ​ផ្សែង​ពុល​បាន​រហូតដល់​ទៅ ៥០%​។ 


 
​នៅ​ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន មាន​គម្រោង​បន្ថែម​យន្តហោះ​ថ្មី​ប្រភេទ A321neo ចំនួន​៩​គ្រឿង​ទៀត​លើ​យន្តហោះ​របស់ខ្លួន និង​បន្ថែម​២០​គ្រឿង​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​២០២១ តទៅ​។ ជាមួយនឹង​ការ​បណ្តុំ​ទៅដោយ​យន្តហោះ​ទំនើបៗ និង​បណ្តាញ​ហោះហើរ​ដែលមាន​ការពង្រីក​ឥតឈប់ឈរ​ទូទាំង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​តំបន់​ភូមិសាស្ត្រ​ដ៏​មាន​អត្ថប្រយោជន៍​របស់​វៀត​ណា​ម កំណើន​សក្តានុពល​រប​ស់ Vietjet ពិតជា​ស្ថិតក្នុង​កម្រិត​ដ៏​ខ្ពស់​។ 
 
​បើ​យោងទៅតាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​រួមបញ្ចូល​គ្នា​របស់ Vietjet ទ្រព្យសម្បត្តិ​សរុប​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន ៤៧ ៦០៨​ពាន់​លាន​ដុង (​ស្មើនឹង​២០៥​លាន​ដុល្លារ​អាមេរិក ខណៈដែល​ទ្រព្យសម្បត្តិ​សរុប​របស់​ម្ចាស់​ក្រុមហ៊ុន មាន​ចំនួន ១៧ ៦៦១ ពាន់​លាន​ដុង (​ស្មើនឹង​៧៦​លាន​ដុល្លារ​អាមេរិក​)៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com